ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតសកម្មភាពបំពានច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិមកលើពលរដ្ឋខ្មែពីសំណាក់ទាហានថៃ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ​បំផុត​ចំពោះ​សកម្មភាព​បំពាន​ច្បាប់​អន្តរជាតិ និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​អំពើ​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ ព្រមទាំង​អំពើ​ប្លន់​យក​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​ខ្មែរ​ពី​សំណាក់​ទាហាន​ថៃ និង​ទាមទារ​ឱ្យ​ថៃ​បញ្ឈប់​ជា​បន្ទាន់ នូវ​រាល់​សកម្មភាព​យោធា​ប្រកបដោយ​អរិភាព​បែប​នេះ និង​សូម​ភាគី​ថៃ​គោរព​អាណត្តិ​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​នៃ​ប្រទេស​ទាំង​ពីរ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ​បំផុត​ចំពោះ​សកម្មភាព​បំពាន​ច្បាប់​អន្តរជាតិ និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​អំពើ​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ ព្រមទាំង​អំពើ​ប្លន់​យក​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​ខ្មែរ​ពី​សំណាក់​ទាហាន​ថៃ និង​ទាមទារ​ឱ្យ​ថៃ​បញ្ឈប់​ជា​បន្ទាន់ នូវ​រាល់​សកម្មភាព​យោធា​ប្រកបដោយ​អរិភាព​បែប​នេះ និង​សូម​ភាគី​ថៃ​គោរព​អាណត្តិ​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​ការ​កំណត់​ខណ្ឌសីមា​ព្រំដែន ដោយ​ផ្អែក​លើ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ និង​ច្បាប់​អន្តរជាតិ ។

ថ្លែង​ក្នុង​សន្និសីទ​ផ្សាយ​ផ្ទាល់ «​បច្ចុប្បន្នភាព​ស្តី​ពី​ការ​វិវត្តន៍​ស្ថានការណ៍​រវាង​កម្ពុជា​-​ថៃ » នា​ព្រឹក​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៦​នេះ ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ថា កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូ ចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក និង​សូម​បញ្ជាក់​ជូន​ដែរ​ថា កម្ពុជា​មិន​ទទួលស្គាល់​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​នោះ​ឡើយ ។

ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ការ​ដាក់​ពង្រាយ​ទូរ​កុងតឺន័រ និង​រាយ​បន្លា​លួស ក៏​ដូច​ជា ការ​ដោត​ទង់ជាតិ​ក្នុង​តំបន់​ដែល​កងកម្លាំង​ថៃ​បំពាន​កាន់កាប់​ដោយ​ខុសច្បាប់ បង្ហាញ​យ៉ាង​ច្បាស់​ពី​អំពើ​រំ​លោ​.​ភ​បំពាន​ដែន​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា ខណៈ​ដែល​ការ​វាយ​កម្ទេច​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ស្លូតត្រង់ គឺជា​ការ​រំ​លោ​.​ភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ ។ កាន់តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត ភស្តុ​តាង​បាន​បង្ហាញ​ថា យោធា​ថៃ បាន​ប្រព្រឹត្ត​បទល្មើស​លួច ប្លន់ ទ្រព្យសម្បត្តិ​ជន​ស៊ី​វិល​កម្ពុជា នៅ​ក្នុង​តំបន់​ដែល​ខ្លួន​បាន​ហ៊ុម​ព័ទ្ធ ដែល​ជា​សកម្មភាព​អមនុស្សធម៌​មិន​អាច​ទទួលយក​បាន និង​ត្រូវ​បាន​ហាមឃាត់​នៅ​ក្រោម​ច្បាប់​អន្តរជាតិ​។

រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្ត​ការ​តវ៉ា​យ៉ាង​ខ្លាំងក្លា​បំផុត ប្រឆាំង​នឹង​ការ​បន្ត​ឈរជើង​និង​កាន់កាប់​ជាក់ស្តែង​ដោយ​កង​កម្លាំងយោធា​ថៃ​លើ​ទឹកដី​កម្ពុជា នៅ​តំបន់​មួយ​ចំនួន​តាម​បណ្តោយ​ព្រំដែន​ដែល​ជា​អំពើ​ខុសច្បាប់ និង​គ្មាន​មូលដ្ឋាន​ទាល់តែ​សោះ​ក្រោម​ច្បាប់​អន្តរជាតិ ។

ចំណែក​ការ​កាន់កា​.​ប់ និង​បន្ត​កាន់កា​.​ប់​តាម​រយៈ​ការ​គំ​រា​.​ម​កំ​ហែ​.​ង និង​ការ​ប្រើប្រាស់​កម្លាំង គឺ​ផ្ទុយ​ទៅ​នឹង​គោលការណ៍​ជា​មូលដ្ឋាន និង​មិន​អាច​បដិសេធ​បាន​នៃ​ច្បាប់​អន្តរជាតិ​ទាំងស្រុង ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សង្កត់ធ្ងន់​ថា ការ​គ្រប់គ្រង​ទឹកដី សកម្មភាព​រដ្ឋបាល ឬ​ការ​អនុវត្ត​សិទ្ធិ​អំណាច​ដែល​កើត​ចេញពី​ទ​ង្វើ​បែប​នេះ​គ្មាន​តម្លៃ​តាម​ផ្លូវច្បាប់ និង​មិន​អាច​បង្កើត​សិទ្ធិ​ស្របច្បាប់​ណាមួយ​បាន​ឡើយ ។

សកម្មភាព​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ​បែប​នេះ​ផ្ទុយ​ស្រឡះ​ទៅ​នឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ថៃ ក្នុង​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី​ក្រោម​ស្មារតី​នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ក៏​ដូច​ជា ស្មារតី​នៃ​កិច្ចព្រមព្រៀង​ដែល​មាន​កាលពី​ពេល​កន្លង​មក ។ ចំណែកឯ​ការ​ដាក់​ពង្រាយ​ទូរ​កុងតឺន័រ ការ​រាយ​បន្លា​លួស ឬ​ដោត​ទង់ជាតិ គឺជា​សកម្មភាព​បំពាន​លើ​ខ្សែ​ព្រំដែន​អន្តរជាតិ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មិន​អាច​ទទួលយក​បាន​ឡើយ ។

សូម​ជម្រាប​ជូន​ថា ទាហាន​ថៃ​បាន និង​កំពុង​បន្ត​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល​នៅ​លើ​ទឹកដី​កម្ពុជា​ឥត​ឈប់​ឈរ ។ ការ​បំផ្លិចបំផ្លាញ​នេះ បាន​ធ្វើ​ឡើង​ដោយ​ការ​វាយប្រហារ​សំដៅ​គោលដៅ​ស៊ី​វិល កាលពី​ក្នុង​អំឡុង​សង្គ្រាម​ពេញបន្ទុក​ចន្លោះ​ពី​ថ្ងៃ​ទី​៧ ដល់ ២៧ ខែធ្នូ ឆ្នាំ​២០២៥​ផង និង​បន្ត​បំផ្លាញ​ដោយ​កម្លាំង​គ្រឿងចក្រ និង​កម្លាំង​មនុស្ស​ក្រោយ​ពេល​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន ។
លើស​ពី​នេះ ទាហាន​ថៃ​ថែម​ទាំង​បាន​ព័ទ្ធ​យក​ដីធ្លី និង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន ហើយ​បាន និង​កំពុង​បំផ្លាញ​ចោល​ជា​បន្តបន្ទាប់ និង​បាន​លួច​ប្លន់​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​អនាធិបតេយ្យ​បំផុត ។ អំពើ​នេះ​បាន​ធ្វើ​ឱ្យ​បាត់បង់ និង​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ទ្រព្យសម្បត្តិ និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល និង​បង្ក​ការ​រាំងស្ទះ​ដល់​ការ​វិល​ត្រឡប់​វិញ​របស់​ជន​ស៊ី​វិល​ភៀស​សឹក​ទៅ​កាន់​លំនៅ​ឋាន​របស់​ពួក​គេ​វិញ ដែល​ផ្ទុយ​ពី​ស្មារតី​នៃ​សេចក្តី​ប្រកាស​រួម​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ត្រង់​ចំណុច​ទី​៤៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ