ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​ឆ្នាំ​កន្លង​ទៅ​នេះ មន្ត្រី​កម្ពុជា​បាន​អនុវត្ត​គោលនយោបាយ​ដើរ​គោះ​ទ្វារ​វិនិយោគទុន​បរទេស​ដល់​ប្រទេស​ជា​ច្រើន ប៉ុន្តែ​ផល​ដែល​បាន​មក​នៅ​មិន​ទាន់​ទូលំទូលាយ​ទេ ដោយ​ពេញ​មួយ​ឆ្នាំ​អ្នក​ដែល​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ច្រើន​ជាងគេ គឺ​នៅ​តែ​ម៉ូយ​ចាស់​ដដែល ដោយ​ភាគច្រើន​បំផុត គឺ​មក​ពី​ប្រទេស​ចិន ។ លទ្ធផល​នេះ ទំនងជា​តម្រូវ​អោយ​កម្ពុជា​សិក្សា​បន្ថែម​ទៀត​ពី​ចំណុចខ្លាំង…

មួយ​ឆ្នាំ​កន្លង​ទៅ​នេះ មន្ត្រី​កម្ពុជា​បាន​អនុវត្ត​គោលនយោបាយ​ដើរ​គោះ​ទ្វារ​វិនិយោគទុន​បរទេស​ដល់​ប្រទេស​ជា​ច្រើន ប៉ុន្តែ​ផល​ដែល​បាន​មក​នៅ​មិន​ទាន់​ទូលំទូលាយ​ទេ ដោយ​ពេញ​មួយ​ឆ្នាំ​អ្នក​ដែល​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ច្រើន​ជាងគេ គឺ​នៅ​តែ​ម៉ូយ​ចាស់​ដដែល ដោយ​ភាគច្រើន​បំផុត គឺ​មក​ពី​ប្រទេស​ចិន ។

លទ្ធផល​នេះ ទំនងជា​តម្រូវ​អោយ​កម្ពុជា​សិក្សា​បន្ថែម​ទៀត​ពី​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់​ខ្លួន ដើម្បី​ទាក់ទាញ​វិនិយោគ​មក​ពី​ប្រទេស​ជា​ច្រើន​ទៀត នៅ​ក្នុង​ពិភពលោក​ទន្ទឹម​នឹង​នយោបាយ​ដើរ​ទាក់​ម៉ូយ​តាម​ប្រទេស​នានា ត្រូវ​តែ​មាន​បន្ត​ដោយ​មិន​ត្រូវ​ដកថយ ។
ហេតុ​អ្វី​បានជា​កម្ពុជា​ពិបាក​ទាក់ទាញ​ការ​វិនិយោគ​ពី​ប្រទេស​ផ្សេង​ក្រៅពី​ប្រទេស​ចិន?

នេះ គឺជា​សំនួរ​ដែល​ទាមទារ​រក​ចម្លើយ​អោយ​បាន​ច្បាស់លាស់ ដើម្បី​ធ្វើ​អោយ​កិច្ចការ​ទាក់ទាញ​ការ​វិនិយោគ​បរទេស​មក​កម្ពុជា​កាន់តែ​មាន​ប្រសិទ្ធភាព ។ ក្រោយ​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​នេះ​ពេញ​មួយ​ឆ្នាំ​២០២៤ មន្ត្រី​ជំនាញ​រដ្ឋាភិបាល និង​អ្នក​នៅ​ក្នុង​វិស័យ​ឯកជន​ដែល​ពាក់ព័ន្ធ គឺ​បាន​ចេញ​ទៅ​ប្រទេស​ជា​ច្រើន​មាន​ចិន ជប៉ុន កូរ៉េ​ខាងត្បូង សហរដ្ឋអាមេរិក ទៅ​កា​ណា​ដា ទៅ​អឺរ៉ុប មាន​អេ​ស្ប៉ា​ញ និង​អា​ល្លឺ​ម៉​ង់​ជាដើម ប៉ុន្តែ​ក្រៅពី​ចិន​ដែល​ជា​ម៉ូយ​ចាស់ កម្ពុជា​អាច​ទាក់ទាញ​អ្នក​វិនិយោគទុន​ផ្សេង​ៗ​បាន​តិច​បំផុត ។

តាម​អ្វី​ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ប្រកាស​ពេញ​មួយ​ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ​កម្ពុជា​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​សរុប​មាន​តម្លៃ​៦,៩​ពាន់​លាន​ដុល្លារ​ដោយ​ទាក់ទាញ​គម្រោង​ថ្មី​បាន​៣៨៧​គម្រោង និង​គម្រោង​ពង្រីក​ផលិតកម្ម​បាន​២៧​គម្រោង ។ គម្រោង​ទាំងនេះ​បាន​បង្កើត​ការងារ​ធ្វើ​ជូន​ពលរដ្ឋ​កម្ពុជា​សរុប​៣២​ម៉ឺន​នាក់ ។

តាម​សេចក្តី​ប្រកាស​នេះ បើ​និយាយ​អំពី​ចំណុច​វិជ្ជមាន គឺថា កម្ពុជា​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​កើនឡើង​ដល់​ទៅ​១៤៦​គម្រោង នៅ​ក្នុង​នោះ​ទឹកប្រាក់ គឺ​កើន​ជិត​២​ពាន់​លាន​ដុល្លារ​ពោល គឺ​កើនឡើង​ប្រមាណ​ជា​ជិត​៤០​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២៣​កន្លង​ទៅ ។

នៅ​ក្នុង​បរិបទ​នៃ​ក្រប​ខណ្ឌ​សេដ្ឋកិច្ច គឺ​វិជ្ជមាន​ជាទី​មោ​ទ​នៈ ប៉ុន្តែ​បើ​និយាយ​អំពី​លទ្ធផល​នៃ​ការ​សម្រេច​បាន​តាម​ការ​អនុវត្ត​គោលនយោបាយ​ដើរ​គោះ​ទ្វារ​វិនិយោគទុន​បរទេស គឺ​នៅ​មិន​ទាន់​អាច​និយាយ​ថា វិជ្ជមាន​បាន​នៅឡើយ​ទេ ពីព្រោះ​ទុន​វិនិយោគ​លើ​គម្រោង​ទាំងនេះ​៤៩,៨២​ភាគរយ​ទៅ​ហើយ គឺ​បណ្តាក់ទុន​ដោយ​អ្នក​វិនិយោគទុន​លើសលុប គឺ​មក​ពី​ចិន ហើយ​៣៣,៨១​ភាគរយ​ទៀត គឺជា​អ្នក​វិនិយោគទុន​នៅ​ក្នុងស្រុក ។

លទ្ធផល​ដែល​ទទួល​បាន​នេះ​យើង​អាច​និយាយ​បាន​ថា ជា​ជោគជ័យ​នៅ​ក្នុង​ការ​ថែរក្សា​ម៉ូយ​ចាស់ ប៉ុន្តែ​រឿង​ម៉ូយ​ថ្មី លទ្ធផល​ដែល​បាន គឺ​តិចតួច​ខ្លាំង​ពេក ។ ពេញ​មួយ​ឆ្នាំ​២០២៤ កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ពី​ជប៉ុន​បាន​តែ​០,៥៨​ភាគរយ អា​មេ​រិ​កបាន​តែ​០,៤១​ភាគរយ កូរ៉េ​ខាងត្បូង​បាន​តែ​០,២៣​ភាគរយ កា​ណា​ដា​បាន​០,២៣​ភាគរយ​ដែរ អង់គ្លេស​បាន​០,១០​ភាគរយ ដូច្នេះ​ឃើញ​ថា វា​តិចតួច​មែនទែន ។

ឃើញ​លទ្ធផល​នេះ យើង​អាច​នឹង​ស្រងាកចិត្ត ក្រោយ​ឃើញ​ការ​ខិតខំ​របស់​អ្នកជំនាញ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​សូមកុំ​អាល​បាក់ទឹកចិត្ត ។ ជា​ធម្មតា ការ​ដាក់​ចេញ និង​អនុវត្ត​គោលនយោបាយ​ណាមួយ វា​មិន​អាច​ឃើញ​លទ្ធផល​នៅ​ក្នុង​រយៈពេល​ត្រឹមតែ​១​ឆ្នាំ ឬ​២​ឆ្នាំ​នោះ​ទេ ។ ការ​អនុវត្ត​គោលនយោបាយ​មួយ​បាន​ជោគជ័យ​វា​ទាមទារ​ពេលវេលា និង​ភាព​ឆ្លាត​វៃ ហើយ​បត់បែន ។
ការ​ទាក់ទាញ​គេ​ឲ្យ​យក​លុយ​គេ​ទាំង​ដុំ​មក​ចាក់​ចូល​នៅ​ក្នុង​សេដ្ឋកិច្ច​យើង​វា​ទាមទារ​ការ​សិក្សា​ច្បាស់លាស់ តាំងពី​ទីផ្សារ ទីតាំង​ភូមិសាស្ត្រ សក្តានុពល មុខទំនិញ និង​ផលិតផល​ដែល​ត្រូវការ​…​ជាដើម ។ សូមកុំ​អាល​អស់សង្ឃឹម ហើយ​បោះបង់​ការ​ខំប្រឹង​ប្រែង​ដែល​បាន​ធ្វើ​ជាង​មួយ​ឆ្នាំ​កន្លង​មកនេះ ។

ក្រោយ​ដើរ​គោះ​ទ្វា​កន្លង​មក​ពេញ​មួយ​ឆ្នាំ​២០២៤ សម្រាប់​ឆ្នាំ​២០២៥​នេះ យើង​គួរតែ​ធ្វើ​បច្ចុប្បន្នភាព​នៃ​ទីផ្សារ​ទាំងនោះ ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា អ្វី​ដែល​ជា​ឧបសគ្គ ឬ​ជា​ចំណុចខ្សោយ ។ ក្រៅពី​នោះ​យើង​ក៏​ត្រូវ​តែ​កែទម្រង់​បញ្ហា​ដែល​ពាក់ព័ន្ធ ជា​ពិសេស គឺ​ធ្វើ​យ៉ាងណា​ក៏​ដោយ​សំអាត​បញ្ហា​នានា​ដែល​ជា​កង្វល់​របស់​អ្នក​វិនិយោគទុន ឬ​ក៏​ពន្យល់​ឲ្យ​គេ​យល់ និង​ទទួល​បាន​នូវ​អ្វី​ដែល​យើង​ដាក់​ចេញ ។ ចំណែក​បណ្តា​ទូត​នានា​របស់​កម្ពុជា​នៅ​ក្នុង​ពិភពលោក​ត្រូវ​តែ​បង្កើន​ការងារ​របស់​ខ្លួន​ដោយ​មិន​ត្រូវ​ពឹងផ្អែក​តែ​លើ​មេដឹកនាំ​កំពូល​ទាំងស្រុង​នោះ​ទេ ។

ជា​ទូទៅ​គេ​មាន​លុយ យើង​មិនមែន​ទៅ​ទាក់ទង​គេ​ម្តង គេ​មក​រក​យើង​នោះ​ទេ ។ សំខាន់​ទៅ​លើក​ទី​មួយ​យើង​អាច​ដឹង​ថា គេ​ត្រូវការ​អី គេ​មាន​រស់​និយម​បែប​ណា ។ ដូច្នេះ​ហើយ យើង​គួរតែ​រក​ឱកាស​ទៅ​ទាក់ទង​គេ​ជា​ថ្មី​ម្តងទៀត ។ ការ​ទៅ​លើក​ទី​ពីរ​នេះ គឺ​ត្រូវ​តែ​រៀបចំ​ខ្លួន​យើង​ធ្វើ​យ៉ាងណា​ឲ្យ​ស្អាត និង​ឲ្យ​វា​សិច​ស៊ី ហើយ​មើលទៅ​ទាក់ទាញ​ជាង​មុន ។

ការ​ដែល​យើង​ទៅ​ដដែល​ៗ​គ្មាន​អ្វី​ដែល​ថ្មី គឺ​គេ​អាច​នឹង​ទ្រលន់​លែង​ចង់​ជួប​ក៏​ថា​បាន ប៉ុន្តែ​ប្រសិនបើ​យើង​ចេះ​សិល្បៈ​វិធី​និង​អាច​ឲ្យ​គេ​ទាក់ទាញ ពោល គឺ​អាច​ឲ្យ​គេ​មាន​ផល មាន​ប្រយោជន៍​ប្រសើរ ឬ​ក៏​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​កាន់តែ​កក់ក្តៅ គឺ​គេ​នឹង​អាច​ចាប់អារម្មណ៍​យើង​ក៏​ថា​បាន ។

សរុប​ទៅ នៅ​ពេល​ដែល​យើង​ដាក់​ចេញ​នូវ​គោលនយោបាយ​ត្រឹមតែ​មួយ​ឆ្នាំ​ហើយ​យក​វា​មក​វាយតម្លៃ​លើ​ការ​អនុវត្ត​គោលនយោបាយ​នេះ ពិតជា​មិន​ទាន់​ត្រឹមត្រូវ​នៅឡើយ​ទេ ។ ការ​វាយតម្លៃ​លើ​ការ​អនុវត្ត​គោលនយោបាយ​មួយ​ៗ​ទាមទារ​ពេលវេលា​យ៉ាង​ហោច​ណាស់​ក៏​៥ ឆ្នាំ​អី​ដែរ ប៉ុន្តែ​ការ​អនុវត្ត​ទៅ​ថ្ងៃ​មុខ គឺ​សូមកុំ​រឹងត្អឹង ។ ក្រោយ​ការ​អនុវត្ត​កន្លង​មក កន្លែង​ណា​ដែល​ជា​ចំណុចខ្សោយ​គួរតែ​កែសម្រួល​គួរតែ​ពិភាក្សា​ហើយ​ធ្វើ​បច្ចុប្បន្នភាព​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ