ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំបន្ទាប់ពីវាយប្រហារវេណេហ្ស៊ូអេឡា និងចាប់ខ្លួនមេដឹកនាំប្រទេសនេះ (ម៉ាឌូរ៉ូ) ដឹកយកទៅកាត់ទោសនៅអាមេរិករួច លោកឆ្លៀតព្រមានប្រទេសកូឡុំប៊ីទៀត។ លោកថាកូឡុំប៊ី ជាពិសេស ប្រធានាធិបតីប្រទេសនេះ (ដែលលោកមិនបញ្ចេញឈ្មោះ) អាចជាគោលដៅបន្ទាប់។ លោកត្រាំថាបើគុយបាវិញកំពុងរកកលនឹងដួលរលំបាត់ទៅហើយ។

លោកត្រាំថ្លែងដូចខាងលើនេះដោយមិនខ្វាយខ្វល់អំពីការបញ្ចេញប្រតិកម្មចម្រុះពីសហគមន៍អន្តរជាតិជុំវិញការប្រើប្រាស់កម្លាំងវាយប្រហារ និងលែងគិតអំពីច្បាប់អន្តរជាតិ ឬសណ្ដាប់ធ្នាប់ពិភពលោកអ្វីទាំងអស់។ ប្រធានាធិបតីប្រទេសស៊ែប៊ីដល់ថ្នាក់លាន់មាត់ថានៅដំណាក់កាលនេះ ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិលែងមានប្រសិទ្ធភាពតទៅទៀតហើយ។

ប្រទេសសម្ព័ន្ធមិត្តរបស់លោកម៉ាឌូរ៉ូដូចជាប្រេស៊ីល ឈីលី កូឡុំប៊ី ម៉ិកស៊ីកូ យូរូហ្កាយ និងអេស្ប៉ាញជាដើមប្រកាសថ្កោលទោសការវាយប្រហារវេណេហ្ស៊ូអេឡា និងចាត់ទុកថានេះជាគ្រោះថ្នាក់សម្រាប់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់។ ប៉ុន្តែលោកត្រាំមិនគិតដូច្នេះទេ។ លោកថ្លែងប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះអ៊ែហ្វស់វាន់ (Air Force One) ថាកូឡុំប៊ី និងវេណេហ្ស៊ូអេឡា «ក្លាយជាអ្នកជំងឺដ៏ធ្ងន់ធ្ងរ»។ លោកថារដ្ឋាភិបាលកូឡុំប៊ីសព្វថ្ងៃនេះដឹកនាំដោយ «អ្នកជំងឺ» ដែលចូលចិត្តផលិតកូកាអ៊ីន (គ្រឿងញៀន) និងដឹកទៅលក់នៅអាមេរិក។

លោកថាមិនអាចបណ្ដោយឱ្យបុគ្គលម្នាក់នេះធ្វើដូច្នេះតទៅទៀតទេ។ លោកមិនបានបញ្ចេញឈ្មោះអ្នកណាទេ។ ប៉ុន្តែគេអាចកាត់យល់ថាលោកចង់សំដៅលើប្រធានាធិបតីកូឡុំប៊ី លោកប៉េត្រូ (Petro) ដែលជាមហាមិត្តរបស់លោកម៉ាឌូរ៉ូ និងជាអ្នកប្រកាសថ្កោលទោសចំណាត់ការយោធារបស់អាមេរិកកាលពីថ្ងៃសៅរ៍។ នៅពេលអ្នកសារព័ត៌មានសួរថាតើលោកមានគម្រោងវាយប្រហារប្រទេសកូឡុំប៊ីដែរឬទេ លោកត្រាំឆ្លើយតបថាលោកអាចនឹងចាត់វិធានការនេះ។

ប្រធានាធិបតីកូឡុំប៊ីបានបញ្ចេញប្រតិកម្មតបទៅនឹងពាក្យសម្ដីរបស់លោកត្រាំ និងនិយាយរិះគន់ខ្លាំងៗ។ លោកថាលោកត្រាំគួរតែឈប់និយាយមួលបង្កាច់លោកតទៅទៀត។ លោកក៏បានអំពាវនាវឱ្យបណ្ដាប្រទេសនៅអាមេរិកឡាទីនត្រូវតែរួបរួមកម្លាំងគ្នា។ បើមិនដូច្នេះទេ ពួកគេនឹងក្លាយជាខ្ញុំបម្រើ ឬទាសករដាច់ថ្លៃរបស់គេគ្មានថ្ងៃងើបមុខរួចឡើយ។

បន្ទាប់ពីវេណេហ្ស៊ូអេឡាតែងតាំងលោកស្រីឌែលស៊ី រ៉ូឌ្រីហ្គេ (Delcy Rodríguez) ជាប្រធានាធិបតីស្ដីទីរួច លោកត្រាំឆ្លៀតព្រមានថាបើសិនរដ្ឋាភិបាលវេណេហ្ស៊ូអេឡាធ្វើមិនត្រឹមត្រូវ លោកត្រៀមបញ្ជូនយោធាទៅវាយប្រហារម្ដងទៀត។ លោកក៏និយាយអំពីគុយបាផងដែរ។ លោកថាពួកគុយបាស្លាប់មិនតិចនាក់ទេនៅក្នុងប្រតិបត្តិការសឹករបស់អាមេរិកវាយចូលវិមានប្រធានាធិបតីវេណេហ្ស៊ូអេឡា។ រដ្ឋមន្ត្រីការបរទេសអាមេរិកថ្លែងថាជនជាតិគុយបាជាអ្នកគ្រប់គ្រងកងសន្តិសុខដែលការពារលោកម៉ាឌូរ៉ូ។ គុយបាក៏ទទួលស្គាល់ផងដែរថាមន្ត្រីយោធា និងនគរបាលរបស់ខ្លួន៣២នាក់បានស្លាប់។ ប្រភពខ្លះថាទម្រាំយោធាអាមេរិកចូលទៅចាប់លោកម៉ាឌូរ៉ូបាន ពួកគេត្រូវបាញ់កងការពាររបស់លោកស្លាប់អស់ជាច្រើន។

ចំពោះគុយបា លោកត្រាំថាមិនចាំបាច់បញ្ជូនទ័ពទៅផ្ដួលរំលំទេព្រោះរបបដឹកនាំប្រទេសនេះគង់តែដួលដោយខ្លួនឯងដោយមិនបាច់ច្រាន។ លោកក៏ឆ្លៀតព្រមានរដ្ឋាភិបាលម៉ិកស៊ីកូផងដែរ។ លោកថាម៉ិកស៊ីកូត្រូវតែសហការគ្នាធ្វើការដោយរួសរាន់ព្រោះគ្រឿងញៀនហូរចូលប្រទេសអាមេរិកតាមម៉ិកស៊ីកូច្រើនណាស់។ រាល់ពេលសន្ទនាគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីម៉ិកស៊ីកូ លោកតែងតែនិយាយបញ្ចុះបញ្ចូលឱ្យទទួលយកយោធាអាមេរិកទៅបើកប្រតិបត្តិការនៅប្រទេសនេះដើម្បីកម្ចាត់ក្រុមជួញដូរគ្រឿងញៀន។ លោកថារដ្ឋាភិបាលម៉ិកស៊ីកូអាចចាត់ការរឿងនេះបាន ទាស់តែក្រុមកាថែល (ឈ្មួញគ្រឿងញៀន) នៅទីនោះមានកម្លាំងខ្លាំងក្លាណាស់។ នេះបើយោងតាមការផ្សាយរបស់អាល់ចាស៊ីរ៉ា (al Jazeera) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ