រាជធានីភ្នំពេញ ៖ កុំចេះតែហ៊ាន! សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានអនុវត្ដវិធានការទី១ ក្នុងការដាក់ពិន័យលើកីឡាករ១៥រូប ដែលបានល្មើសបម្រាមការប្រកួតសម្រាកមានរយៈពេលតិចជាង២សប្ដាហ៍ ។ នេះបើតាមរបាយការណ៍ សប្ដាហ៍ទី១ និងសប្ដាហ៍ទី២ ក្នុងខែមករា របស់អនុគណៈកម្មការបច្ចេកទេសសហព័ន្ធកីឡាប្រដាល់គុនខ្មែរហើយត្រូវបានផ្សាយលើទំព័រហ្វេសប៊ុកសហព័ន្ធ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។
កីឡាករ១៥រូបដែលរងពិន័យជាការព្រមានជាលាយលក្ខណ៍អក្សរ និងប្រកាសជាសាធារណៈនោះរួមមានកីឡាករ ធន់ គឹមឡុង និង ធន់ អៀងឡុង មកពីក្លិបមជ្ឈមណ្ឌលកីឡាកងយោធពលមរភូមិន្ទ, កីឡាករ រិទ្ធី មាន់ព្រៃ មកពីក្លិបប្រដាល់គុនខ្មែរ Super Fight & Gym ។ កីឡាករ សោម ពិសិដ្ឋ និង ឡូញ វ៉ាន់ឌី មកពីក្លិបវិបុលដារិទ្ធិខណ្ឌពោធិ៍សែនជ័យ ។
កីឡាករ ជុន រាត្រី មកពីក្លិបកងពលតូចដឹកជញ្ជូនលេខ៩០ ។ កីឡាករ ម៉ន ភារម្យ មកពីក្លិបការិយាល័យទី៥ កងទ័ពជើងគោក ។ កីឡាករ ម៉ាលី អគ្គីនេត្រ មកពីក្លិបអិនភីអិន សសុម៉ាលីគុនខ្មែរ ។ កីឡាករ សឹង្ហ ឡេង មកពីក្លិបអេភូថងគុនខ្មែរ ។ កីឡាករ ឆួន បួន មកពីក្លិបញ្ជាការដ្ឋានទ័ពពិសេស ។ កីឡាករ ខន ទិត្យវិច្ឆិកា មកពីក្លិបតាឡីដំរីមានរិទ្ធ ។ កីឡាករ សូត្រ ខេវិន និងកីឡាករ សូត្រ ប៊ុនធី មកពីក្លិបបក្សីស្លាបដែក ។ កីឡាករ ហាប់ ខា មកពីក្លិបនាគរាជចតុមុខ និងកីឡាករ នី នរមហាអាគមន៍ មកពីក្លិបខ្លារខិនមានរិទ្ធ ។
លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបកស្រាយថា«លើកទីមួយនេះ យើងមិនមែនមិនឲ្យពួកគាត់ឡើងប្រកួតទេ យើងគ្រាន់តែព្រមានគាត់។
យើងនឹងដាក់ពិន័យពួកគាត់ លើកទី២ ដោយមិនឲ្យចូលរួមការប្រកួត។
គួររំលឹកផងដែរថា កាលពីថ្មីៗ សហព័ន្ធបានសម្រេចជូនដំណឹងដល់ដៃគូអភិវឌ្ឍន៍នានារបស់សហព័ន្ធ ស្ដីពីការចាប់គូកីឡាករ-កីឡាការិនីប្រកួតប្រចាំសប្ដាហ៍តាមស្ថានីយទូរទស្សន៍ និង
កម្មវិធីប្រកួតផ្សេងៗ ដោយត្រូវគោរពតាមបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួតរបស់សហព័ន្ធ ខណៈកីឡាករ-កីឡាការិនីប្រព្រឹត្តកំហុសដដែលៗ ប្រឈមនឹងការដកសិទ្ធិបញ្ឈប់ការប្រកួតរៀងរហូត ។
ការសម្រេចនេះ ក្រោយពិនិត្យឃើញថា ការចាប់គូប្រកួតកីឡាករ-កីឡាការិនីតាមស្ថានីយទូរទស្សន៍ និងកម្មវិធីប្រកួតផ្សេងៗមួយចំនួន មិនទាន់បានយកចិត្តទុកដាក់ដល់សុខភាព កាយសម្បទា និងគុណផលរបស់កីឡាករ-កីឡាការិនីនៅឡើយ ។ ដូច្នេះដើម្បីរក្សាបាននូវសុខភាពផ្លូវកាយ ផ្លូវចិត្ត បញ្ញាស្មារតី និងគុណផលរបស់កីឡាករ-កីឡាការិនីបានល្អយូរអង្វែង សហព័ន្ធបានស្នើដល់ដៃគូអភិវឌ្ឍទាំងអស់ សហការ និងអនុវត្តតាមបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួត ដោយកំណត់លក្ខខណ្ឌ៩ចំណុច ។
ក្រៅពីនេះ សម្រាប់កីឡាករ-កីឡាការិនីមិនអនុវត្តតាម សហព័ន្ធក៏មានវិធានការចំនួន៥ សម្រាប់ណែនាំ និងដាក់វិន័យផងដែរ រួមមាន៖
១-ត្រូវធ្វើការណែនាំ ឬព្រមានដោយការស្តីបន្ទោសចំពោះមុខ ឬរដ្ឋបាលជាលាយលក្ខណ៍អក្សរ បើសិនជាកំហុស លើកទី១ ដើម្បីធ្វើការអប់រំណែនាំ ដោយរក្សាឈ្មោះទុកនៅជាកីឡាករ-កីឡាការិនីធម្មតា។
២-ផ្អាកមិនឱ្យចូលរួមប្រកួតរយៈពេល៦សប្តាហ៍ នៅគ្រប់សង្វៀនប្រដាល់គុនខ្មែរ ចំពោះកីឡាករ កីឡាការិនីណាដែលប្រព្រឹត្តកំហុសលើកទី២ ។
៣-ផ្អាកមិនឱ្យចូលរួមប្រកួតរយ:ពេល ៣ខែ នៅគ្រប់សង្វៀនប្រដាល់គុនខ្មែរចំពោះកីឡាករ កីឡាការិនីណាដែលប្រព្រឹត្តកំហុសលើកទី៣។
៤-ផ្អាកមិនឱ្យចូលរួមប្រកួតរយ:ពេល៦ខែ នៅគ្រប់សង្វៀនប្រដាល់គុនខ្មែរ ចំពោះកីឡាករ កីឡាការិនីណាដែលប្រព្រឹត្តកំហុសលើកទី៤។
៥-បញ្ឈប់មិនឱ្យចូលរួមប្រកួតជារៀងរហូត និងលុបឈ្មោះចេញពីបញ្ជីឈ្មោះរបស់សហព័ន្ធ ចំពោះកីឡាករ កីឡាការិនីណាដែលប្រព្រឹត្តកំហុស មិនព្រមកែប្រែចំនួន៥លើកឡើងទៅ ៕
ចែករំលែកព័តមាននេះ