រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ដែលទើបតែចេញពីពន្ធនាគា បានធ្វើសកម្មភាពលួចម៉ូតូ មួយគ្រឿងបានសម្រេច បានរយៈពេល៤០នាទី ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចខាងមុខបន្ទប់ជួលគ្មានលេខ តាមបណ្តោយផ្លូវលំ ស្ថិតនៅភូមិដើមចាន់ ក្នុងសង្កាត់ច្បារអំពៅទី០២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យខាងលើមានឈ្មោះ យឿង ប្រុស ភេទប្រុស អាយុ៣៩ឆ្នាំ (ធ្លាប់ជាប់ពន្ធនាគារ ០១លើក ពាក់ព័ន្ធករណីគ្រឿងញៀន) ហើយទើបតែចេញពីពន្ធនាគាមកវិញ ។
ប្រភពពីសមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ០១គ្រឿងម៉ាក ហុងដាឌ្រឹមសេ សេរីឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1KR -7711 មកចតទុកនៅខាងមុខបន្ទប់ជួល ដោយចាក់សោ.កត្រឹមត្រូវ រួចជនរងគ្រោះ ចូលទៅលេងផ្ទះមិត្តភក្តិនៅក្បែរនោះ ក៏ស្រាប់តែលេចមុខជនសង្ស័យ០២នាក់ នៅចំណុចកើតហេតុដោយឃើញសភាពស្ងាត់ ជនសង្ស័យក៏ធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ ជិះគេចខ្លួន ។ លុះជនរងគ្រោះចេញមកវិញ ស្រាប់តែបាត់ម៉ូតូ មិនឃើញក៏មានការផ្អើលឆោរឡោ និងរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកឃាត់ខ្លួនជនសង្ស័យ។ រហូតមកដល់វេលាម៉ោង១១និង២០នាទីថ្ងៃដដែល សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងវត្ថុតាងនៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ម៉ាប់ បានគេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្ន សមត្ថកិច្ច បានបញ្ជូនជនសង្ស័យខាងលើទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី០២ ធ្វើការសាកសួរ និងកសាងសុំណំរឿងចាត់ការតាមផ្លូវច្បាប់។ ចំណែកបក្ខពួកម្នាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន ៕



ចែករំលែកព័តមាននេះ