បរទេស ៖ តម្លៃមាស និងប្រេងឆៅអន្តរជាតិមានការប្រែប្រួល បន្ទាប់ពីសហរដ្ឋអាមេរិកបានវាយប្រហារឈានដល់ការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) និងភរិយារបស់លោក គឺលោកស្រី ស៊ីលៀ ហ្វ្លរេស (Cilia Flores) កាលពីចុងសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។
តម្លៃមាសអន្តរជាតិបានកើនឡើង ២% បង្កឡើងដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែធ្ងន់ធ្ងរឡើង និងតម្រូវការកាន់តែខ្លាំងសម្រាប់លោហៈធាតុដ៏មានតម្លៃ ដែលត្រូវបានចាត់ទុកជាទ្រព្យសកម្មមានសុវត្ថិភាពបំផុត។ គិតត្រឹមម៉ោង ១:៣០ នាទីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា) តម្លៃមាសអន្តរជាតិកើនឡើងដល់ ៤ ៤២៥ដុល្លារក្នុង១អោន ឬ ៥ ៣៣១ដុល្លារក្នុង១តម្លឹង ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល១សប្តាហ៍។
ដោយឡែកងាកទៅតម្លៃប្រេងឆៅអន្តរជាតិឯណោះវិញបានធ្លាក់ចុះ ខណៈដែលការផ្គត់ផ្គង់សកលគ្រប់គ្រាន់បានទូទាត់លើក្តីបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់សកល បន្ទាប់ពីសហរដ្ឋអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ នៅក្នុងប្រតិបត្តិការវាយឆ្មក់ដ៏ភ្ញាក់ផ្អើលបំផុត កាលពីថ្ងៃទី៣ ខែមករា កន្លងទៅ។
គិតត្រឹមម៉ោង ១:៣០ រសៀលថ្ងៃទី៥ ខែមករា (ម៉ោងនៅកម្ពុជា) កិច្ចសន្យាប្រេងឆៅនាពេលអនាគតរបស់ Brent បានធ្លាក់ចុះ ២៩ សេន ឬ ០,៤% នៅត្រឹម ៦០,៤៦ ដុល្លារក្នុង១បារ៉ែល ខណៈប្រេងឆៅអាមេរិក West Texas Intermediate (WTI) ធ្លាក់ចុះ ៣៣ សេន ឬ ០,៥% មកនៅត្រឹម ៥៦,៩៩ ដុល្លារក្នុង១បារ៉ែល។
សន្ទស្សន៍ប្រេងឆៅសំខាន់ៗមានភាពប្រែប្រួលនៅពេលបើកការជួញដូរនៅអាស៊ីព្រឹកថ្ងៃទី៥ ខែមករា ដោយតម្លៃទាបជាងមុន ប៉ុន្តែបានកើនឡើងបន្តិចវិញ នៅពេលក្រោយមក ខណៈបណ្តាវិនិយោគិនបានវាយតម្លៃពីភាពចលាចលនយោបាយក្នុងប្រទេសសមាជិកអង្គការនៃប្រទេសនាំចេញប្រេង OPEC និងផលប៉ះពាល់លើការផ្គត់ផ្គង់ប្រេង។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump ) បានប្រកាសថា សហរដ្ឋអាមេរិកនឹងគ្រប់គ្រងប្រទេសវេណេស៊ុយអេឡាបណ្តោះអាសន្ន រហូតមានការផ្លាស់ប្តូរអំណាចដោយសុវត្ថិភាព ត្រឹមត្រូវ និងយុត្តិធម៌ ហើយការដាក់ទណ្ឌកម្មរបស់អាមេរិកលើប្រេងរបស់វេណេស៊ុយអេឡាទាំងអស់នៅតែមានប្រសិទ្ធភាពពេញលេញ បន្ទាប់ពីឃុំខ្លួនលោក ម៉ាឌូរ៉ូ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី៤ ខែមករា កន្លងទៅ។
លោក ត្រាំ ក៏បានអះអាងថា អាមេរិកនឹងគ្រប់គ្រងប្រេងបម្រុងដ៏មហាសាលរបស់វ៉េណេស៊ុយអេឡា និងជ្រើសរើសបណ្តាក្រុមហ៊ុនអាមេរិកឱ្យវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធប្រេងដែលខូចរបស់ប្រទេសនៅអាមេរិកខាងត្បូងមួយនេះផងដែរ។
នៅក្នុងទីផ្សារសកលដែលមានការផ្គត់ផ្គង់ប្រេងច្រើន បណ្តាអ្នកវិភាគបានលើកឡើងថា ការរំខានបន្ថែមទៀតចំពោះការនាំចេញរបស់វេណេស៊ុយអេឡា នឹងមានផលប៉ះពាល់តិចតួចភ្លាមៗទៅលើតម្លៃ។ ហានិភ័យនៅមិនទាន់ច្បាស់លាស់នៅឡើយ ប៉ុន្តែកម្រិតមធ្យមចំពោះតម្លៃប្រេងក្នុងរយៈពេលខ្លីពីវេណេស៊ុយអេឡា ត្រូវមើលឃើញថា អាស្រ័យលើការប្រែប្រួលរបៀបនៃគោលនយោបាយទណ្ឌកម្មរបស់អាមេរិក។
រដ្ឋបាលព័ត៌មានថាមពលអាមេរិក (EIA) បានបង្ហាញថា ប្រទេសវ៉េណេស៊ុយអេឡាកំពុងមានប្រេងបម្រុងចំនួន ៣០៣ ពាន់លានបារ៉ែល ដែលប្រហែលមួយភាគប្រាំនៃទុនបម្រុងប្រេងសកល។ ប្រេងបម្រុងដ៏ច្រើនមហាសាលនេះបានធ្វើឱ្យវ៉េណេស៊ុយអេឡា កំពុងឈរជាប្រទេសមានទុនបម្រុងប្រេងច្រើនជាងគេបំផុតនៅលើពិភពលោក៕ ប្រភព ៖ Reuters


ចែករំលែកព័តមាននេះ