ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ចង់​រំដោះខ្លួន​ចេញពី​ឧស្សាហកម្ម​កាត់ដេរ​ដែល​ជា​ឧស្សាហកម្ម​អតិពលកម្ម ទៅ​រក​ឧស្សាហកម្ម​អេ​ឡិច​ត្រូ​និក និង​គ្រឿង​បង្គំ​គ្រឿងយន្ត​ដែល​ជា​ឧស្សាហកម្ម​ធុន​មធ្យម កម្ពុជា​ត្រូវការ​ស៊ីពេល​ច្រើន​ហើយ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ណាស់​បន្ថែម​ទៀត ។ យោង​ទៅ​របាយការណ៍​បូក​សរុប​ការងារ​ពាណិជ្ជកម្ម ឆ្នាំ​២០២៤ និង​ទិស​ដៅ​ឆ្នាំ​២០២៥ បាន​បង្ហាញ​ថា…

បើ​ចង់​រំដោះខ្លួន​ចេញពី​ឧស្សាហកម្ម​កាត់ដេរ​ដែល​ជា​ឧស្សាហកម្ម​អតិពលកម្ម ទៅ​រក​ឧស្សាហកម្ម​អេ​ឡិច​ត្រូ​និក និង​គ្រឿង​បង្គំ​គ្រឿងយន្ត​ដែល​ជា​ឧស្សាហកម្ម​ធុន​មធ្យម កម្ពុជា​ត្រូវការ​ស៊ីពេល​ច្រើន​ហើយ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ណាស់​បន្ថែម​ទៀត ។

យោង​ទៅ​របាយការណ៍​បូក​សរុប​ការងារ​ពាណិជ្ជកម្ម ឆ្នាំ​២០២៤ និង​ទិស​ដៅ​ឆ្នាំ​២០២៥ បាន​បង្ហាញ​ថា ចក្ខុវិស័យ​នេះ ពិតជា​បាន​ចេញដំណើរ​ទៅ​ហើយ​មាន​វឌ្ឍនភាព​មែន ប៉ុន្តែ​វា​ហាក់ដូចជា​នៅ​យឺត ហើយ​នៅ​ធាក់​ថយ​នៅឡើយ ។

មក​ដល់​ពេល​នេះ​ស្ថិតិ​បាន​បង្ហាញ​ថា នៅ​ក្នុង​ចំណោម​ផលិតផល​នាំ​ចេញ​របស់​កម្ពុជា​ទាំងអស់ កាលពី​ឆ្នាំ​២០២៤ ដែល​មាន​តម្លៃ​ប្រមាណ​ជា​ជាង​២៤​ពាន់​លាន​ដុល្លារ ការ​នាំ​ចេញ​ផលិតផល​ឧស្សាហកម្ម​ពាក់ព័ន្ធ​នឹង​កាត់ដេរ គឺ​នៅ​តែ​ឈរ​នៅ​លើ​លំដាប់​កំពូល​នៃ​មុខទំនិញ​នាំ​ចេញ ខណៈ​ដែល​ការ​នាំ​ចេញ​គ្រឿង​បង្គំ​អគ្គិសនី និង​អេ​ឡិច​ត្រូ​និក គឺ​នៅ​មាន​បរិមាណ​ទាប​ជាង​ឆ្ងាយ ហើយ​ផលិតផល​ខ្លះ​មានការ​ធាក់​ថយ​គួរ​ឲ្យ​កត់សម្គាល់​ថែម​ទៀត ។

តួលេខ​នៃ​ការ​នាំ​ចេញ​នៅ​ក្នុង ឆ្នាំ​២០២៤ បាន​បង្ហាញ​នូវ​គម្លាត​នេះ​យ៉ាង​ច្បាស់លាស់ ដោយ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ការ​នាំ​ចេញ​ផលិតផល​ជា​សម្ភារ​ធ្វើ​ដំណើរ និង​ស្បែកជើង ដែល​យើង​ហៅ​ថា ជា​ឧស្សាហកម្ម​ធុន​ស្រាល ឬ​ឧស្សាហកម្ម​អតិពលកម្ម​នៅ​តែ​នាំមុខ​ជាមួយនឹង​បរិមាណ​នាំ​ចេញ​មាន​តម្លៃ​ដល់​ទៅ​ជាង​១២​ពាន់​លាន​ដុល្លារ​ទៅ​ហើយ ខណៈ​ដែល ការ​នាំ​ចេញ​គ្រឿង​អេ​ឡិច​ត្រូ​និក និង​គ្រឿង​បង្គំ​ផ្សេង​ៗ គឺ​មាន​តម្លៃ​ត្រឹមតែ​ជិត​៣​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ។

តម្លៃ​នៃ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​កាត់ដេរ​មាន​តម្លៃ​ជាង​៨,៩៤​ពាន់​លាន​ដុល្លារ សម្ភារៈ​ធ្វើ​ដំណើរ​ជាង​១,៧៨​ពាន់​លាន​ដុល្លារ ហើយ​ស្បែកជើង​ជាង​១,៥០ ពាន់​លាន​ដុល្លារ ។ ផលិតផល​ឧស្សាហកម្ម​ធុន​ស្រាល​ទាំងនេះ គឺ​មាន​កំណើន​ជាង​២០​ភាគរយ​ថែម​ទៀត​ធៀប​នឹង​ឆ្នាំ​២០២៣ ។

ដោយឡែក ផលិតផល​ឧស្សាហកម្ម​ធន​មធ្យម គឺ​មិន​ត្រឹមតែ​មាន​បរិមាណ​តិច​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​មានការ​ថយ​ចុះ​ថែម​ទៀត​ផង ។
ស្ថិតិ​បាន​បង្ហាញ​ថា ការ​នាំ​ចេញ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ចំ​តែ​ម្តង គឺ​មាន​បរិមាណ​ត្រឹមតែ​ជាង ៩៣៨​លាន​ដុល្លារ​ថយ​ចុះ​ជិត​៤​ភាគរយ បន្ទះ​សូ​ឡា គឺ​តម្លៃ​ត្រឹមតែ​ជាង​៨៣០​លាន​ដុល្លារ ថយ​ចុះ​ជិត​៥៨​ភាគរយ​ឯណោះ ។ ក្រៅពី​នោះ​ទោចក្រយាន គឺ​មាន​តម្លៃ​ត្រឹមតែ​ជិត​៣៧៥​លាន ថយ​ចុះ​ជិត​២០​ភាគរយ ។

នៅ​ក្នុង​ចំណោម​ផលិតផល​ឧស្សាហកម្ម​ធុន​មធ្យម​ដែល​កម្ពុជា​អាច​នាំ​ចេញ​កើន គឺ​មាន​តែ​សំបក​កង់​ទេ គឺ​អាច​នាំ​ចេញ​បាន​ជាង​៧៧២ លាន​ដុល្លារ កើន​១៣៥​ភាគរយ ។

មក​ដល់​ពេល​នេះ​កម្ពុជា​បាន​កំពុង​តែ​ដាក់​ចេញ​នូវ​គោលដៅ​ជំរុញ និង​កែប្រែ​ក៏​ដូច​ជា ធ្វើ​ទំនើប​កម្ម​រចនា​សម្ព័​ន​ឧស្សាហកម្ម​នៅ​ក្នុង​ប្រទេស​ពី​ឧស្សាហកម្ម​ធុន​ស្រាល​ដែល​ជា​ឧស្សាហកម្ម​អតិពលកម្ម ឈាន​ទៅ​រក​ឧស្សាហកម្ម​ធុន​មធ្យម​ផ្អែក​លើ​ជំនាញ និង​ការងារ​កាន់តែ​ប្រសើរ ។ ដើម្បី​ជំរុញ​ការ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​នេះ រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​បណ្តុះ​ជំនាញ​របស់​យុវជន​រហូត​ដល់​ទៅ​១,៥​លាន​នាក់ ដើម្បី​ឲ្យ​យុវជន​អាច​មាន​សមត្ថភាព​បង្កើត​តម្លៃបន្ថែម និង​ដើម្បី​ឈាន​ទៅ​ទ្រទ្រង់​ដំណើរការ​អភិវឌ្ឍ​ឧស្សាហកម្ម​នៅ​ក្នុង​ប្រទេស ។

ពាក់ព័ន្ធ​នឹង​គោលដៅ​នេះ អ្នកវិភាគ​បាន​លើក​ឡើង​ថា នេះ គឺជា​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​ដើម្បី​រៀបចំ​ជ​ន្ទ​ល់​មូលដ្ឋាន​ឲ្យ​ហើយ​រួច​ជា​ស្រេច ដើម្បី​ត្រៀមខ្លួន​អភិវឌ្ឍន៍​ឧស្សាហកម្ម​ពី​អតិពលកម្ម​ឈាន​ឆ្ពោះទៅ​រក​ឧស្សាហកម្ម​ដែល​មាន​ជំនាញ​ខ្ពស់ ជា​ពិសេស គឺ​គ្រឿង​អេ​ឡិច​ត្រូ​និក និង​គ្រឿង​បង្គំ​មេកានិច​នេះ ប៉ុន្តែ​គុណភាព និង​លទ្ធភាព​នៃ​ការ​បណ្តុះបណ្តាល​នៅ​មាន​កម្រិត បើ​ធៀប​នឹង​ប្រទេស​ជិតខាង​ពិសេស គឺ វៀតណាម និង​ថៃ ។

ការ​ផ្លាស់​ប្តូរ និង​ធ្វើ​ទំនើប​កម្ម​ឧស្សាហកម្ម​ពី​កម្រិត​មួយ​ទៅ​កម្រិត​មួយទៀត​វា​តម្រូវ​ឱ្យ​មានការ​វិនិយោគ​យ៉ាងច្រើន​ក្នុង​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​ក៏​ដូច​ជា ការ​លើកទឹកចិត្ត ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ដែល​ទាមទារ​ការ​យកចិត្តទុកដាក់​ខ្ពស់ ។

ទាំងនេះ គឺជា​ឧបសគ្គ ប៉ុន្តែ​កម្ពុជា​អាច​នឹង​សម្រេច​បាន ប្រសិនបើ​គ្រប់​គ្នា​ដាក់ចិត្ត​ដាក់​កាយ​ដោយ​សុច្ចរិត​ភាព ដើម្បី​បង្កើត​ទីផ្សារ​ពិសេស ឬ​ផ្តល់​នូវ​គុណសម្បត្តិ​ប្រកួតប្រជែង ដើម្បី​ទទួល​បាន​ទីតាំង​ឈរជើង​មួយ ។ សព្វ​ថ្ងៃនេះ​យើង​មាន​គោលនយោបាយ និង​ច្បាប់ ដែល​ជា​ផែនទី​បង្ហាញផ្លូវ​ច្បាស់លាស់​សម្រាប់​ការ​ធ្វើ​ពិពិធ​កម្ម រួម​ទាំង​ការ​លើកទឹកចិត្ត​សម្រាប់​ឧស្សាហកម្ម​បច្ចេកវិទ្យា​ខ្ពស់ និង​ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​កែ​លម្អ​បរិយាកាស​អាជីវកម្ម ប៉ុន្តែ​សំខាន់ គឺ​យើង​ត្រូវ​ប្តេជ្ញា​ចិត្ត​ខ្ពស់​បំផុត ដើម្បី​សម្រេច​បាន ។

សរុប​ទៅ​ដំណើរ​របស់​ប្រទេស​កម្ពុជា ដើម្បី​រំដោះខ្លួន​ចេញពី​ឧស្សាហកម្ម​កាត់ដេរ ទៅ​រក​ឧស្សាហកម្ម​អេ​ឡិច​ត្រូ​និក និង​គ្រឿង​បង្គំ​គ្រឿងយន្ត ដែល​ជា​ឧស្សាហកម្ម​ធុន​មធ្យម គឺជា ការ​រត់ប្រណាំង ដែល​ទាមទារ​ការ​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​និរន្តរភាព ការ​វិនិយោគ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​បំផុត​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ។ ខណៈ​ពេល​ដែល​វឌ្ឍនភាព​មាន​ភាព​យឺតយ៉ាវ មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​ផ្លាស់​ប្តូរ​គួរតែ​ពង្រឹង​បន្ថែម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ