ពលរដ្ឋភាគច្រើនគិតថា មូលហេតុដែលហានិភ័យបំផុតក្នុងការបំផ្លាញតម្រងនោមឫក្រលៀនរបស់ពួកគេ ជាទូទៅគឺដោយសារតែទម្លាប់នៃការទទួលទានប្រៃពេក ឫក៏ផ្អែមច្រើនពេក ប៉ុន្តែហេតុផលចម្បងមួយ ដែលអាចជាបច្ច័យនៃការកើតឡើងដែរនោះ គឺការប្រើប្រាស់ផលិតផលលើកសម្រស់ផ្តេសផ្តាស ។ លោកវេជ្ជបណ្ឌិតម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មនុស្សជាច្រើនយល់ថា…
ពលរដ្ឋភាគច្រើនគិតថា មូលហេតុដែលហានិភ័យបំផុតក្នុងការបំផ្លាញតម្រងនោមឫក្រលៀនរបស់ពួកគេ ជាទូទៅគឺដោយសារតែទម្លាប់នៃការទទួលទានប្រៃពេក ឫក៏ផ្អែមច្រើនពេក ប៉ុន្តែហេតុផលចម្បងមួយ ដែលអាចជាបច្ច័យនៃការកើតឡើងដែរនោះ គឺការប្រើប្រាស់ផលិតផលលើកសម្រស់ផ្តេសផ្តាស ។
លោកវេជ្ជបណ្ឌិតម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មនុស្សជាច្រើនយល់ថា មូលហេតុនៃជំងឺមិនឆ្លងមួយប្រភេទនេះ គឺដោយសារតែទម្លាប់អាក្រក់នៃ ការហូបចុក ពោលគឺប្រៃពេក ឫ ផ្អែកពេក។ ប៉ុន្តែថ្មីៗនេះ មូលហេតុមួយក៏អាចជាប្រភពនាំឲ្យពលរដ្ឋរស់នៅក្នុងហានិភ័យនៃការខូចតម្រងនោមឫក្រលៀនដែរនោះ គឺផលិតផលថែរក្សា ឫ លើកសម្រស់ ឫពពួកអាហារបំប៉ន ។
លោកបានបញ្ជាក់ថា «សព្វថ្ងៃនេះ ព្រោះតែសម្រស់មានបុរសនិងស្រ្តីវ័យក្មេងជាច្រើនដែលចង់ស្អាត កំពុងតែធ្លាក់ខ្លួនកើតជំងឺខូចក្រលៀនឫខូចតម្រងនោម» ។
លោកបានបន្តទៀតថា បែបបទនៃការហូបចុកគឺជាដើមចមនៃការខូចក្រលៀននេះហើយ ប៉ុន្តែវាចំណាយពេលយូរទម្រាំវាឈានដល់ខូច។ ដោយឡែកផលិតផលលើកសម្រស់ខ្លះដែលជួយឲ្យបុរសនារីស្អាតៗលឿនៗ គឺវាមានបង្កប់នូវសារធាតុពុលខ្ពស់ខ្លាំងដែលប៉ះពាល់ដល់សរីរាង្គរបស់យើងជាពិសេសគឺក្រលៀនដែលជាសរីរាង្គសម្រាប់ច្រោះជាតិពុលនៅក្នុងខ្លួន។
តាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិតរូបនេះ វិធីសាស្រ្តលើកសម្រស់នៅពេលនេះមានច្រើនហើយគេលក់ផ្តេសផ្តាសក៏ច្រើន ជាពិសេសគឺទីផ្សារនិងផលិតផលចរាចរណ៍តាមអនឡាញ ខណៈដែលអ្នកលក់ខ្លះបានតាំងខ្លួនលើសពីវេជ្ជបណ្ឌិត ។ ផលិតផលទាំងនេះគឺមានតាំងពីចាក់ លេប និង លាប ។
ជំងឺនេះមិនសម្លាប់មនុស្សភ្លាមៗទេ ប៉ុន្តែអ្នកដែលកើតវាហើយគឺមានតែរស់នៅប្រឈមមុខនឹងការចុះខ្សោយក្រលៀនជាបន្តបន្ទាប់រហូត់ដល់វាលែងអាចជួយសំអាតជាតិពុលចេញពីខ្លួនយើង ។ អ្នកដែលកើត ជំងឺនេះគឺមានតែរង់ចាំសេចក្តីស្លាប់តែប៉ុណ្ណោះ លើកលែងតែអ្នកដែលមានលុយទៅស្វែងរកការព្យាបាល នៅក្រៅប្រទេស តាមរយៈការស្វែងរកសេវាកម្មវះកាត់ប្តូក្រលៀននេះឯង ។
អាត្រាពលរដ្ឋដែលកំពុងតែរស់ជាមួយនឹងជំងឺខូចតម្រងនោម ឬខ្សោយតម្រងនោមរ៉ាំរ៉ៃ ដែលគេនិយមហៅថា ខូចក្រលៀនអាចកំពុងតែមាននិន្នការកើនឡើងគួរឲ្យកត់សម្គាល់ ហើយភាគច្រើនកំពុងតែរស់នៅដោយមិនបានដឹងថា ខ្លួនពួកគេកំពុងតែកើតជំងឺនេះនៅឡើយទេ ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា “ជាទូទៅអ្នកជំងឺភាគច្រើនពួកគេកំពុងតែកើតជំងឺនេះ តែពួកគេមិនបានដឹងខ្លួនឡើយ ពួកគេដឹងនៅពេលវាវិវត្តន៍ដល់ដំណាក់កាលចុងក្រោយ ។ ដូច្នេះហើយបានជាគេហៅវាថា ជា ឃាតកស្ងប់ស្ងាត់” ។
ស្រ្តីវ័យ៦០ ឆ្នាំមួយរូបដែលកំដរកូនស្រីអាយុ ៣៦ ឆ្នាំមកលាងឈាមនៅ អគារលាងឈាមមួយនៅ ក្នុងមន្ទីរពេទ្យព្រះកេតុមាលាបានអះអាងថា កូនស្រីរបស់គាត់បានឈានដល់ដំណាក់កាលលាងឈាម ៣ខែម្តងដោយសារតែខ្សោយតម្រងនោម ។
ស្រ្តីរូបនោះមិនបានដឹងថា ថា កូនស្រីរបស់គាត់កើតជំងឺដល់ដំណាក់កាលលាងឈាមនេះដោយរបៀបណានោះទេ ប៉ុន្តែពេលនេះ ពេទ្យហាមអស់ហើយរឿងហូបចុកតាំងពីប្រៃ ផ្អែម ហើយសូម្បីតែឡេក៏ ពេទ្យលែងឲ្យលាបដែរ ។
លោកស្រីបានបន្តថា ពេទ្យប្រាប់គាត់និងកូនស្រីថា ជីវិតកូនស្រីរបស់គាត់អាចរស់បានគឺត្រូវពឹងតែលើ ការលាងឈាមនេះឯង ហើយបើចង់ជាគឺមានតែត្រូវវះកាត់ប្តូរក្រលៀន ដែលមាននៅឥណ្ឌា អី តែសោហ៊ុយនោះ គឺយ៉ាងហោចណាស់ក៏ ៥ ម៉ឺនដុល្លារដែរ ។
លោកស្រីបានបន្តថា ក្រុមគ្រួសារពិភាក្សាគ្នាទៅគឺថា មានតែតាមយថាកម្មហើយ ពីព្រោះលុយព្យាបាលនេះថ្លៃណាស់ ទោះលក់ដីលក់ផ្ទះក៏ពិបាកនឹងគ្រប់គ្រាន់ដែរ។ ដូច្នេះ មានតែតាមពេលវេលាទៅចុះ។
តាមការស្រាវជ្រាវ បានឲ្យដឹងថា មិនចាំបាច់ផលិតផលចាក់ចាក់ឫលេបទេ ដែលគ្រោះថ្នាក់ដល់ក្រលៀន សូម្បីតែឡេក៏គ្រោះថ្នាក់ដែរជាពិសេសពពួកឡេលាបប្រែពណ៌ស្បែក ។ ឯកសារបានបង្ហាញថា ឡេលាបប្រែពណ៌ស្បែកពីខ្មៅទៅសជាច្រើនគឺអាចបំផ្លាញក្រលៀន ព្រោះវាផ្ទុកជាតិបារត និងអ៊ីដ្រូគីណូន(hydroquinone)ខ្ពស់។ ជាទូទៅនៅពេលដែលស្បែកប្រឈមមុខនឹងការប៉ះពាល់នឹងសារធាតុបារតអាចនាំអោយមានការពុលបារត ហើយជាតិពុលនេះជ្រាបចូលទៅក្រលៀន ។ ដោយឡែកការប៉ះពាល់នឹងឡេដែលសំបូរសារធាតុ អ៊ីដ្រូគីណូនរយៈពេលយូរក៏អាចបំផ្លាញតម្រងនោម និងថ្លើមផងដែរ។
ព្រឹត្តិប័ត្តសុខភាពរបស់មូលនិធិក្រលៀន បានព្រមានថា ជាទូទៅផលិតផលដែលធ្វើឲ្យមានប្រតិកម្មប្រែប្រួលពណ៌សំបុរស្បែក គឺអាចប្រឈមមុខខ្ពស់នឹងសារធាតុដែលមានជាតិពុលប៉ះពាល់ដល់សុខភាព ក្រលៀនធ្ងន់ធ្ងរបំផុត ។
ចែករំលែកព័តមាននេះ