ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​ដែល​ស្ថានីយ​បញ្ចូល​អគ្គី​ស​នី​មាន​ត្រឹមតែ​២១​កន្លែង កម្ពុជា​អាច​ទទួល​កំណើន​រថយន្ត​អគ្គិសនី​រហូត​ដល់​ជាង​២.២០០​គ្រឿង​កើនឡើង​រហូត​ដល់​៦២០​ភាគរយ ។ ពាក់ព័ន្ធ​នឹង​កំណើន​នេះ ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួរ​បាន​រាយការណ៍​ថា ការ​ចុះបញ្ជី​រថយន្ត​អគ្គិសនី កាលពី​ឆ្នាំ​២០២៤ បាន​ស្ទុះ​ឡើង​ខ្លាំង​បំផុត ។ ពាក់ព័ន្ធ​នឹង​ស្ថិតិ​នេះ​ក្រសួង​សាធារណការ…

ខណៈ​ដែល​ស្ថានីយ​បញ្ចូល​អគ្គី​ស​នី​មាន​ត្រឹមតែ​២១​កន្លែង កម្ពុជា​អាច​ទទួល​កំណើន​រថយន្ត​អគ្គិសនី​រហូត​ដល់​ជាង​២.២០០​គ្រឿង​កើនឡើង​រហូត​ដល់​៦២០​ភាគរយ ។

ពាក់ព័ន្ធ​នឹង​កំណើន​នេះ ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួរ​បាន​រាយការណ៍​ថា ការ​ចុះបញ្ជី​រថយន្ត​អគ្គិសនី កាលពី​ឆ្នាំ​២០២៤ បាន​ស្ទុះ​ឡើង​ខ្លាំង​បំផុត ។ ពាក់ព័ន្ធ​នឹង​ស្ថិតិ​នេះ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា នៅ​ទូ​ទាំង​ប្រទេស កម្ពុជា​បាន​ចុះបញ្ជី​រថយន្ត​អគ្គិសនី​សរុប​ចំនួន​២.២៥៣ គ្រឿងក្នុង​ឆ្នាំ​២០២៤ ខណៈ​ដែល​កាលពី​ឆ្នាំ​២០២៣ គឺ​មាន​ត្រឹមតែ ៣១៣​គ្រឿង​ប៉ុណ្ណោះ ។

របាយការណ៍​បាន​ឲ្យ​ដឹង​ថា ម៉ាក​រថយន្ត​អគ្គិសនី ដែល​ពេញ​និយម​បំផុត​នៅ​ពេល​នេះ គឺ​រថយន្ត​មក​ពី​ក្រុមហ៊ុន BYD របស់​ចិន ក្រុមហ៊ុន Toyota របស់​ជប៉ុន និង Tesla របស់​អា​មេ​រិ​ក និង​បណ្តា​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត ។

លោក សម រម​នា ជា​ពលរដ្ឋ​មួយ​រូប​នៅ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា រថយន្ត​អគ្គិសនី​ឥឡូវ​មិនមែន​ដូច​ជា រថយន្ត​អគ្គិសនី​ដែល​មាន​ផ្នត់គំនិត​ដូច​ជា ឡាន​បញ្ជា​របស់​ក្មេង​លេង​នោះ​ទេ ។ វា​មាន​រាង​ស្អាត ហើយ​ជា​ទូទៅ គឺ​ទំនើប​អាច​ប្រើប្រាស់​បាន​ដូច​ជា រថយន្ត​ប្រើ​ប្រេងឥន្ធនៈ​ទូទៅ​ដែរ ។

លោក​បាន​បន្ត​ថា «​ឥឡូវនេះ ទោះបីជា​ខ្ញុំ​នៅ​ជិះឡាន​ចាក់​សាំង​មែន ប៉ុន្តែ​ទៅ​ថ្ងៃ​មុខ​បើសិនជា​មាន​កន្លែង​សាក​អគ្គិសនី​នេះ​ច្រើន​ខ្ញុំ​ក៏​នឹង​ជិះឡាន​អគ្គិសនី​ដែរ​ពីព្រោះ​វា​ធូរ​ការ​ចំណាយ​ច្រើន​» ។ លោក​បាន​បន្ត​ថា ឥឡូវនេះ​អ្នក​ជិះ​រថយន្ត​អគ្គី​ស​នី​នៅ​តែ​មាន​បញ្ហា​ពិបាក​រក​កន្លែង​ដែល​សាក​នេះ ហើយ​ចំណុច​មួយទៀត​គឺថា ពេល​ដែល​ខូច​ខ្លាច​ពិបាក​រក​ជាង ប៉ុន្តែ​បើ​ឧបសគ្គ​ពីរ​នេះ​ដោះស្រាយ​បាន ម្នាក់​ៗ​ទំនងជា​នឹង​អាច​ប្តូរ​ទៅ​ប្រើប្រាស់​វា​ច្រើន ។

លោក​បាន​បន្ត​ទៀត​ថា តាម​អ្វី​ដែល​លោក​ធ្លាប់​បើករថយន្ត​អគ្គិសនី​របស់​ប្អូន ឃើញ​ថា បើ​បើក​នៅ​ក្នុង​ក្រុង គឺ​ចំណាយ​ទាប​បំផុត ហើយ​វា​ស្ងាត់ តែ​សំខាន់ គឺ​ស្ទុះ​ខ្លាំង​អាច​ដឹក​មនុស្ស​បាន​ដូច​រថយន្ត​ធម្មតា ប៉ុន្តែ​អាច​ពិបាក​រក​កន្លែង​សាក​បន្តិច​ពេល​ទៅ​តាម​ខេត្ត ដោយសារ​ភ្លើង​នៅ​ខេត្ត​រាង​ខ្សោយ ហើយ​កន្លែង​សាក​សាធារណៈ អត់​មាន ។ ពាក់ព័ន្ធ​នឹង​ការ​ចំណាយ​លោក​បាន​បញ្ជាក់​ថា «​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី គឺ​ចំណាយ​តិច​មែនទែន ពោល គឺ​១០០​គីឡូម៉ែត្រ​អស់​មិន​ដល់​៥​ដុល្លារ​ឡើយ តែ​សាំង​ដូច​រថយន្ត​ខ្ញុំ គឺ​អាច​ជាង​១០ ដុល្លារ គ្រាន់តែ​ថា វា​ស៊ាំចិត្ត​រឿង​ដើរ​រក​កន្លែង​សាក » ។

តាម​គម្រោង ដើម្បី​ចូលរួម​ចំណែក​លើកកម្ពស់​ការ​ការពារ​បរិស្ថាន និង​កាត់​បន្ថយ​ការ​ចំណាយ​ផ្សេង​ៗ​កម្ពុជា មាន គោលបំណង​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​រថយន្ត​ប្រភេទ​នេះ និង​បង្កើន​ចំនួន​រថយន្ត​អគ្គិសនី​រហូត​ដល់​៣​ម៉ឺន​គ្រឿង​នៅ​ឆ្នាំ​២០៣០ ។ យើង​នឹង​បន្ត​តាមដាន​ថា តើ​គម្រោង​នេះ​នឹង​អាច​សម្រេច​បាន​ឬ​យ៉ាងណា?

កាលពី​ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ កម្ពុជា​បាន​ចុះបញ្ជី​យានយន្ត​សរុប​ជាង​៤១​ម៉ឺន​គ្រឿង នៅ​ក្នុង​នោះ​ម៉ូតូ​មាន​ជាង​៣៥​ម៉ឺន​គ្រឿង ហើយ​រថយន្ត​ធុន​ស្រាល​មាន​ជាង​៥ ម៉ឺន​គ្រឿង និង​រថយន្ត​ធុន​ធ្ងន់​ប្រមាណ​ជា ជិត​៦​ពាន់​គ្រឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ