កំណើននៃការទទួលទានអាហារឆៅនៅកម្ពុជាកាន់តែមានច្រើន ហើយមុខម្ហូបដែលផ្សំឡើងដោយសាច់ឆៅក៏មានច្រើន ។ ដូច្នេះគួរតែឧស្សាហ៍ពិនិត្យសុខភាពពីព្រោះពពួកបាក់តេរី និងប៉ារ៉ាស៊ីត នៅក្នុងពពួកអាហារទាំងនេះ ក៏មានហានិភ័យខ្ពស់ដែរចំពោះមនុស្សជាតិយើងនាពេលសព្វថ្ងៃ ។ ពពួកអាហារឆៅទាំងនេះ គឺមានតាំងពីភ្លៀសាច់គោ…
កំណើននៃការទទួលទានអាហារឆៅនៅកម្ពុជាកាន់តែមានច្រើន ហើយមុខម្ហូបដែលផ្សំឡើងដោយសាច់ឆៅក៏មានច្រើន ។ ដូច្នេះគួរតែឧស្សាហ៍ពិនិត្យសុខភាពពីព្រោះពពួកបាក់តេរី និងប៉ារ៉ាស៊ីត នៅក្នុងពពួកអាហារទាំងនេះ ក៏មានហានិភ័យខ្ពស់ដែរចំពោះមនុស្សជាតិយើងនាពេលសព្វថ្ងៃ ។
ពពួកអាហារឆៅទាំងនេះ គឺមានតាំងពីភ្លៀសាច់គោ ឬភ្លៀត្រី ឡាបសាច់គោ ឬឡាបត្រី ពពួកសាច់គោអាំងចំអិនមិនឆ្អិនល្អ បុកល្ហុង និងពពួកញាំដែលផ្សំឡើយដោយសាច់ត្រី ឬគ្រឿងសមុទ្រឆៅៗ ពពួកអាហារស៊ូស៊ី និងពពួកអាហារសាស៊ីមីពីត្រីដែលមិនបានទុកដាក់បានល្អ និងត្រឹមត្រូវជាដើម ។
សូមលើកកម្ពស់ការប្រុងប្រយ័ត្នពីព្រោះពពួកអាហារឆៅទាំងនេះត្រូវបានអ្នកជំនាញព្រមានថា វាមានផ្ទុកនូវពពួកបារ៉ាស៊ីត និងបាក់តេរីរាប់សិបប្រភេទ ។ ពពួកអតិសុខុមប្រាណដែលយើងមិនអាចនឹងមើលឃើញដោយភ្នែកទទេទាំងនេះវាអាចនៅក្នុងពពួកសាច់ដែលយកមកធ្វើម្ហូបទាំងនេះតាំងពីពពួកសត្វទាំងនេះនៅមានជីវិត ហើយខ្លះទៀតវាបានជ្រៀតចូលនៅពេលដែលការដឹកជញ្ជូន ការទុកការដាក់ថែរក្សាអាហារទាំងនេះមិនត្រូវតាមស្តង់ដាសុវត្ថិភាពត្រឹមត្រូវ ។ល។
ផលប៉ះពាល់ដែលបណ្តាលមកពីពពួកអតិសុខុមប្រាណដែលបង្កប់នៅក្នុងអាហារឆៅទាំងនេះវាអាចបង្កគ្រោះថ្នាក់ច្រើនយ៉ាង ជាពិសេស គឺធ្វើឲ្យសុខភាពចុះខ្សោយងាយប្រឈមមុខនឹងការវាយលុកពីពពួកមេរោគផ្សេងៗទៀត ។ ក្រៅពីនោះវាក៏អាចធ្វើឲ្យយើងមានគ្រោះថ្នាក់ដល់ជីវិតផងដែរពីព្រោះតែវាអាចធ្វើឲ្យសរីរាង្គដែលមានមុខងារសំខាន់ៗនៅក្នុងខ្លួនរបស់យើងខូច ឬពុល ។
ពាក់ព័ន្ធនឹងបញ្ហានេះ តាមការចុះផ្សាយនៅក្នុងទំព័រសារព័ត៌មានថៃ the Nation បានឲ្យដឹងថា វេជ្ជបណ្ឌិតនៅក្នុងប្រទេសនេះ បានព្រមានពលរដ្ឋឲ្យប្រុងប្រយ័ត្ននឹងការឆ្លងដង្កូវព្រូន និងតេនញ៉ាជាច្រើនប្រភេទ ដែលបណ្តាលមកពីការទទួលទានសាច់គោឆៅ ។
លោកវេជ្ជបណ្ឌិត ណាកាផាត រ៉ាត់តាណាភីធុន ( Natkaphat Rattanapithun) ទីប្រឹក្សានៃមជ្ឈមណ្ឌលស្រាវជ្រាវជំងឺប៉ារ៉ាស៊ីត និងជាប្រធានមជ្ឈមណ្ឌលវេជ្ជសាស្ត្រវេជ្ជសាស្ត្រនៅក្នុងខេត្ត ណាខាន រ៉ាឆាស៊ីម៉ា បានបញ្ជាក់ថា ពពួកព្រូន ឬដង្កូវតេនញ៉ា ទាំងនេះអាចលូតលាស់យ៉ាងទូលំទូលាយនៅក្នុងពោះវៀនតូច និងឆ្លងទៅផ្នែកផ្សេងៗបាន ។
លោកបានបន្តថា នៅពេលដែលឆ្លងដំបូងវាមិនមានរោគសញ្ញាអ្វីទាំងអស់ ប៉ុន្តែនៅពេលដែលកម្រិតនៃការឆ្លងកាន់តែខ្លាំង ហើយពពួកដង្កូវព្រូន ឬតេនញ៉ានោះវិវត្តន៍កាន់តែច្រើននៅក្នុងខ្លួនរបស់មនុស្សវាអាចបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ រួមទាំងការស្ទះបំពង់ទឹកប្រមាត់ ហើមពោះ ចង្អោរ និងក្អួត ។
លោកបានព្រមានថា ក្នុងករណីធ្ងន់ធ្ងរមេរោគទាំងនេះអាចចេញតាមមាត់ ច្រមុះ ឬចេញតាមរន្ធគូទជាដើ ម ។ ពាក់ព័ន្ធនឹងការទទួលទានសាច់ឆៅនេះ អង្គការសុខភាពពិភពលោក បានព្រមានថា អាហារគ្មានសុវត្ថិភាពដែលមានបាក់តេរី ប៉ារ៉ាស៊ីត ឬសារធាតុគីមីបង្កគ្រោះថ្នាក់ បណ្តាលឱ្យមានជំងឺច្រើនជាង២00 ប្រភេទ រាប់ចាប់ពីរាគរហូតដល់មហារីក ។
អង្គការសុខភាពពិភពលោក បានផ្តល់ដំបូន្មានថា ដើម្បីកាត់បន្ថយហានិភ័យសុខភាពដែលទាក់ទងនឹងការប្រើប្រាស់សាច់ឆៅ វាចាំបាច់ណាស់ក្នុងការធានាភាពស្រស់ គុណភាពខ្ពស់ និងដឹងប្រភពច្បាស់លាស់ ហើយរាល់ដំណើរការរៀបចំអាហារក៏ត្រូវតែរក្សាស្តង់ដាអនាម័យខ្ពស់បំផុត ៕
ចែករំលែកព័តមាននេះ