ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ក្នុង​ជំហាន​ឆ្ពោះទៅ​មុខ​ដ៏​សំខាន់​សម្រាប់​វិស័យ​វេជ្ជសាស្ត្រ និង​ការ​ថែទាំ​សុខភាព​របស់​ប្រទេស​កម្ពុជា និស្សិត​ជាង​១​ម៉ឺន​នាក់​នឹង​ត្រូវ​ជ្រើសរើស​ឲ្យ​ទទួល​បណ្តុះបណ្តាល​ជា​វេជ្ជបណ្ឌិត ក្រុម​គ្រូពេទ្យ និង​អ្នកជំនាញ​ផ្នែក​សេវា​សុខភាព​ផ្សេង​ទៀត​នៅ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី ។ ការ​បណ្តុះបណ្តាល​នេះ បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​សំខាន់​របស់​កម្ពុជា ក្នុង​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សុខភាព​សាធារណៈ និង​ការ​ដោះស្រាយ​តម្រូវការ​ថែទាំ​សុខភាព​ដែល​កំពុង​កើនឡើង​របស់​ប្រទេស​ជាតិ…

នៅ​ក្នុង​ជំហាន​ឆ្ពោះទៅ​មុខ​ដ៏​សំខាន់​សម្រាប់​វិស័យ​វេជ្ជសាស្ត្រ និង​ការ​ថែទាំ​សុខភាព​របស់​ប្រទេស​កម្ពុជា និស្សិត​ជាង​១​ម៉ឺន​នាក់​នឹង​ត្រូវ​ជ្រើសរើស​ឲ្យ​ទទួល​បណ្តុះបណ្តាល​ជា​វេជ្ជបណ្ឌិត ក្រុម​គ្រូពេទ្យ និង​អ្នកជំនាញ​ផ្នែក​សេវា​សុខភាព​ផ្សេង​ទៀត​នៅ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី ។

ការ​បណ្តុះបណ្តាល​នេះ បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​សំខាន់​របស់​កម្ពុជា ក្នុង​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សុខភាព​សាធារណៈ និង​ការ​ដោះស្រាយ​តម្រូវការ​ថែទាំ​សុខភាព​ដែល​កំពុង​កើនឡើង​របស់​ប្រទេស​ជាតិ ខណៈ​ដែល​វិស័យ​នេះ​នៅ​តែ​បន្ត​រង​នូវ​ការ​រិះគន់​ពី​សាធារណៈជន ហើយ​ពលរដ្ឋ​នៅ​តែ​បន្ត​វេច​លុយ​ចេញ​ទៅ​រក​ការ​ព្យាបាល​នៅ​ប្រទេស​ជិតខាង ។

នៅ​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​ប្រឈម​មុខ​នឹង​តម្រូវការ​បន្ទាន់​សម្រាប់​កម្លាំង​ពលកម្ម​ផ្នែក​វេជ្ជសាស្ត្រ និង​ការ​ថែទាំ​សុខភាព ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​វេជ្ជសាស្ត្រ​ជា​ច្រើន រួម​ទាំង​ជំងឺឆ្លង​បញ្ហា​សុខភាព​មាតា និង​ទារក និង​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ៗ​។​ល​។

ការ​ជ្រើសរើស និង​ការ​បណ្តុះបណ្តាល​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​ជំនាន់​ថ្មី​នឹង​ក្លាយជា​ផ្នែក​ដ៏​សំខាន់​មួយ ដើម្បី​លើកកម្ពស់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា ។ ប្អូន​ៗ​ទាំងនេះ​នឹង​ជួយ​កាត់​បន្ថយ​គម្លាត​ក្នុង​លទ្ធភាព​ទទួល​បាន និង​គុណភាព​នៃ​សេវា​វេជ្ជសាស្ត្រ ជា​ពិសេស​នៅ​តាម​តំបន់​ជនបទ​ដែល​ធនធានមនុស្ស​ផ្នែក​វេជ្ជសាស្ត្រ និង​ការ​ថែទាំ​សុខភាព​នៅ​មានការ​ខ្វះខាត ។

គំនិត​ផ្តួចផ្តើម​បណ្តុះបណ្តាល​ទ្រង់ទ្រាយ​ធំ​នេះ​បង្ហាញ​ពី​វិធីសាស្ត្រ​គិត​ទៅ​មុខ​ដោយ​រដ្ឋាភិបាល និង​ស្ថាប័ន​ថែទាំ​សុខភាព ដើម្បី​ពង្រឹង​ក្រប​ខណ្ឌ​សុខភាព​សាធារណៈ​របស់​ប្រទេស ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ទន្ទឹម​នឹង​ជំនាញ​បច្ចេកទេស វា​ជា​រឿង​សំខាន់​ណាស់​ក្នុង​ការ​បណ្តុះ​ប្អូន​ៗ​និស្សិត ទាំងនេះ​ឱ្យ​យល់​ដឹង​ស៊ីជម្រៅ​អំពី​ក្រមសីលធម៌​វេជ្ជសាស្ត្រ និង​ការ​ទទួលខុសត្រូវ​របស់​ពួក​គេ​ចំពោះ​សង្គម​បូក​ផ្សំ​នឹង​បច្ចេកវិទ្យា​វេជ្ជ​ស្ត្រ​ទំនើប​ៗ​ជា​ច្រើន​ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​ដាក់​ចេញ​មក ។

មក​ដល់​ពេល​នេះ រឿង​បច្ចេកទេស និង​ជំនាញ​ក៏​ដូច​ជា សមត្ថភាព​មាន​មតិ​លើក​ឡើង​ថា ធនធាន​វេជ្ជសាស្ត្រ​កម្ពុជា គឺ​គ្រាន់បើ ប៉ុន្តែ​នៅ​មាន​ន​ចំណុចខ្សោយ​នៅ​លើ​ក្រមសីលធម៌ ការ​ទទួលខុសត្រូវ និង​ការ​ប្តេជ្ញា​ចិត្ត​នៅ​ក្នុង​ការ​បំពេញ​បេស​កម្ម​នៅ​ក្នុង​នាម​ជា​អ្នក​សង្គ្រោះ​ជីវិត​មនុស្ស ។

ក្រមសីលធម៌​វេជ្ជសាស្ត្រ និង​ការ​ទទួលខុសត្រូវ​នេះ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អនុវត្ត​ផ្នែក​វេជ្ជសាស្ត្រ​ប្រកបដោយ​វិជ្ជាជីវៈ និង​គុណធម៌ ។ វា​សង្កត់ធ្ងន់​លើ​គោលការណ៍​ដូច​ជា ការ​គោរព​ចំពោះ​ស្វ័យភាព​របស់​អ្នកជំងឺ អត្ថប្រយោជន៍ និង​យុត្តិធម៌​សង្គម ជា​ពិសេស គឺ​គោលការណ៍​មនុស្សធម៌ ។ គោលការណ៍​ទាំងនេះ​ធានា​ថា អ្នកជំនាញ​ថែទាំ​សុខភាព​ធ្វើ​សកម្មភាព ដើម្បី​ផលប្រយោជន៍​ល្អ​បំផុត​របស់​ពលរដ្ឋ​ដែល​មាន​បញ្ហា​សុខភាព ដែល​ក្រុម​គ្រូពេទ្យ​អាច​រក្សា​បាន​នូវ​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​ប្រកបដោយ​វិជ្ជាជីវៈ ។

សរុប​ទៅ​ក្រោយ​ការ​បញ្ចប់​ការ​បណ្តុះបណ្តាល យើង​សង្ឃឹមថា ធនធានមនុស្ស​សរុប​ជាង ១​ម៉ឺន​នាក់​នេះ​នឹង​អាច​យល់​ពី​សារៈសំខាន់​នៃ​ការ​កសាង​ទំនុកចិត្ត​តាម​រយៈ​ការ​សម្រេចចិត្ត និង​ការ​គោរព​ភាព​ឯកជន​របស់​ពលរដ្ឋ​ដែល​ជា​អ្នកជំងឺ និង​អ្នក​ដែល​កំពុង​តែ​ស្រែក​ឃ្លាន​នូវ​សេវា​សុខភាព​មួយ​ដែល​មានគុណ​ភាព តម្លាភាព និង​គុណធម៌ ព្រមទាំង​ការ​ទទួលខុសត្រូវ​ខ្ពស់ ។

យើង​ក៏​សង្ឃឹម​ផង​ដែរ​ថា ប្អូន​ៗ​ដែល​រៀន​ចប់​នឹង​ក្លាយជា​ធនធាន​វេជ្ជសាស្ដ្រ​ដែល​យល់​ពី កាតព្វកិច្ច​ក៏​ដូច​ជា តួនាទី​ដែល​អាច​នឹង​ចូលរួម​ធានា​បាន​ថា ពួក​គេ​នឹង​អាច​ផ្តល់​នូវ​ស្តង់ដារ​នៃ​ការ​ព្យាបាល និង​រក្សា​ក្បួន​វេជ្ជសាស្ត្រ​ខ្ពស់​បំផុត​ឆ្លើយ​តប​នឹង​បញ្ហា​ប្រឈម​នានា​ដែល​វិស័យ​វេជ្ជសាស្ត្រ​នៅ​ក្នុង​ប្រទេស​កំពុង​តែ​ប្រឈម ។

ប្អូន​ៗ​នឹង​ក្លាយជា​ធនធានមនុស្ស​ថ្មី​ដែល​នឹង​ចូលរួម​ធានា​បាន​ថា ការ​ព្យាបាល​អ្នកជំងឺ​ដោយ​ការ​យល់ចិត្ត និង​ការ​យោគយល់​ជំរុញ​ឱ្យ​មាន​ទំនាក់ទំនង​វិជ្ជមាន​រវាង​អ្នកជំងឺ និង​ក្រុម​គ្រូពេទ្យ និង​លើកទឹកចិត្ត​ឱ្យ​មានគុណ​ភាព​នៃ​សេវាកម្ម​សុខាភិបាល​កាន់តែ​ប្រសើរ​ឡើង ។

សូម​អោយ​ឈាម​ថ្មី​ផ្តល់​ក្តី​សង្ឃឹម​ថ្មី​ដល់​ប្រជាជន​ក្នុង​ការ​ទទួល​បានការ​ថែទាំ ពិនិត្យ និង ព្យាបាល ជំងឺ​ប្រកបដោយ​គុណភាព ។ ចំណែក​ប្រជាជន​កាន់តែ​ផ្តល់​សេចក្តី​ទុកចិត្ត​ចំពោះ​សេវា​សុខភាព​នៅ​កម្ពុជា ហើយ​ឈប់​នាំ​គ្នា​វេច​លុយ​អោយ​ពេទ្យ​នៅ​ក្រៅប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ