ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ លីមហេង ក្លាយជាម្ចាស់ជើងឯកអុកចត្រង្គឆ្នាំ២០២៤​ និងបន្តគ្រងជើងឯក៥​សម័យកាលជាប់គ្នា

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការ​ប្រកួត​កីឡា​អុកចត្រង្គជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិប្រចាំឆ្នាំ​២០២៤ បាន​បិទ​បញ្ចប់​ហើយកាលពីល្ងាច​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៥ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ខណៈ​កីឡាករ​ឆ្នើម សុខ លី​ម​ហេង…

រាជធានីភ្នំពេញ ៖ ការ​ប្រកួត​កីឡា​អុកចត្រង្គជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិប្រចាំឆ្នាំ​២០២៤ បាន​បិទ​បញ្ចប់​ហើយកាលពីល្ងាច​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៥ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ខណៈ​កីឡាករ​ឆ្នើម សុខ លី​ម​ហេង បាន​ឈ្នះ​ជើងឯក​ម្តងទៀត និងបន្តគ្រប់គ្រង​ម្ចាស់​តំណែង​ជើងឯក ៥​សម័យកាល​ជាប់​គ្នា​។

នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ម្ចាស់​មេដាយមាស​ជើងឯក​ថ្នាក់​ជាតិ ៤​សម័យកាល សុខ លី​ម​
ហេង ដែល​ឈ្នះ​មេដាយមាស និង​ពានរង្វាន់​ជើងឯក​នេះ បន្ទាប់​ពី​បាន​យកឈ្នះ​ជើង​ខ្លាំង ឈាវ បូ​រ៉ា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ធ្វើ​ឲ្យ​កីឡាករ ឈាវ បូ​រ៉ា ទទួល​បាន​ត្រឹម​ម្ចាស់​ជើងឯក​រង​ដណ្ដើម​បាន​មេដាយ​ប្រាក់ ខណៈ​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​កីឡាករ ជា ស៊ី​ដេ​ត និង​លេខ​៣ស្ទួន បាន​ទៅ​លើ​កីឡាករ នូ ច័ន្ទ​ផានិត (​មេដាយ​សំរឹទ្ធ​)​។

កីឡាករ​ដ៏​ឆ្នើម​វ័យ​២៥​ឆ្នាំ​នៃ​វិស័យ​កីឡា​អុកចត្រង្គ សុខ លី​ម​ហេង បាន​ឈ្នះ​មេដាយមាស ក្នុង​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​៥​សម័យកាល​ជាប់​ៗ​គ្នា ចាប់តាំងពី​ឆ្នាំ​២០១៨ ឆ្នាំ​២០២១៩ និង​ឆ្នាំ​២០២០ (២០២១-២០២២ ខកខាន​រៀបចំ​២​ឆ្នាំ ដោយសារ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩) និង​បន្ត​ឈ្នះ​មេដាយមាស នៅ​ឆ្នាំ​២០២៣ និង​ចុង​ក្រោយ​មេដាយមាស ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២៤​។

លោក សេក សុ​ភ័ក្ត្រ អគ្គលេខាធិការតំណាង​ឯក​ឧត្តម គុ​ជ គី​ម​ឡុ​ង ប្រធាន​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​ ត្រូវ​បាន​អញ្ជើញ​ជា​គ​ណៈអធិបតី​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​អុកចត្រង្គ​ប្រចាំឆ្នាំ​២០២៤ ​នា​រសៀល​ថ្ងៃ​ទី​១៩​ ខែមករា និង​មានការ​ចូលរួម​ពី​ឧត្តមសេនីយ៍ត្រី សៀន សុ​ភក្ត្រ នាយករង​មជ្ឈមណ្ឌល​កីឡា​កង​យោធពលខេមរភូមិន្ទ តំណាង​ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូ​វ ឆាយ អគ្គលេខាធិការក្រុមប្រឹក្សា​កីឡា​កង​យោធពលខេមរភូមិន្ទ និង​ជា​នាយក​មជ្ឈមណ្ឌល​កីឡា​កង​យោធពលខេមរភូមិន្ទ ព្រមទាំង​តំណាង និង​ប្រតិភូ​ជា​ច្រើន​រូប​ទៀត​។

លោក សេក សុ​ភ័ក្ត្រ អគ្គលេខាធិការ លើក​ឡើង​ថា សម្រាប់​ការ​ប្រកួត​ឆ្នាំ​២០២៤​របស់​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា ដែល​បាន​រៀបចំ​ឡើង​មកនេះ ក្នុង​គោលបំណង ដើម្បី​ជ្រើសរើស​កីឡាករ​ដែល​មាន​សមត្ថភាព និង​បច្ចេកទេស​ល្អ ក្នុង​ការ​លេងអុក​ចត្រង្គ ដើម្បី​ត្រៀម​សម្រាប់​ចូលរួម​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា ជា​ពិសេស​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម នៅ​ប្រទេសថៃ នា​ខែធ្នូ ឆ្នាំ​២០២៥​។ លោក​បាន​រម្លឹក​ថា សហព័ន្ធ​បាន​ប្រារព្ធ​ធ្វើ​មហាសន្និបាត សម្រាប់​អាណត្តិ​ថ្មី ក្នុង​គោលបំណង​សំខាន់ ដើម្បី​រួមចំណែក​អភិរក្ស អភិវឌ្ឍ​កីឡា​អុកចត្រង្គ​កម្ពុជា ដែល​ជា​កេរ​មរតក​ពី​ដូនតា​ខ្មែរ​យើង ដើម្បី​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​យល់​ដឹង ថែរក្សា​ទុក និង​ដើម្បី​ផ្សព្វផ្សាយ​ទៅ​កាន់​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ជុំវិញ​ពិភពលោក​ផង​ដែរ​។

យោង​តាម​របាយការណ៍​បច្ចេកទេស​បានឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​អុកចត្រង្គជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២៤​នេះ បាន​ដំណើរការ​រយៈពេល​៣​ថ្ងៃ ពី​ថ្ងៃ​ទី​១៧-១៩ ខែមករា ឆ្នាំ​២០២៥ ក្រោម​ការ​រៀបចំ​របស់​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​នៅ​អគារ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា NOCC​។

ក្រោម​ការ​ដឹកនាំ​របស់ ឯក​ត្តម គុ​ជ គី​ម​ឡុ​ង ប្រធាន​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​បាន​កែទម្រង់​ផ្នែក​បច្ចេកទេស​យ៉ាង​ខ្លាំង​រហូត​បាន​ឈាន​ជើង​ចូល​បើក​ការ​ប្រកួត​នៅ​ឆ្នាំ​នេះ ដោយ​ទទួល​បាន​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ ក្នុង​ការ​ប្រកួត​កីឡា​អុកចត្រង្គជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២៤ និង​មានការ​សហការ​គ្នា​បាន​យ៉ាង​ល្អ​រវាង​កីឡាករ កីឡា​ការិ​នី​ទាំងអស់​មក​ពី​រាជធានី​-​ខេត្ត បាន​បង្ហាញ​នូវ​ទឹកចិត្ត​ចូលរួម​យ៉ាង​សកម្ម ដែល​បាន​ញ៉ាំង​ឱ្យ​ការ​ប្រកួត​នេះ​ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​រលូន ប្រកបដោយ​ជោគជ័យ​។

អ្វី​ដែលកាន់តែ​ពិសេស គឺ​ការ​ប្រកួតប្រជែង​កាន់តែ​មាន​កម្រិត​ខ្ពស់​លើ​ផ្នែក​គុណភាព​បច្ចេក
ទេស ដែល​ជា​កត្តា​នាំ​ឱ្យ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​ទទួល​បាន​ក្លិប​កីឡា​អុកចត្រង្គ​ចំនួន​១៨​ក្លិប មាន​កីឡាករ​កីឡាការិនី​ចូលរួម​ប្រកួត​សរុប ៦៥​នាក់ (​ស្រីចំនួន​០២​នាក់​)​។ ការ​ប្រកួត​នេះ សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​បាន​រៀបចំ​វិញ្ញាសា​ប្រកួត​តែ​១​ប៉ុណ្ណោះ គឺ​វិញ្ញាសា​ឯកត្តជន​បុរស​នារី​ចម្រុះ​រយៈពេល៦០​នាទី ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ