ម្រេចកម្ពុជាដែលកាលពីឆ្នាំ២០២៤ អាចនាំចេញបានកំណើនដល់ទៅជាង១៣១ភាគរយធៀបនឹងឆ្នាំ២០២៣ ហើយនៅឆ្នាំនេះអាចនឹងបន្តមានកំណើនបន្ថែមទៀត ខណៈដែលមានសេចក្តីរាយការណ៍ថា ទិន្នផលម្រេចពិភពលោក ឆ្នាំ២០២៥ អាចនឹងមានការថយចុះ ដោយធ្វើអោយម្រេចឡើងថ្លៃនៅលើទីផ្សារពិភពលោក ។ ស្ថិតិនៃការនាំចេញដែលទទួលបានពីអគ្គនាយកដ្ឋានគយ…
ម្រេចកម្ពុជាដែលកាលពីឆ្នាំ២០២៤ អាចនាំចេញបានកំណើនដល់ទៅជាង១៣១ភាគរយធៀបនឹងឆ្នាំ២០២៣ ហើយនៅឆ្នាំនេះអាចនឹងបន្តមានកំណើនបន្ថែមទៀត ខណៈដែលមានសេចក្តីរាយការណ៍ថា ទិន្នផលម្រេចពិភពលោក ឆ្នាំ២០២៥ អាចនឹងមានការថយចុះ ដោយធ្វើអោយម្រេចឡើងថ្លៃនៅលើទីផ្សារពិភពលោក ។
ស្ថិតិនៃការនាំចេញដែលទទួលបានពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឲ្យដឹងថា ពេញមួយឆ្នាំ២០២៤ កន្លងទៅនេះកម្ពុជាអាចនាំចេញម្រេចទៅកាន់ប្រទេសទីផ្សារអន្តរជាតិនៅក្នុងតម្លៃសរុប៣៥,២៧លានដុល្លារកើនឡើងជាង១៣១ភាគរយ ធៀបនឹងការនាំចេញកាលពីឆ្នាំ២០២៣ ដែលការនាំចេញបានតម្លៃត្រឹមតែ១៥,២៣ លានដុល្លារប៉ុណ្ណោះ ។
តាមស្ថិតិដែលបានទទួលមិនបានបញ្ជាក់អំពីបរិមាណនៃផលិតផលម្រេចដែលកម្ពុជាអាចនាំចេញបាននោះទេ ។ មកដល់ពេលនេះទីផ្សារម្រេចកម្ពុជានៅតូចណាស់ បើធៀបនឹងប្រទេសជិតខាង ជាពិសេស គឺប្រទេសវៀតណាមតែម្តង ទោះបីជាកម្ពុជាមានសក្តានុពលនៅក្នុងការដាំម្រេចក៏ដោយ ។
ម្រេចកម្ពុជាមានទីផ្សារទូលំទូលាយ គឺមានតែម្រេចកំពតដែលអាចនាំចេញទៅទីផ្សារនៅក្រៅប្រទេសដូចជា កូរ៉េ ចិន ជប៉ុន អឺរ៉ុប អាមេរិក ប៉ុន្តែភាគច្រើននៃផលិតផលម្រេចនៅខេត្តផ្សេងៗដូចជា កំពង់ចាម ត្បូងឃ្មុំ និងខេត្តភូមិភាគឥសាន្តវិញ គឺភាគច្រើន នាំចេញទៅតែវៀតណាមប៉ុណ្ណោះ ។
ពាក់ព័ន្ធនឹងទីផ្សារម្រេច នៅក្នុងឆ្នាំ២០២៥នេះ តាមការផ្សាយរបស់កាសែត Vietnam News បានឲ្យដឹងថា ការនាំចេញម្រេចនៅលើពិភពលោកនៅក្នុងមួយឆ្នាំមានប្រមាណជា ៥,៥ពាន់លានដុល្លារ នៅក្នុងនោះប្រទេសដែលនាំចេញច្រើនជាងគេ គឺវៀតណាម ប្រេស៊ីល ឥណ្ឌូនេស៊ី បូគីណាហ្វាសូ ។ល។
ទិន្នផលម្រេចទូទាំងពិភពលោក នាឆ្នាំ២០២៥ ត្រូវបានសហគមន៍ម្រេចអន្តរជាតិប៉ាន់ប្រមាណថា វាអាចធ្លាក់ចុះ៤% ឬ២២.០០០តោន ដោយសារការធ្លាក់ចុះនៃទិន្នផលម្រេចនៅក្នុងប្រទេសទីផ្សារនាំចេញដ៏ធំបំផុតរបស់ពិភពលោក គឺប្រទេសវៀតណាម និងប្រេស៊ីល ។
សារព័ត៌មាននេះ មិនបានលម្អិតថា ផលិតផលម្រេចរបស់ប្រទេសទាំងពីរនឹងធ្លាក់ចុះប៉ុន្មានច្បាស់លាស់នៅទេ ប៉ុន្តែគ្រាន់តែដឹងថា កាលពីឆ្នាំ២០២៤ កន្លងទៅនេះ ការនាំចេញម្រេចរបស់ប្រទេសវៀតណាមដែលជាប្រទេសនាំចេញម្រេចធំជាងគេបំផុតនៅលើពិភពលោកនោះ គឺបាន២៥ម៉ឺនតោនថយចុះ៥,១ភាគរយ បើធៀបនឹងបរិមាណម្រេចដែលបាននាំចេញនៅក្នុងឆ្នាំ២០២៣ ។
ប្រភពដដែលបានបន្តថា បរិមាណនាំចេញម្រេចវៀតណាមថយមែន ប៉ុន្តែការថយចុះនេះ បែជាបង្កើននូវតម្លៃនៃការនាំចេញ ។ សព្វថ្ងៃនេះទីផ្សារនាំចេញម្រេចធំបំផុតរបស់វៀតណាម គឺសហរដ្ឋអាមេរិកដែលមានបរិមាណសរុប៧២.០០០ តោន ស្មើនឹងប្រមាណជា២៩ភាគរយនៃទីផ្សារនាំចេញទៅកាន់ប្រទេសផ្សេងៗដូចជា ប្រទេសសហភាពអារ៉ាប់រួម អាល្លឺម៉ង់ ហូឡង់ និងឥណ្ឌាជាដើម ។
ពេញមួយឆ្នាំ២០២៤ កន្លងទៅវៀតណាមនាំចេញម្រេចទៅកាន់ទីផ្សារអន្តរជាតិ មានតម្លៃដល់ទៅ១,៣ពាន់លានដុល្លារ កើនឡើងដល់ទៅ៤៥,៤ ភាគរយ ហើយបើនៅក្នុងឆ្នាំ២០២៥នេះ ប្រសិនបើទិន្នផលម្រេចនៅវៀតណាមបន្តធ្លាក់ចុះដូចការប៉ាន់ប្រមាណមែននោះ តម្លៃម្រេចនឹងកាន់តែប្រសើរ ។
ដូច្នេះ កសិករដាំម្រេច នៅកម្ពុជានឹងអាចមានទឹកមាត់លេប ដោយសារតែការឡើងថ្លៃម្រេចនេះ ។ សង្ឃឹមថា កម្ពុជានឹងកាន់តែផលិតម្រេចបានច្រើន ហើយនាំចេញក៏ច្រើនសម្រាប់ប្រយោជន៍ជាតិ និងប្រជាជន ៕
ចែករំលែកព័តមាននេះ