ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្ទុះការតវ៉ា! នាយកសាលាឯកជន១រូប គេ.ចខ្លួន មិនព្រមបើកប្រាក់ខែឱ្យ​បុគ្គលិក កម្មករ លោកគ្រូ អ្នកគ្រូជិត៣ខែ

8 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្ទុះការតវ៉ាមួយកើតឡើង កាលពីល្ងាចថ្ងៃទី ២០ខែមករាឆ្នាំ ២០២៥ ពីសំណាក់មាតាបិតាសិស្ស និងបុគ្គលិក លោកគ្រូ អ្នកគ្រូ…

ខេត្តកំពង់ឆ្នាំង ៖ ផ្ទុះការតវ៉ាមួយកើតឡើង កាលពីល្ងាចថ្ងៃទី ២០ខែមករាឆ្នាំ ២០២៥ ពីសំណាក់មាតាបិតាសិស្ស និងបុគ្គលិក លោកគ្រូ អ្នកគ្រូ ថា លោកនាយកសាលាឯកជនមួយរូបគ្រប់គ្រងនៅសាលា«បណ្តុះបណ្តាលចំណេះដឹង និងជំនាញកំពង់ឆ្នាំង» ដែលមានទីតាំងនៅ ភូមិទី៨ សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំងបានរត់ចោលសាលា និងមិនបើកប្រាក់ខែអោយបុគ្គលិកទាំងអស់នៅទីនេះ។

លោកគ្រូ អ្នកគ្រូបង្រៀននៅទីនោះរៀបរាប់ថា សាលារៀនខាងលើជាសាលាបង្រៀនភាសារបរទេសឯកជន បើកដំណើរការជិត៣ខែហើយ ដែលមាននាយកគ្រប់គ្រងសាលាឈ្មោះ រុន ស៊ីវុធថា និងមានបុគ្គលិក លោកគ្រូ អ្នកគ្រូ រួមទាំងតៃកុងឡានចំនួន១១នាក់។

ចាប់តាំងពីធ្វើការនៅទីនេះពួកគាត់មិនទាន់ទទួលបានប្រាក់ខែនោះទេ អោយតែដល់ថ្ងៃបើកលុយម្តងៗ គឺលោកនាយកសាលារូបនោះ តែងតែយកលេសដោះសារ និងគេចហ្វេសរហូត ហើយពួកគាត់ក៏ពុំដឹងថាបុគ្គលរូបនោះមានចេតនាអ្វីអោយពិតប្រាកដនោះដែរ គឺគិតតែប្រឹងប្រែងបំពេញតួនាទីតែប៉ុណ្ណោះ។

ទើបតែប៉ុន្មានថ្ងៃចុងក្រោយនេះមានការបាត់សម្ភារៈសំខាន់ៗមួយចំនួន ក្នុងសាលា និងបាត់ខ្លួននាយកសាលា និងព្យាយាមទាក់ទងគ្រប់ប្រព័ន្ធ នៅតែមិនមានទំនាក់ទំនងបាន ទើបផ្ទុះការភ្ញាក់ផ្អើលថានាយកសាលានោះរត់គេចខ្លួនបាត់ហើយ ទើបរាយការជូនសមត្ថកិច្ចចុះជួយអន្តរាគមន៍។ ដោយឡែកមាតាបិតាសិស្សបានបញ្ជាក់ថា ពួកគាត់យកកូនមកចុះឈ្មោះរៀននៅទីនេះ គឺបង់ថ្លៃសាលារួចរាល់ហើយ ក្នុងមួយឆ្នាំតម្លៃ៤៥ដុល្លា និងខ្លះទៀតបង់ជាខែក៏មាន បើតាមដឹងសិស្សដែលបានចុះឈ្មោះបង់លុយរួចរាល់មានចំនួនប្រមាណជិត៣០០នាក់។

ប្រភពពីសមត្ថកិច្ចអោយដឹងថា ក្រោយការពិនិត្យជាក់ស្តែងសាលា«បណ្តុះបណ្តាលចំណេះដឹង និងជំនាញកំពង់ឆ្នាំង» នេះម្ចាស់អាជីវកម្មមានឈ្មោះ រុន ស៊ីវុធថា អាយុប្រហែល៤១ឆ្នាំ (មិនបានបញ្ជាក់ទីកន្លែងរស់នៅ) ពុំបានបើកប្រាក់ខែឩបត្ថម្ភ ដល់បុគ្គលិកនៅទីនោះចំនួន១១នាក់។

ដោយឡែកលោកហ៊ីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំងបានបញ្ជាក់ ថា ចំពោះករណីនេះសមត្ថកិច្ចយើងបានកំណត់មុខសញ្ញាម្ចាស់អាជីវកម្មបើកសាលានោះហើយ និងចាត់កម្លាំងសត្ថកិច្ចស្រាវជ្រាវ។ចំពោះទីតាំងនោះគឺ ធ្វើការឃ្លុំបិទ ជាបណ្តោះអាសន្នសិន ។ ដោយឡែក សម្ភារៈភាគច្រើននៅសាលានោះគឺជួលគេទាំងអស់ រួមទាំងឡានដឹកសិស្សផងដែរ ហើយទីតាំងក៏ពុំទាន់មានច្បាប់ទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ