រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលបានសម្រេចពន្យារពេលអនុវត្តពន្ធលើចំណេញមូលធនផ្នែកអចលនទ្រព្យ រយៈពេល១ឆ្នាំទៀត ។ នេះបើតាមសេចក្តីជូនដំណឹងស្តីពីការពន្យារកាលបរិច្ឆេទ ដាក់ឱ្យអនុវត្តពន្ធលើចំណេញ មូលធនផ្នែកអចលនទ្រព្យ របស់អគ្គនាយកដ្ឋានពន្ធដារ ។
យោងតាមសេចក្តីជូនសំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី២ មករា ឆ្នាំ២០២៦ បានប្រាប់ដល់អ្នកជាប់ពន្ធ និងសាធារណជន ទាំងអស់ជ្រាបថា អនុលោមតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ លើលិខិតលេខ១២៧៩២ សហវ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលបានសម្រេចពន្យារពេលអនុវត្តពន្ធលើ ចំណេញមូលធនផ្នែកអចលនទ្រព្យរយៈពេល១ឆ្នាំទៀត ។
ប្រភពបានលើកឡើងបន្តថា ចំពោះពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ឬផ្ទេរ អចលនទ្រព្យ ត្រូវចាប់អនុវត្តលើចំណេញមូលធន ដែលកើតមានឡើង ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ ។
ដោយឡែក ពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ ឬផ្ទេរ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះ អាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស ត្រូវចាប់អនុវត្តលើចំណេញមូលធន ដែលកើតមានឡើងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នេះតទៅ ៕
ចែករំលែកព័តមាននេះ