រាល់ការចេញចូលព្រៃនៅក្នុងតំបន់អតីតលេនដ្ឋាននៃសង្គ្រាម សូមលើកកម្ពស់ការប្រុងប្រយ័ត្នពីព្រោះថា សូម្បីតែដីចម្ការដែលពលរដ្ឋ កំពុងអាស្រ័យផលក៏មានករណីផ្ទុះស្លា.ប់ដោយសារមីនដែរ នាដើមឆ្នាំ២០២៥នេះ ។ តាមការផ្សព្វផ្សាយដោយលោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា…
រាល់ការចេញចូលព្រៃនៅក្នុងតំបន់អតីតលេនដ្ឋាននៃសង្គ្រាម សូមលើកកម្ពស់ការប្រុងប្រយ័ត្នពីព្រោះថា សូម្បីតែដីចម្ការដែលពលរដ្ឋ កំពុងអាស្រ័យផលក៏មានករណីផ្ទុះស្លា.ប់ដោយសារមីនដែរ នាដើមឆ្នាំ២០២៥នេះ ។
តាមការផ្សព្វផ្សាយដោយលោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងថា នៅដើមឆ្នាំ២០២៥នេះ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងគ្រា.ប់មីនបានសម្លា.ប់ជីវិតមនុស្ស៣នាក់ហើយ នៅភូមិភាគពាយ័ព្យនៃប្រទេស រួមទាំងបុគ្គលិកដែលកំពុងតែប្រតិបត្តិការបោសសម្អាតមីនផ្ទាល់២នាក់ផងដែរ ក្នុងពេលដែលពួកគេកំពុងបំពេញប្រតិបត្តិការបោសសម្អាតមីនរំដោះដីស្រែរបស់ប្រជាពលរដ្ឋក្នុងភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
លោកបានបន្តថា នៅពេលដែលកងកម្លាំងបោសសម្អាតមីនស៊ីម៉ាកកំពុងកាន់ទុក្ខស.ពលោក ពៅ នេពីន និងលោក អឿន ចាន់ណារ៉ា អ្នកឯកទេសបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាកប្រចាំទិសខេត្តឧត្តរមានជ័យ ដែលបានពលីជីវិតក៏មានប្រជាពលរដ្ឋម្នាក់ទៀតបានបាត់បង់ជីវិតដោយសារបើករថយន្តចុះដឹកប្រមូលផលដំឡូងក្នុងចម្ការដំឡូងមីនៅចម្ការរបស់ខ្លួន ស្ថិតក្នុងភូមិកូនភ្នំខាងត្បូង ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅវេលាម៉ោងប្រមាណជាង៣រសៀលនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ។
កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងជាងគេដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ។ តាមការប៉ាន់ប្រមាណគេជឿជាក់ថា នៅកម្ពុជាអាចមានគ្រាប់មីនពី៤លានទៅ៦លានគ្រាប់ និងគ្រាប់មិនទាន់ផ្ទុះផ្សេងទៀតត្រូវបានបន្សល់ទុកពីសង្គ្រាមស៊ីវិលរយៈពេល៣ទសវត្សរ៍ ។
គ្រាប់មីនទាំងនោះត្រូវបានគេអះអាងថា ត្រូវបានដាក់ដោយភាគីនៃជម្លោះច្រើនបំផុតនៅភូមិភាគពាយ័ព្យរហូតដល់គ្រាប់ខ្លះអាចកប់នៅក្នុងជម្រៅជ្រៅ ហើយវាអាចអណ្តែតឡើងមកលើផ្ទៃនៃកម្រិតគ្រោះថ្នាក់បានដោយសារបាតុភូតធម្មជាតិមានភ្លៀងទឹកជំនាន់ ឬក៏សកម្មភាពរបស់ប្រជាជនកាប់គាស់កាយវាឡើងដោយចៃដន្យ ។
ក្រៅពីគ្រាប់មីន និងយុទ្ធភ័ណ្ឌដែលបន្សល់ដោយភាគីជម្លោះនៅក្នុងសង្គ្រាមហើយនោះ យោងតាមសាកលវិទ្យាល័យ Yale របស់សហរដ្ឋអាមេរិក នៅចន្លោះឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៣ គេជឿជាក់ថា សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកចំនួនប្រមាណជា២៣០.៥១៦ គ្រាប់បែកលើទីតាំងចំនួន ១១៣.៧១៦ នៅក្នុងប្រទេសកម្ពុជា ។ ដូច្នេះយើងគួរតែប្រុងប្រយ័ត្ន ។
មន្ត្រីបោសសម្អាតមីនមួយរូបប្រចាំទិសបាត់ដំបងបានឲ្យដឹងថា ដីចម្ការខ្លះជាពិសេសនៅតំបន់អតីតសមភូមិ ទោះបីជាពលរដ្ឋបានអាស្រ័យផលមករាប់ឆ្នាំក៏ដោយក៏នៅតែអាចមានគ្រោះថ្នាក់ដោយសារដីចម្ការទាំងនេះត្រូវបានដោះ ឬបោសសម្អាតដោយពលរដ្ឋផ្ទាល់មិនមានជំនាញ ឬឧបករណ៍ត្រឹមត្រូវ ។
លោកបានបន្តទៀតថា មីនខ្លះកប់នៅក្នុងជម្រៅជ្រៅឧបករណ៍រាវមីនខ្លះចាប់រលកសញ្ញាមិនដល់ ប៉ុន្តែវាអាចឡើងមកដោយចៃដន្យដោយកត្តាណាមួយ។ ដូច្នេះដល់ពេលដែលវាមានកម្លាំងសង្កត់ដល់ទម្ងន់វា គឺវាអាចផ្ទុះបាន ។
លោកបានបញ្ជាក់ថា «កុំប្រហែសមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅតែគំរាមកំហែងអាយុជីវិតយើងគ្រប់ពេលវេលា»។
តាមកំណត់ត្រាចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០២៤ គ្រាប់មីន និងសំណល់នៃសង្គ្រាមបានឆក់យកជីវិតមនុស្ស១៩.៨៣៤ នាក់ និងរបួសពិការសរុប ៤៥.២៥២នាក់ ។
សរុបទៅទោះបីជា កម្ពុជាទទួលបានសន្តិភាពពេញលេញក្នុងឆ្នាំ១៩៩៨ ក៏ដោយក៏ស្រមោលនៃគ្រាប់មីននៅតែបន្តកើតមាន និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស និងការខិតខំស្តារ និងកសាងជីវភាពរបស់ប្រជាពលរដ្ឋរាល់ថ្ងៃ ៕
ចែករំលែកព័តមាននេះ