ប្រទេសថៃ ៖ បន្ទាប់ពីបានបញ្ជូនខ្លួនដល់ទីក្រុងបាងកក ខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លឹម គឹមយ៉ា បានសារភាពពីកំហុសរបស់ខ្លួនហើយឆ្លើយថា «ខ្លួនបានសម្លាប់លោក លឹម គឹមយ៉ា អតីត តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដើម្បីជាការរដឹងគុណដល់បុរសម្នាក់ជាជនស៊ីវិល» ។
គេហទំព័រកាសែត The Nation របស់ថៃ បានរាយការណ៍នៅថ្ងៃទី១២ ខែមករា ថា អេកាឡាក់ ផែណយ អាយុ៤១ឆ្នាំ បានបញ្ជាក់ថា គាត់មិនបានទទួលប្រាក់សម្រាប់ការសម្លាប់នេះទេ ប៉ុន្តែបានធ្វើសកម្មភាពនេះ ដើម្បីសងគុណដល់ជនស៊ីវិលដែលបានជួយគាត់នៅពេលមានបញ្ហា ។ ទោះយ៉ាងណា ប៉ូលិសបានរកឃើញថា ជនរូបនេះបានទទួលប្រាក់ចំនួន៦០០០០បាត សម្រាប់ការងារនេះ ដែលបានបង់ជាមុន៣០០០០បាត ហើយបានប្រើប្រាក់២០០០បាត ដើម្បីលោះអាវុធពីហាងបញ្ចាំមួយ ។
ប៉ូលិសកំពុងស៊ើបអង្កេតបន្ថែមដើម្បីកំណត់ថា តើជនស៊ីវិលដែលបានស្នើសុំឱ្យខ្មាន់កាំភ្លើងសម្លាប់នេះ គួរត្រូវបានចោទប្រកាន់ឬអត់ តើជននេះ មានការទាក់ទិននឹងលោកលឹម គឹមយ៉ា ក្នុងស្ថានភាពបែបណា ?
ជាមួយគ្នានេះ ខ្មាន់កាំភ្លើងបានបដិសេធការចូលរួមក្នុងការសម្តែងឡើងវិញនៃឧបទ្ទវហេតុនេះ ដោយបារម្ភពីសុវត្ថិភាព និងមិនចង់ប្រឈមមុខនឹងអ្នកដទៃ ។ ប៉ូលិសមានគម្រោងនាំជនសង្ស័យទៅតុលាការនៅថ្ងៃចន្ទទី១៣ ខែមករា ឆ្នាំ២០២៥ ដើម្បីស្នើសុំការឃុំខ្លួនបន្ថែម ។
ខ្មាន់កាំភ្លើងមិនទាន់ហ៊ានលាតត្រដាងពីមេខ្លោង
ខ្មាន់កាំភ្លើងជនជាតិថៃឈ្មោះ អេកាឡាក់ ផែណយ (Ekalak Paenoi) ដែលបានបាញ់សម្លាប់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លឹម គឹមយ៉ា នៅទីក្រុងបាងកក មិនទាន់សារភាពបង្ហាញអត្តសញ្ញាណអ្នកបញ្ជាឱ្យធ្វើឃាត និងអ្នកពាក់ព័ន្ធផ្សេងទៀតនៅឡើយទេ ។ នគរបាលថៃប្រាប់ថា តាមការសួរចម្លើយអស់រយៈពេលជាច្រើនម៉ោង ជនជាប់ចោទបានផ្ដល់ចម្លើយបន្តិចបន្តួច ។
ការសួរចម្លើយរហូតដល់ម៉ោង១០យប់ កាលពីថ្ងៃទី១១ មករា ដោយប្រើពេលអស់ជាង៣ម៉ោងខ្មាន់កាំភ្លើងឈ្មោះ អេកាឡាក់ ផែណយ បាននិយាយបណ្ដើរ គិតបណ្ដើរ ប៉ុន្តែសារភាពថា រូបគេគឺជាអ្នកបាញ់សម្លាប់លោក លឹម គឹមយ៉ា តាមអត្តសញ្ញាណដែលបណ្ដាញកំណត់ឱ្យ ប៉ុន្តែបានបដិសេធថា លោកមិនបានចូលរួមបង្កើតផែនការសម្លាប់នោះឡើយ ហើយលោកក៏មិនបានប្រាប់ពីអ្នកបញ្ជានៅពីក្រោយខ្នងដែរ ដោយខ្លាចមានបញ្ហាសុវត្ថិភាពលើគ្រួសាររបស់ខ្លួន ។ ពិតជាអយុត្តិធម៌ណាស់ ដែលលើកដៃបាញ់សម្លាប់ជីវិតគេ តែបែរជាគិតពីសុវត្ថិភាពគ្រួសាររបស់ខ្លួន ។
ប៉ូលិសក្រុងបាងកក លោក អដ្ឋាផន វង្សសិរិព្រីដា (Arthaphorn Wongsiripreeda) ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១២ ខែមករាថា ខ្មាន់កាំភ្លើង ឈ្មោះ អេកាឡាក់ ផែណយ បានសារភាពថា រូបគេបានទទួលបញ្ជាឱ្យបាញ់សម្លាប់លោក លឹម គឹមយ៉ា ពីជនជាតិថៃម្នាក់ ដែលជាអ្នកមានគុណបំណាច់លើរូបខ្លួន កាលពីលោកត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌទាហានដំបូង ។
ខ្មាន់កាំភ្លើងបានសារភាពទៀតថា ដំបូងឡើយរូបគេបានបដិសេធបញ្ជានេះដែរ ប៉ុន្តែដោយសារអ្នកបញ្ជាបានជំរុញរូបគេជាច្រើនដង រហូតព្រមទទួលភារកិច្ចនេះ នៅមុនពេលកើតហេតុ២៤ម៉ោង ក្នុងតម្លៃឈ្នួលចំនួន៦ម៉ឺនបាត ដោយរូបគេទទួលភារកិច្ចនេះ គឺចង់តបស្នងសងគុណចំពោះអ្នកបញ្ជានោះ ។ លោក អដ្ឋាផន វង្សសិរិព្រីដា ប្រាប់ទៅអ្នកសារព័ត៌មានទៀតថា ខ្មាន់កាំភ្លើងបានប្រាប់ពីប្រតិបត្តិការបាញ់សម្លាប់លោក លឹម គឹមយ៉ា នេះ គឺមានអ្នករៀបចំគម្រោងជាប្រព័ន្ធ ដោយមានជនជាតិខ្មែរប្រើឈ្មោះជាភាសាថៃថា ស៊ុមវ៉ាំង បាំរុងគីត (Sumvang Bamrongkit) ជាអ្នកផ្ទេរលុយតាមគណនីធនាគារ អ្នកផ្ញើសារតាមបណ្ដាញទំនាក់ទំនងឡាញ(Line) ប្រាប់ពីអត្តសញ្ញាណលោក លឹម គឹមយ៉ា ពេលវេលា និងរថយន្ត ។
លោក អដ្ឋាផន បញ្ជាក់ពីចម្លើយសារភាពថា ក្រោយពេលបាញ់សម្លាប់លោក លឹម គឹមយ៉ា រួច ខ្មាន់កាំភ្លើងបានរត់គេចខ្លួនតាមការចង្អុលបង្ហាញរបស់បណ្ដាញអ្នកបញ្ជាឱ្យសម្លាប់ ដោយប្រើប្រាស់តាមជំហាន និងឧបាយកល ដើម្បីបោកបញ្ឆោតមន្ត្រីស៊ើបអង្កេត រហូតពួកគេបាននាំលោកទៅដល់ព្រំដែន ស្រុកខៅដិន (Khao Din) ខេត្តស្រះកែវ (SaKaeo) មានយុវជនចំនួន២នាក់ជាជនជាតិខ្មែរចាំទទួលខ្មាន់កាំភ្លើង និងដឹកតាមម៉ូតូចុះតាមច្រកស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ប៉ូលិសក្រុងបាងកករូបនេះបញ្ជាក់ថា នៅពេលសាកសួរអំពើអត្តសញ្ញាណ និងឈ្មោះអ្នកបញ្ជាឱ្យសម្លាប់ និងអ្នកពាក់ព័ន្ធផ្សេងទៀតនោះ ខ្មាន់កាំភ្លើងរូបនេះ បានបង្ហាញអារម្មណ៍តប់ប្រមល់ និងឈប់ឆ្លើយសំណួរ ហើយសុំជក់បារី រហូតដល់មួយសន្ទុះក្រោយមក ទើបផ្ដល់ចម្លើយឡើងវិញ ។
ទោះជាបែបនេះក្ដី លោក អដ្ឋាផន វង្សសិរិព្រីដា លើកឡើងថា សមត្ថកិច្ចជំនាញបានកំណត់ពីតម្រុយអ្នកពាក់ព័ន្ធមួយចំនួននៅក្នុងទូរស័ព្ទឆ្លាតវៃ របស់ខ្មាន់កាំភ្លើង ដែលបង្ហាញពីសារឆ្លើយឆ្លងគ្នាអំពីការចង្អុលបង្ហាញពីពេលវេលា និងគោលដៅបាញ់សម្លាប់លោក លឹម គឹមយ៉ា និងផែនការរត់គេចខ្លួនឆ្លងដែនចូលកម្ពុជា ក៏ប៉ុន្តែមានសារមួយចំនួន ហាក់មិនស៊ីគ្នានឹងចម្លើយសារភាពរបស់ខ្មាន់កាំភ្លើងឡើយ ។ សមត្ថកិច្ចកម្ពុជាបានប្រគល់ខ្មាន់កាំភ្លើងជនជាតិថៃឈ្មោះ អេកាឡាក់ ផែណយ ដែលធ្វើឃាតលោក លឹម គឹមយ៉ា នៅទីក្រុងបាងកក ឱ្យសមត្ថកិច្ចថៃនៅថ្ងៃទី១១ ខែមករា ក្រោយការចាប់ខ្លួននៅឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី០៨ ខែមករា បន្ទាប់ពីខ្មាន់កាំភ្លើងរូបនេះ បានគេចខ្លួនចេញពីប្រទេសថៃចូលមកកម្ពុជា ។
បន្ទាប់ពីបញ្ជូនខ្លួនតាមឧទ្ធម្ភាគចក្រដល់ស្ថានីយប៉ូលិស ឆាណាក់ ស៊ុងក្រាម (Chanasongkram Police Station) ក្នុងក្រុងបាងកក (Bangkok) ភ្លាមៗ ខ្មាន់កាំភ្លើងឈ្មោះ អេកាឡាក់ ផែណយ ត្រូវបានបញ្ជូនទៅត្រួតពិនិត្យរាងកាយ និងបញ្ជូនទៅសួរចម្លើយក្នុងថ្ងៃដដែល។ ចាប់តាំងពីបញ្ជូនខ្លួនដល់ប្រទេសថៃមក ខ្មាន់កាំភ្លើងបានស្នើសុំសមត្ថកិច្ចមិនឱ្យសាច់ញាតិជួបមុខ ឬសួរសុខទុក្ខឡើយ ដោយរូបគេបានប្រាប់ម្ដាយតាមទូរស័ព្ទយ៉ាងខ្លីថា «ចង់ទទួលទោសនៅពន្ធនាគារ» រួចក៏បិទទូរស័ព្ទទៅ ។
ស្នងការនគរបាលក្រុងបាងកក សង្កាត់១ លោក អដ្ឋាផន វង្សសិរិព្រីដា ប្រាប់ថា សមត្ថកិច្ចនឹងស្នើសុំដីកាឃុំខ្លួនលោក អេកាឡាក់ ផែណយ ពីតុលាការព្រហ្មទណ្ឌ នៅថ្ងៃទី១៣ ខែមករានេះ ដើម្បីបន្តដំណើរការនីតិវិធីស៊ើបសួរ ។ ជាមួយគ្នានេះ សមត្ថកិច្ចថៃបានជំរុញទៅភាគីកម្ពុជា ឱ្យពន្លឿនការចាប់ខ្លួនជនសង្ស័យជនជាតិខ្មែរ ដែលប្រាប់ពីគោលដៅដល់ខ្មាន់កាំភ្លើងឈ្មោះ ពេជ្រ គឹមស្រិុន ដែលបានគេចខ្លួនមកកម្ពុជាភ្លាមៗតាមយន្តហោះក្រោយពេលកើតហេតុ ៕
ចែករំលែកព័តមាននេះ