ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់! ពេលដឹងថ្លៃពលកម្ម និងអត្ថប្រយោជន៍​ពីកុងត្រាថ្មីរបស់ Haaland និង Ronaldo

23 ម៉ោង មុន

អន្តរជាតិ ៖ កាលពីពេលថ្មីៗនេះ រឿងរ៉ាវរបស់កីឡាករបាល់ទាត់ឆ្នើមពិភពលោក Erling Haaland និង Cristiano Ronaldo បានធ្វើឱ្យកក្រើកបណ្តាសារព័ត៌មានធំៗ…

អន្តរជាតិ ៖ កាលពីពេលថ្មីៗនេះ រឿងរ៉ាវរបស់កីឡាករបាល់ទាត់ឆ្នើមពិភពលោក Erling Haaland និង Cristiano Ronaldo បានធ្វើឱ្យកក្រើកបណ្តាសារព័ត៌មានធំៗ ជុំវិញពិភពលោក ពាក់ព័ន្ធនឹងការបន្តកុងត្រាថ្មី ថ្លៃពលកម្ម រួមទាំងអត្ថប្រយោជន៍ផ្សេងទៀតដែលទទួលបាន។

កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ខ្សែប្រយុទ្ធសញ្ជាតិន័រវែស Erling Haaland បានសម្រេចបន្តកុងត្រារយៈពេល៩កន្លះថែមទៀតជាមួយក្លិប Manchester City សមាជិកនៃលីគកំពូលអង់គ្លេស រហូតដល់ឆ្នាំ ២០៣៤ បន្ថែមពីលើកុងត្រាចាស់ នឹងអសុពលភាពនៅខែមិថុនា ឆ្នាំ២០២៧។ ដូច្នេះខ្សែប្រយុទ្ធន័រវែសវ័យ២៤ឆ្នាំរូបនេះ នឹងឈានដល់អាយុ៣៤ឆ្នាំ នៅពេលកុងត្រាថ្មីរបស់គេអស់សុពលភាព។

កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងរយៈពេលយូរបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់នៃក្របខណ្ឌ English Premier League ស្របពេល Haaland ដែលផ្លាស់មកពីក្លិប Borussia Dortmund មកចូលរួមជាមួយនឹងក្លិប Man City នៅក្នុងតម្លៃ ៦០លានអឺរ៉ូ កាលពីឆ្នាំ ២០២២ រូបនេះ ត្រូវបានរាយការណ៍ថាទទួលបានថ្លៃពលកម្មរហូតដល់៥០ម៉ឺនផោន ឬស្មើនឹង ៦១០,០០០ដុល្លារអាមេរិកក្នុងមួយសប្តាហ៍។

ក្រឡេកទៅខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ប្រភពធំៗជាច្រើននៅជុំវិញពិភព​លោកបានរាយការណ៍ថា ក្លិប Al Nassr គ្រោងនឹងផ្តល់កុងត្រាថ្មីដល់ប្រធានក្រុមជម្រើសជាតិ​ព័រទុយហ្គាល់វ័យ៣៩ឆ្នាំរូបនេះ ដើម្បីបន្តតំណែងរូបគេ គឺជាកីឡាករមានថ្លៃពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក។

កាសែតអេស្ប៉ាញ Marca បានរាយការណ៍ថា Al Nassr បានស្នើបន្តកុងត្រាសម្រាប់ Ronaldo រហូតដល់ឆ្នាំ ២០២៦ ពោលរយៈពេល១ឆ្នាំ ដ្បិតកុងត្រាចាស់កីឡាកររូបនេះនឹងអស់សុពលភាពនៅរដូវក្តៅនេះតែម្តង។ Marca បានរាយការណ៍ថា កុងត្រាថ្មីដែល Ronaldo ត្រៀមចុះហត្ថលេខានឹងធ្វើឱ្យរូបគេទទួលបានថ្លៃពលកម្ម១៨៣លានអឺរ៉ូ ឬស្មើនឹង ១៨៨លានដុល្លារក្នុងមួយឆ្នាំ។ Ronaldo ដែលផ្លាស់ពីក្លិប Manchester United មកចូលរួមជាមួយក្លិប Al Nassr ដោយគ្មានតម្លៃខ្លួន (Free Transfer) កាលពីឆ្នាំ ២០២២ នឹងរកបានប្រមាណ ១៥,៤លានដុល្លារក្នុងមួយខែ ឬ ៤លានដុល្លារក្នុងមួយសប្តាហ៍ និង ៥៦៥,០០០ដុល្លារក្នុងមួយថ្ងៃពីកុងត្រាថ្មីនេះ។

ទោះយ៉ាងណា អ្វីដែលពិសេសបំផុតពីកុងត្រាថ្មីនេះគឺ ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាលរូបនេះ នឹងទទួលភាគហ៊ុនចំនួន ៥% ក្នុងក្លិប Al Nassr ដែលមានមូលដ្ឋាននៅក្នុងទីក្រុងរីយ៉ាដ (Riyadh)។ ការផ្តល់ជូនដ៏ពិសេសនេះ ត្រូវបានរាយការណ៍ថាមកជាមួយនឹង Al-Nassr ដែលកំពុងតែឆ្លងកាត់ការផ្លាស់ប្តូររចនាសម្ព័ន្ធដ៏សំខាន់ ជាមួយប្រធាន និងនាយកប្រតិបត្តិថ្មី ដែលនឹងត្រូវតែងតាំងនៅប៉ុន្មានខែខាងមុខនេះ។

គួរបញ្ជាក់ថា Al-Nassr គឺជាក្លិបមួយក្នុងចំណោមក្លិបទាំងបួន ដែលគ្រប់គ្រងដោយមូលនិធិ​វិនិយោគសាធារណៈរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយមានភាគហ៊ុនដល់ ៧៥% ក្នុងក្លិប Al-Ittihad, Al-Ahli និង Al-Hilal ផងដែរ។ មូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត ស្ថិតក្នុងចំណោមមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យដ៏ធំបំផុតនៅលើពិភពលោក ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ៩៣០ពាន់លានដុល្លារអាមេរិក៕ (ដកស្រង់ ៖ The Guardian, ESPN, goal.com, Marca, NBC Sports, Transfermarkt និង The National News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ