ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូលកីឡាករអុកចិន៣រូប រង​បំរា.ម​អស់មួយជីវិត ជុំវិញការកំណត់លទ្ធផលប្រកួត

15 ម៉ោង មុន

ប្រទេសចិន ៖ សមាគមអុកបុរាណ Xiangqi របស់ប្រទេសចិន បានប្រកាសកាលពីពេលថ្មីៗនេះថា កីឡាករអាជីពចំនួន៤១នាក់ និងកំពូលកីឡាករអុកចំនួន៣រូប រួមមាន Zhao…

ប្រទេសចិន ៖ សមាគមអុកបុរាណ Xiangqi របស់ប្រទេសចិន បានប្រកាសកាលពីពេលថ្មីៗនេះថា កីឡាករអាជីពចំនួន៤១នាក់ និងកំពូលកីឡាករអុកចំនួន៣រូប រួមមាន Zhao Xinxin, Wang Yang និង Zheng Weitong រងបម្រាមមិនឱ្យពាក់ព័ន្ធនឹងអុកបុរាណចិន Xiangqi អស់មួយជីវិត ជុំវិញការកំណត់លទ្ធផលប្រកួត។ នេះបើយោងតាមការចេញផ្សាយនៅលើទូរទស្សន៍ចិន CCTV និងសារព័ត៌មានចិន Global Times។

ការដាក់បម្រាមនេះមានន័យថា កីឡាករទាំង៤១នាក់ ត្រូវបានហាមឃាត់ជាអចិន្ត្រៃយ៍ពីការចូលរួមសកម្មភាពប្រកួត ឬព្រឹត្តិការណ៍រៀបចំដោយសមាគមអុកបុរាណចិន Xiangqi រួមទាំងសហព័ន្ធជាសមាជិក។ កីឡាករជាប់បម្រាមក៏នឹងត្រូវដកតំណែងជើងឯកកំពូលពួកគេទាំងអស់។ ហើយលើសពីនេះក៏អាចប្រឈមមុខនឹងផ្លូវច្បាប់ផងដែរ។

ការឈ្នះជើងឯក Grandmaster ជាពានរង្វាន់ខ្ពស់បំផុតផ្តល់ដោយសមាគមអុកបុរាណចិន Xiangqi ឬហៅម្យ៉ាងទៀតថា អុកដំរី ដ៏មានប្រជាប្រិយភាពខ្លាំងរាប់រយឆ្នាំមកហើយនៅទូទាំងអាស៊ី ដល់កីឡាករឈ្នះជើងឯកឯកត្តជនថ្នាក់ជាតិ ឬទទួលបានចំណាត់ថ្នាក់ខ្ពស់ក្នុងការប្រកួតជាក្រុម។ មុនមានរឿងអាស្រូវនេះ ចិនមានកីឡាករលំដាប់កំពូល ឬGrandmaster ជាង៣០នាក់។ កីឡាករ Zhao Xinxin វ័យ៣៥ឆ្នាំ គឺជាអតីតជើងឯកថ្នាក់ជាតិ និងជាជើងឯកពិភពលោក ដោយបានឈ្នះពានរង្វាន់ក្នុងឆ្នាំ ២០០៩ និង ២០១៩។ រីឯកីឡាករ Zheng Weitong វ័យ៣១ឆ្នាំ ធ្លាប់ជាកីឡាករលេចធ្លោមួយរូបនៅក្នុងវិស័យអុក Xiangqi របស់ប្រទេសចិន ដោយឈ្នះជើងឯកថ្នាក់ជាតិក្នុងឆ្នាំ ២០១៤ និង ២០១៥ និងជើងឯកពិភពលោកក្នុងឆ្នាំ ២០១៥។ ចំណែកកីឡាករ Wang Yang អាយុ៤១ឆ្នាំបានឈ្នះពានរង្វាន់ជាតិក្នុងឆ្នាំ ២០១៨។

ការស៊ើបអង្កេតរបស់អាជ្ញាធរបានចាប់ផ្តើមនៅចុងឆ្នាំ ២០២៣ បានរកឃើញការកំណត់លទ្ធផលប្រកួតក្នុងចំណោមកីឡាករអុកបុរាណចិនកំពូលៗជាច្រើននាក់។ ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានរាយការណ៍ថា កីឡាករទាំងនេះ ត្រូវបានចោទប្រកាន់ថាបង់ប្រាក់ឱ្យគូប្រកួតដើម្បីចាញ់ការប្រកួត គោលបំណងដើម្បីកំណត់ស្ថិតិល្អរបស់ពួកគេ និងធានាបាននូវតំណែងជើងឯកពានរង្វាន់ធំ។

បន្ថែមពីលើការដាក់បម្រាមអស់មួយជីវិត កីឡាករចំនួន៣៨នាក់ផ្សេងទៀត បានប្រឈមមុខនឹងការពិន័យកម្រិតផ្សេងៗគ្នា រាប់ចាប់ពីការស្តីបន្ទោសជាសាធារណៈ រហូតដល់ការព្យួរអាជីពរយៈពេលជាច្រើនឆ្នាំ៕ (ដកស្រង់ ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ