ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិមិនបានប្រកាសថា សម្តេចធិបតីនឹងចេញទៅទស្សនៈកិច្ចនៅប្រទេសណាដំបូងគេនៅឆ្នាំថ្មីឆ្នាំ២០២៥នៅឡើយ ប៉ុន្តែប្រសិនបើយោងតាមអ្វីដែលក្រសួងនេះបានរៀបចំដំណើរទស្សនៈកិច្ចបើកទំព័រការទូតសេដ្ឋកិច្ចថ្មីរបស់កម្ពុជាទំនងជាហ្វីលីពីនតែម្តង ។ ហេតុផលដែលយើងហ៊ានលើកឡើងបែបនេះ គឺដោយសារតែកាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី…
ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិមិនបានប្រកាសថា សម្តេចធិបតីនឹងចេញទៅទស្សនៈកិច្ចនៅប្រទេសណាដំបូងគេនៅឆ្នាំថ្មីឆ្នាំ២០២៥នៅឡើយ ប៉ុន្តែប្រសិនបើយោងតាមអ្វីដែលក្រសួងនេះបានរៀបចំដំណើរទស្សនៈកិច្ចបើកទំព័រការទូតសេដ្ឋកិច្ចថ្មីរបស់កម្ពុជាទំនងជាហ្វីលីពីនតែម្តង ។
ហេតុផលដែលយើងហ៊ានលើកឡើងបែបនេះ គឺដោយសារតែកាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់ទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅប្រទេសនេះ ។ ក្រសួងនេះមិនបានបញ្ជាក់អំពីពេលវេលាច្បាស់លាស់នៃដំណើរទស្សនៈកិច្ចនេះនៅឡើយទេ គ្រាន់តែថា ដំណើរទស្សនៈកិច្ចផ្លូវការរបស់សម្តេចធិបតីនៅហ្វីលីពីន គឺគ្រោងនឹងធ្វើឡើងនៅខែកុម្ភៈ ។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋដែលគ្រោងធ្វើនៅខែកុម្ភៈខាងមុខនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងគោលនយោបាយការបរទេសរបស់កម្ពុជា និងបញ្ជាក់ឡើងវិញនូវការចូលរួមយ៉ាងសកម្មរបស់ខ្លួនក្នុងការជំរុញរបៀបវារៈរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ។ បន្ទាប់ពីឡើងកាន់តំណែងសម្តេចធិបតី បានអញ្ជើញធ្វើដំណើរទៅឥណ្ឌូនេស៊ីភ្លាមៗ ក្រោយមកបានចេញទៅវៀតណាម ឡាវ ថៃ ម៉ាឡេស៊ី សិង្ហបុរី ជាដើម ។
ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់សម្តេចធិបតី ធ្វើឡើងក្នុងដំណាក់កាលដ៏សំខាន់មួយសម្រាប់អាស៊ានដោយសារតំបន់នេះកំពុងតែបន្តស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមថ្មីៗដែលនឹងអាចកើតមាន ជាពិសេស គឺសង្គ្រាមពាណិជ្ជកម្មជុំថ្មីរវាងសហរដ្ឋអាមេរិក និងចិន ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយប្រឈមនឹងកោលាហលផ្សេងៗនៅលើពិភពលោក ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការប្រែប្រួលអាកាសធាតុ។ល។
កម្ពុជាក្នុងនាមជាសមាជិកសកម្មមួយរបស់អាស៊ានបានបញ្ជាក់យ៉ាងខ្ជាប់ខ្ជួននូវឯកភាពតំបន់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិភាព ។ ដំណើរទស្សនកិច្ចនេះទៅហ្វីលីពីនគឺជាដំណើរដែលនឹងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រីចំពោះគោលដៅរួមទាំងនេះ និងផ្តល់ឱកាស ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពហុភាគី ។
របៀបវារៈសំខាន់មួយក្នុងចំណោមរបៀបវារៈសំខាន់នៃដំណើរទស្សនកិច្ចនេះទំនងជានឹងផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ ។ ហ្វីលីពីន អាចជាទីផ្សារទំនិញកសិកម្មមួយរបស់កម្ពុជា ទោះជាវិស័យកសិកម្មក៏ជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចហ្វីលីពីនក៏ដោយ ប៉ុន្តែកម្ពុជាអាចនឹងរកឱកាសបំពេញអ្វីដែលទីផ្សារនៅហ្វីលីពីនខ្វះខាត ដើម្បីចែករំលែក និងបំពេញបន្ថែម ហើយកិច្ចសហប្រតិបត្តិការដែលប្រសើរឡើងអាចផ្តល់ផលប្រយោជន៍យ៉ាងសំខាន់ដល់ប្រជាជាតិទាំងពីរ ។
នៅក្នុងដំណើរទស្សនៈកិច្ចនេះ សម្តេចធិបតីអាចនឹងធ្វើការការសង្កត់ធ្ងន់លើការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ក្នុងអាស៊ាន ជាពិសេស គឺរវាងប្រទេសទាំងពីរ ស្របតាមរបៀបវារៈនៃការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន ។ ការពិភាក្សាក្នុងអំឡុងពេលទស្សនកិច្ចនេះ ត្រូវបានគេរំពឹងថា នឹងស្វែងរកមធ្យោបាយសម្រាប់ការវិនិយោគទៅវិញទៅមក ជាពិសេសក្នុងវិស័យពាក់ព័ន្ធ ។ ទិដ្ឋភាពសំខាន់មួយទៀតនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ គឺបញ្ហាសន្តិសុខក្នុងតំបន់ និងកង្វល់ខាងភូមិសាស្ត្រនយោបាយ ។
ស្របតាម មជ្ឈភាពរបស់អាស៊ានសម្តេចធិបតី ក៏នឹងអាចពិភាក្សាជាមួយនឹងមេដឹកនាំហ្វីលីពីន លើបញ្ហាដូចជា សមុទ្រចិនខាងត្បូង ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអាស៊ាន និងការលើកកម្ពស់ការដោះស្រាយជម្លោះដោយសន្តិវិធី ខណៈដែលហ្វីលីពីនដែលមានទីតាំងយុទ្ធសាស្ត្រ និងផលប្រយោជន៍ដែនសមុទ្រច្រើន គឺជាដៃគូដ៏សំខាន់ក្នុងការធានាថា សំឡេងរបស់អាស៊ាននៅតែមានភាពស៊ីសង្វាក់គ្នា និងមានប្រសិទ្ធភាពនៅលើពិភពលោក ។
ជាងនេះទៅទៀតដំណើរទស្សនកិច្ចនេះក៏ជាឱកាសមួយ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកម្ពុជា-ហ្វីលីពីន ។ គំនិតផ្តួចផ្តើមដែលមានបំណងជំរុញការផ្លាស់ប្តូរវប្បធម៌ កិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងការច្នៃប្រឌិតរួមគ្នាអាចធ្វើឲ្យការយល់ដឹងគ្នាទៅវិញទៅមក និងមិត្តភាពរវាងប្រជាជាតិទាំងពីរកាន់តែស៊ីជម្រៅ ។
សរុបទៅ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសហ្វីលីពីន នៅពេលខាងមុខតំណាងឱ្យការប្តេជ្ញាចិត្តរបស់កម្ពុជានៅក្នុងការពង្រឹងចំណងមិត្តភាពនិងសាមគ្គីភាពក៏ដូចជា ភាតរភាពនៅក្នុងតំបន់ ។ វាជាការបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជាចំពោះរបៀបវារៈអាស៊ាន ។
ដោយផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ស្ថិរភាពក្នុងតំបន់ ភាពធន់នឹងអាកាសធាតុ និងការផ្លាស់ប្តូរវប្បធម៌ ដំណើរទស្សនកិច្ចនេះបញ្ជាក់ពីតួនាទីរបស់កម្ពុជាក្នុងនាមជាសមាជិកដ៏សកម្មរបស់អាស៊ាន ។ វាក៏ជាការឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមនៃតំបន់អាស៊ីអាគ្នេយ៍ដ៏ស្អិតរមួត វិបុលភាព និងនិរន្តរភាព ដោយធានាថា អាស៊ាននៅតែជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងវឌ្ឍនភាពក្នុងតំបន់ ៕
ចែករំលែកព័តមាននេះ