ខេត្តមណ្ឌលគិរី ៖ យ៉ាងហោចណាស់មនុស្សម្នាក់ បានបាត់បង់ជីវិត ក្នុងចំនួនមនុស្សបួននាក់ ដែលរងការវាយប្រហារពីហ្វូងសត្វឃ្មុំ ដែលហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ ខណៈជនរងគ្រោះកំពុងដេកលើអង្រឹង ក្រោមដើមប័រ ក្នុងភូមិពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
តាមកំណត់ហេតុរបស់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះក្នុងករណីឃ្មុំចង្អេរទិច រហូតបានបង់ជីវិត មានឈ្មោះ អឹម វណ្ណេត ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិកើតហេតុខាងលើ ។
ប្រភពបានបន្តថា តាមការបំភ្លឺរបស់ឈ្មោះ ឈាង បូរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ត្រូវជាកូនធម៌របស់ស្ត្រីរងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង១៣និង២៥នាទីថ្ងៃទី១៥ ខែមករា ខ្ញុំកំពុងតែដេកលើអង្រឹងក្រោមផ្ទះ ហើយពេលនោះ ខ្ញុំបានឮសំឡេងស្រែករបស់មីងឈ្មោះ អ៊ឹម វណ្ណេត ដែលបានមកស្នាក់នៅជិតផ្ទះរបស់ខ្ញុំ ក្រោយមក ខ្ញុំក៏រត់ទៅមើល ក៏ឃើញគាត់កំពុងតែលើកដៃបក់ឃ្មុំ ដែលកំពុងទិចគាត់ ជាច្រើនមេ នៅក្រោមដើមប័រ ដោយពុំដឹងថា សត្វឃ្មុំនោះ ហើរមកពីណាទេ ។
ឈ្មោះ ឈាង បូរ៉ា បំភ្លឺទៀតថា ឃើញបែបនោះ ខ្ញុំក៏រត់ទៅជួយគាត់ ដោយយកភួយក្របពីលើគាត់ រួមទាំងខ្ញុំផងដែរ ហើយខ្ញុំក៏ប្រាប់គាត់ថា តោះរត់ចេញពីទីនេះ ហើយគាត់ក៏តបថា រត់មិនរួចទេ ពេលនោះមីងឈ្មោះ អឹម វណ្ណេត ក៏ដួលសន្លប់ ឃើញបែបនេះ ខ្ញុំក៏រត់ ចេញមក ដើម្បីរកគេជួយ ខ្ញុំរត់ដល់ផ្ទះយាយមុំ តែមិនមានមនុស្សនៅ ខ្ញុំក៏រត់ទៅផ្ទះចែស្រីមា ក៏ឃើញ ចែស្រីមា និងកូន ប្រុសរបស់គាត់ កំពុងត្រូវបានសត្វឃ្មុំទិចដូចគ្នា ហើយខ្ញុំក៏និយាយថា ចែទៅជួយមើលម៉ែធម៌របស់ខ្ញុំផង គាត់ត្រូវសត្វឃ្មុំទិច ដែរខ្លាំងណាស់ ឥឡូវដួលសន្លប់ហើយ ។
ជនរងគ្រោះពីហ្វូងសត្វឃ្មុំ បានបន្តទៀតថា ដោយឃើញឃ្មុំហើរចេញអស់ ខ្ញុំក៏លើកគាត់ដាក់លើម៉ូតូ ដឹកគាត់មកមណ្ឌលសុខភាព ឃុំស្រែអំពូល ដើម្បីឱ្យគ្រូពេទ្យជួយសង្គ្រោះគាត់ តែពេទ្យបានប្រាប់ថា គឺគាត់(ម៉ែធម៌)បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានធ្វើការត្រួតពិនិត្យ លើផ្ទៃមុខ និងដងខ្លួន ឃើញថា មានទ្រនិចឃ្មុំចង្អេរ ជាច្រើនលើដងខ្លួន និងផ្ទៃមុខជនរងគ្រោះ សរុប ៦៧កន្លែង ។ ដូច្នេះមន្ត្រីជំនាញ សន្និដ្ឋានថា ស.ពខាងលើពិត ជាបានស្លាប់ ដោយសាឃ្មុំចង្អេរទិច ពិតប្រាកដមែន ៕
ចែករំលែកព័តមាននេះ