សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ ផ្នែកការពារស៊ីវិលជ្រោយហ្គាហ្សាគូសបញ្ចាក់ នាថ្ងៃទី១៩ វិច្ឆិកា ថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល កាលពីថ្ងៃនោះ ទោះជាមានបទឈប់បាញ់គ្នា បានកើនដល់២៥នាក់ ដោយតុល្យការមុននេះថា ចំនួនអ្នកស្លាប់មាន១០នាក់ ។

លោកម៉ាហ៍មូដបាសាល អ្នកនាំពាក្យផ្នែកការពារស៊ីវិលជ្រោយហ្គាហ្សានិយាយថា មនុស្ស១១នាក់បានស្លាប់ក្នុងការវាយប្រហារតាមអាកាសលើអគារមួយនៅក្នុងសង្កាត់ZEITOUN ភាគខាងត្បូងក្រុងហ្គាហ្សា ។ អគារនោះ ជាកន្លែងស្នាក់នៅរបស់គ្រួសារភៀសខ្លួនច្រើនសិបគ្រួសារ ហើយក្នុងចំណោមជនរងគ្រោះមាននារី និងកុមារ ។ ជិតផ្លូវបំបែកជា៤នៅស៊ូហ្សាយ៉ាខាងកើតក្រុងហ្គាហ្សា ការវាយប្រហារ២ដាច់ដោយឡែកពីគ្នារបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងតិច២នាក់និង១០នាក់ទៀតរងរបួស ។
នៅខាន់យូនេសភាគខាងត្បូងជ្រោយហ្គាហ្សា មនុស្សយ៉ាងតិច១២នាក់ស្លាប់ ក្នុងនោះមានកុមារ២នាក់។ ប្រជាជននិងប្រភពព័ត៌មានមូលដ្ឋាននិយាយថា ការវាយប្រហារទាំងនោះរបស់អ៊ីស្រាអែលបណ្ដាលឲ្យមានការជ្រួលច្របល់ ពិសេសនៅZEITOUN និងស៊ូហ្សាយ៉ា បង្ខំឲ្យប្រជាជនមួយចំនួនភៀសខ្លួនចេញ ទៅកាន់កណ្ដាលក្រុងហ្គាហ្សា។
សភាពការណ៍នៅតែតានតឹងដោយកងយន្តហោះនិងកាំភ្លើងធំអ៊ីស្រាអែលបន្តធ្វើប្រតិបត្តិការ ដែលបែបនេះនាំឲ្យមានការភ័យខ្លាចចំពោះការកើនឡើងថ្មីនៃអំពើហិង្សា។ អ៊ីស្រាអែលថ្លែងថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសទាំងនេះ ជាការឆ្លើយតបចំពោះការបាញ់លើកងទាហានខ្លួន ដែលធ្វើប្រតិបត្តិការនៅភាគខាងត្បូងជ្រោយហ្គាហ្សា។
ពួកយុទ្ធជនប៉ាឡេស្ទីនបានបាញ់នៅជិតកងទ័ពអ៊ៅស្រាអែលនៅខាន់យូនេស ជាតំបន់មួយស្ថិតក្រោមការត្រួតត្រានៅឡើយរបស់អ៊ីស្រាអែល ក្នុងក្របខណ្ឌនៃបទឈប់បាញ់គ្នាដែលមានជាធរមានពីថ្ងៃទី១០ តុលា មក។
ពុំមានទាហានអ៊ីស្រាអែលណាម្នាក់រងរបួសឡើយ ។ កងទ័ពអ៊ីស្រាអែលនិយាយទៀតថា ជាការឆ្លើយតបកងទ័ពអ៊ីស្រាអែលចាប់ផ្ដើមវាយប្រហារ លើបណ្ដាគោលដៅក្រុមហាម៉ាស់ នៅជ្រោយហ្គាហ្សាទាំងមូល ។
កងទាហានអ៊ីស្រាអែលនឹងបន្តប្រតិបត្តិការរបស់ខ្លួន ដើម្បីកមេ្ទចរាល់ការគំរាមកំហែង។ ថ្ងៃទី១៩ វិច្ឆិកា ជាថ្ងៃដ៏បង្ហូរឈាមបំផុតនៅជ្រោយហ្គាហ្សា បន្ទាប់ពីមានបទឈប់បាញ់គ្នាមក ៕
ចែករំលែកព័តមាននេះ