រាជធានីភ្នំពេញ ៖ នៅឆ្នាំ២០២៤កន្លងមកនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានរកចំណូលពីការលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន បានថវិកាប្រមាណ១៨,៥១លានដុល្លារអាមេរិក ។ នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានចែកដល់អ្នកសារព័ត៌មាន និងមន្ត្រីដែលចូលរួមក្នុងសន្និបាតក្រសួងសារធាណការ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានឲ្យដឹងថា ការងារដឹកជញ្ជូនផ្លូវគោកក្នុងឆ្នាំ២០២៤ ក្រសួងបានផ្តល់សេវាចុះបញ្ជី លិខិតអនុញ្ញាត និងអាជ្ញាបណ្ណផ្នែកដឹកជញ្ជូន ផ្លូវគោក បានចុះបញ្ជីយានយន្តចំនួន៣៧៣ ០៦៩គ្រឿង (ម៉ូតូ៣១៧ ៧១២គ្រឿង និងរថយន្ត៥៥៣៥៧គ្រឿង) កើនឡើង០,០១% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន៣៧០ ៥៧៧គ្រឿង ។
ក្រសួងសាធារណការ បានចុះបញ្ជីរថយន្តបំពាក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួនចំនួន៣០ ៣៧១គ្រឿង ទទួលបានចំណូលសរុបប្រមាណ១៨,៥១លានដុល្លារអាមេរិកកើនឡើង០,០១% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន១៨,៣៩លានដុល្លារអាមេរិក ។ បានចុះបញ្ជីយានយន្តដើរដោយថាមពលអគ្គិសនី (EV) ចំនួន៣ ១២២គ្រឿង កើនឡើង ៣១២% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៧៥៧គ្រឿង ។

បានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ចំនួន ៤៦៧ ៣៦០គ្រឿង កើនឡើង១២,៥៨% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៤១៥ ១២៩គ្រឿង ។
ជាមួយគ្នានោះដែរ ក្រសួងបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់មានចំនួន២ ៨៥១ ៥៥៨គ្រឿង ក្នុងនោះយានយន្តពិន័យមានចំនួន១ ៨០៣គ្រឿង ថយចុះ១៩,៧៦% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន២២៤៧គ្រឿង និងបានត្រួតពិនិត្យយាន យន្តកែច្នៃខុសលក្ខណៈ បច្ចេកទេស មានចំនួន៥៤ ៥២១គ្រឿង កើនឡើង ៤៦,២៦% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣៧ ២៧៦គ្រឿង ៕
ចែករំលែកព័តមាននេះ