ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AFF Cup 2024 ៖ វៀតណាមចាយពេលជិត២៧ឆ្នាំ ទម្រាំឈ្នះថៃក្នុងទឹកដីខ្លួនឯង

2 ថ្ងៃ មុន

ប្រទេសវៀតណាម ៖ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ឈ្នះក្រុមការពារតំណែងជើងឯកថៃ ដោយលទ្ធផល ២-១ ដែលជាជំនួបវគ្គផ្តាច់ព្រ័ត្រ ជើងទី១ ពានរង្វាន់ AFF…

ប្រទេសវៀតណាម ៖ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ឈ្នះក្រុមការពារតំណែងជើងឯកថៃ ដោយលទ្ធផល ២-១ ដែលជាជំនួបវគ្គផ្តាច់ព្រ័ត្រ ជើងទី១ ពានរង្វាន់ AFF Cup ឆ្នាំ ២០២៤ ធ្វើឡើងនៅកីឡដ្ឋាន Viet Tri កាលពីថ្ងៃទី២ ខែមករា ឆ្នាំ ២០២៥។ ជ័យជម្នះនេះ វៀតណាមបានបិទបញ្ចប់ការរង់ចាំអស់រយៈពេលជិត២៧ឆ្នាំ ដើម្បីយកឈ្នះថៃក្នុងទឹកដីខ្លួនឯង។ នេះបើយោងតាមប្រភពពីសារព័ត៌មាន VnExpress។

ខ្សែប្រយុទ្ធដើមកំណើតប្រេស៊ីល Rafaelson Bezerra Fernandes ដែលមានឈ្មោះវៀតណាម Nguyen Xuan Son គឺជាអ្នករកគ្រាប់ជ័យជម្នះសម្រាប់ម្ចាស់ផ្ទះវៀតណាម នៅនាទីទី៥៩ និង ៧៣ មុនពេលខ្សែការពារ Chalermsak Aukkee រក១គ្រាប់ឱ្យក្រុមភ្ញៀវថៃ នៅនាទីទី ៨៣។

ខ្សែប្រយុទ្ធ Nguyen Xuan Son កំពុងបន្តឈរកំពូលតារាងកីឡាកររកគ្រាប់ច្រើនជាងគេប្រចាំពានរង្វាន់ AFF Cup ឆ្នាំ ២០២៤ ដោយរកបាន៧គ្រាប់ នាំមុខកីឡាករមិត្តរួមជម្រើសជាតិ Nguyen Tien Linh កីឡាករថៃ Suphanat Mueanta កីឡាករថៃ Patrik Gustavsson និងកីឡាករសិង្ហបុរី Shawal Anuar ដែលរកបាន៤គ្រាប់ ប៉ុន្តែ Anuar អស់ឱកាសប្រជែង ព្រោះសិង្ហបុរីហាលអាវត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

មិនត្រឹមតែប៉ុណ្ណោះ Nguyen Xuan Son ក៏បានក្លាយជាកីឡាករវៀតណាមដំបូងគេ រកបានច្រើនជាង៦គ្រាប់ការប្រកួតពានរង្វាន់ AFF Cup។ រូបគេក៏ជាកីឡាករវៀតណាមដំបូងគេ ស៊ុតបញ្ចូលទីក្នុង៤ប្រកួតជាប់គ្នា ដោយបំបែកកំណត់ត្រាចាស់របស់កីឡាករ Le Huynh Duc ដែលរកបាន៦គ្រាប់ក្នុង៣ប្រកួតជាប់គ្នានៃវគ្គចែកពូលពានរង្វាន់ Tiger Cup ឆ្នាំ ១៩៩៦ ដែលបច្ចុប្បន្នគឺជា AFF Cup។

វៀតណាមមិនធ្លាប់យកឈ្នះថៃក្នុងដីខ្លួនឯងអស់រយៈពេលជិត២៧ឆ្នាំមកហើយ ខណៈប្រវត្តិជួបគ្នាសរុប២៩លើកកន្លងមក វៀតណាមឈ្នះត្រឹម៣លើក ស្មើ៨លើក និងចាញ់រហូតដល់១៨លើក។ ជ័យជម្នះលើកដំបូងរបស់វៀតណាមលើថៃ បានកើតឡើងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Tiger Cup ឆ្នាំ ១៩៩៨ ដែលបច្ចុប្បន្នជា AFF Cup នេះឯង នៅកីឡដ្ឋាន Hang Day របស់ខ្លួន ដោយលទ្ធផល ៣-០។

នៅវគ្គផ្តាច់ព្រ័ត្រ AFF Cup ឆ្នាំ ២០០៨ ជើងទី១ វៀតណាមបានយកឈ្នះម្ចាស់ផ្ទះថៃ លទ្ធផល ២-១ នៅកីឡដ្ឋានជាតិ Rajamangala មុនពេលស្មើគ្នា ១-១ នៅកីឡដ្ឋាន My Dinh ទីក្រុងហាណូយ ដើម្បីគ្រងជើងឯកជាលើកដំបូងរបស់ពួកគេ។ ចាប់តាំងពីពេលនោះមក ពោលរយៈពេល១៧ឆ្នាំកន្លងផុតទៅសម្រាប់វៀតណាម ដោយគ្មានជ័យជម្នះប្រកួតផ្លូវការលើថៃ ខណៈកាលពីឆ្នាំ ២០១៩ វៀតណាមបានយកឈ្នះថៃ លទ្ធផល ១-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ King’s Cup រៀបចំដោយសមាគមបាល់ទាត់ថៃ។ ដូច្នេះការឈ្នះលទ្ធផល ២-១ កាលពីថ្ងៃទី២ ខែមករា កន្លងទៅថ្មីៗនេះ គឺជាការឈ្នះលើកទី៤របស់វៀតណាមលើថៃក្នុងប្រវត្តិជួបគ្នាសរុប ៣០លើក។

គួរបញ្ជាក់ថា ការប្រកួតជើងទី២ ពានរង្វាន់ AFF Cup ឆ្នាំ ២០២៤ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ដោយថៃក្នុងនាមក្រុមការពារតំណែងជើងឯក នឹងបើកទ្វារកីឡដ្ឋានជាតិ Rajamangala ស្ថិតនៅទីក្រុងបាងកករបស់ខ្លួនស្វាគមន៍វៀតណាមវិញម្តង វេលាម៉ោង ០៨:០០នាទីយប់ ហើយក៏ជាជំនួបចុងក្រោយកាត់សេចក្តីថា នរណាជាម្ចាស់ជើងឯក៕ រូបភាព ៖ VnExpress, VFF និង ASEAN United FC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ