ខេត្តព្រៃវែង ៖ លោក អ៊ុយ រ៉ាសឺង អនុប្រធានការិយាល័យសង្គមកិច្ច ទទួលបន្ទុកផ្នែកវប្បធម៌ នៃរដ្ឋបាលស្រុកបាភ្នំ បានឱ្យដឹងថា រដ្ឋបាលស្រុកបាភ្នំរៀបចំបង្កើតឲ្យមានបន្ទប់ពិព័រណ៍វប្បធម៌មួយ ដែលក្នុងនោះបានដាក់តាំងបង្ហាញនៅរូបសំណាក់ព្រះពុទ្ធបដិមាករ ប្រមាណជាង១០០អង្គ និងវត្ថុបុរាណជាច្រើនប្រភេទទៀត ដែលវត្ថុបុរាណខ្លះមានអាយុ កាលរហូតដល់ទៅ ១,២០០ឆ្នាំ ។
លោក អ៊ុយ រ៉ាសឺង បានបន្តថា រូបសំណាកព្រះពុទ្ធបដិមាករ ចំនួន១០៨អង្គ ធ្វើពីសំរឹទ្ធ និងលង្ហិន ត្រូវបានប្រជាពលរដ្ឋជាកម្មករវាយថ្មភ្នំ ចំនួន២នាក់ បានរកឃើញនៅលើកំពូលភ្នំថ្មបាញ់ និងបាននាំយកមកប្រគល់ជូនអាជ្ញាធរស្រុក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១០ ដែលរូបសំណាក់ទាំងអស់នេះ មានអាយុកាលជាង២០០ឆ្នាំ មកហើយ ។
ក្រៅពីរូបសំណាក់ព្រះពុទ្ធបដិមាករទាំងនេះ ក៏នៅមានវត្ថុបុរាណជាច្រើនទៀត រួមមាន ៖ លិង្គព្រះឥសូរ្យ ផ្ទាំងយោនី រូបសំណាកលោកយាយមេសរ និងគុលាភាជន៍ ជាច្រើនទៀត ដែលមានអាយុកាលចន្លោះពី ១,១០០ ទៅ ១,២០០ឆ្នាំ។ វត្ថុបុរាណទាំងអស់នេះ ត្រូវបានដាក់តាំងបង្ហាញនៅក្នុងបន្ទប់ពិព័រណ៌វប្បធម៌ នៃរដ្ឋបាលស្រុកបាភ្នំ រង់ចាំឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមានចំណាប់អារម្មណ៍ អាចចូលទៅទស្សនា និងសិក្សាស្វែងយល់បាន ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការ ។
លោក អ៊ុយ រ៉ាសឺង បានបញ្ជាក់ថា ក្រៅពីររូបសំណាកព្រះពុទ្ធបដិមាករ និងវត្ថុបុរាណ ដែលតាំងបង្ហាញនៅក្នុងបន្ទប់ពិព័រណ៌នេះ នៅតាមតំបន់ទួលបុរាណ និងតំបន់ប្រវត្តិសាស្ត្រជាច្រើនទៀត ក្នុងទឹកដីស្រុកបាភ្នំ ក៏នៅមានវត្ថុបុរាណជាច្រើនទៀតផងដែរ ប៉ុន្តែលោកមិនទាន់មានលទ្ធភាព ក្នុងការប្រមូលយកវត្ថុបុរាណទាំងអស់នោះ យកមករក្សាទុកនៅឡើយ ដោយសារតែវត្ថុបុរាណទាំង អស់នោះ មានទំហំធំ និងទម្ងន់រាប់តោន ពិបាកក្នុងការដឹកជញ្ជូន ៕
ចែករំលែកព័តមាននេះ