ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ធម្ម​នុញ្ញ​បើក​សវនា​ការ​ដោ​យ​គ្មាន​​វត្ត​មាន​លោក​យូន​ស៊ុក​យូល

14 ម៉ោង មុន

ទី​ក្រុង​សេអ៊ូល៖ ​មេធាវី​បញ្ជាក់​ថា​លោក​យូន​ស៊ុក​យូល​គ្មាន​ផ្លូវ​ចូល​ស្ដាប់​ការ​កាត់​ទោស​គាត់​នៅ​តុលា​ការ​ទេ​បើ​សមត្ថ​កិច្ច​រក​វិធី​តាម​ចាប់​ខ្លួន​គាត់​ដូច​សព្វ​ថ្ងៃ​នេះ​។ បន្ទាប់​ពី​ដីកា​ចាប់​ខ្លួន​កាល​ពី​វគ្គ​មុន​ផុត​សុពល​ភាព​ ឥឡូវ​នេះ សមត្ថ​កិច្ច​ស្នើ​សុំ​បាន​ដីកា​ថ្មី​មួយ​ទៀត​។ នៅ​ថ្ងៃ​នេះ​ផង​ដែរ​ តុលាការ​ធម្ម​នុញ្ញ​កូរ៉េ​ខាង​ត្បូង​ចាប់​ផ្ដើម​បើក​សវនា​ការ​ពិនិត្យ​មើល​សំណុំ​រឿងរបស់​លោក​យូន​ស៊ុក​យូល​ពាក់​ព័ន្ធ​នឹង​ការ​​ប្រកាស​ច្បាប់​អាជ្ញា​សឹក។ ​មេធាវី​ថ្លែង​ថា​កូន​ក្ដី​របស់​ខ្លួន​ចង់ចូល​រួម​សវនា​ការ​នេះ​ដើម្បី​ការ​ពារ​ខ្លួន​រហូត​ដល់​ទី​បញ្ចប់​។ ប៉ុន្តែ​បើ​សមត្ថ​កិច្ច​តាម​ចាប់​បែប​ហ្នឹង​តើ​ឱ្យ​គាត់​ចូល​តាម​ច្រក​ណា​? ​ក្រោយ​​ការ​បើក​សវនា​​ថ្ងៃ​នេះ​…

ទី​ក្រុង​សេអ៊ូល៖ ​មេធាវី​បញ្ជាក់​ថា​លោក​យូន​ស៊ុក​យូល​គ្មាន​ផ្លូវ​ចូល​ស្ដាប់​ការ​កាត់​ទោស​គាត់​នៅ​តុលា​ការ​ទេ​បើ​សមត្ថ​កិច្ច​រក​វិធី​តាម​ចាប់​ខ្លួន​គាត់​ដូច​សព្វ​ថ្ងៃ​នេះ​។ បន្ទាប់​ពី​ដីកា​ចាប់​ខ្លួន​កាល​ពី​វគ្គ​មុន​ផុត​សុពល​ភាព​ ឥឡូវ​នេះ សមត្ថ​កិច្ច​ស្នើ​សុំ​បាន​ដីកា​ថ្មី​មួយ​ទៀត​។ នៅ​ថ្ងៃ​នេះ​ផង​ដែរ​ តុលាការ​ធម្ម​នុញ្ញ​កូរ៉េ​ខាង​ត្បូង​ចាប់​ផ្ដើម​បើក​សវនា​ការ​ពិនិត្យ​មើល​សំណុំ​រឿងរបស់​លោក​យូន​ស៊ុក​យូល​ពាក់​ព័ន្ធ​នឹង​ការ​​ប្រកាស​ច្បាប់​អាជ្ញា​សឹក។

​មេធាវី​ថ្លែង​ថា​កូន​ក្ដី​របស់​ខ្លួន​ចង់ចូល​រួម​សវនា​ការ​នេះ​ដើម្បី​ការ​ពារ​ខ្លួន​រហូត​ដល់​ទី​បញ្ចប់​។ ប៉ុន្តែ​បើ​សមត្ថ​កិច្ច​តាម​ចាប់​បែប​ហ្នឹង​តើ​ឱ្យ​គាត់​ចូល​តាម​ច្រក​ណា​? ​ក្រោយ​​ការ​បើក​សវនា​​ថ្ងៃ​នេះ​ តុលាការ​​នឹង​បើក​សវនា​ការ​​នៅ​ថ្ងៃ​ព្រហស្បតិ៍​ជា​បន្ត​ទៀត​​។ ក្រៅ​ពី​មាន​ក្ដី​ក្ដៅ​នៅ​តុលាការ​ធម្ម​​នុញ្ញ​ពាក់​ព័ន្ធ​នឹង​ការ​ដក​ហូត​តំណែង​របស់​លោក​ ឬ​ប្រគល់​ឱ្យ​វិញ​នៅ​ក្នុង​រយៈ​ពេល​៦​ខែ​ទៀត​ លោក​យូន​ស៊ុក​យូល​ក៏​​ជាប់​បណ្ដឹង​នៅ​តុលាការ​ព្រហ្ម​ទណ្ឌ​ផង​ដែរ​ពាក់​ព័ន្ធ​នឹង​ច្បាប់​អាជ្ញា​សឹក​នោះ​។

តាម​ផ្លូវ​ច្បាប់​នៅ​ក្នុង​តុលាការ​ធម្ម​នុញ្ញ លោក​មិន​ចាំ​បាច់​ចូល​រួម​ដោយ​ផ្ទាល់​ក៏​បាន​ដែរ​។ មេធាវី​អាច​ឡើង​ការ​ពារ​ក្ដី​ជំនួស​។ បើ​​លោក​មិន​អាច​ចូល​រួម​​​ជា​រៀង​រហូត ​​មេធាវី​​នឹង​ឡើង​ការ​ពារ​ក្ដី​​រហូត​ដល់​តុលាការ​ចេញ​សេច​ក្ដី​សម្រេច​ជា​​ស្ថាពរ​នា​រយៈ​​ពេល​៦​ខែ​ទៀត​។ ​​ប្រធាន​ខុទ្ទ​កាល័យ​របស់​លោក​យូន​ស៊ុកយូល​​​ចង់​​ពិភាក្សា​ជា​មួយ​សមត្ថ​កិច្ច​​ដើម្បី​ជៀស​វាង​ការ​ប្រទាំង​ប្រទើស​គ្នា​​ជា​មួយ​​កង​ការ​ពារ​ប្រធានា​ធិបតី​។

​លោក​យូន​ស៊ុក​យូល​ និង​សមត្ថ​កិច្ច​អាច​ជ្រើស​រើស​​​ទី​កន្លែង​អព្យាក្រឹត្យ​ក្រៅ​ពី​​ផ្ទះ​របស់​លោក​​​ ឬ​ការិ​យាល័យ​នគរ​បាល​ដើម្បី​ឆ្លើយ​បំភ្លឺ​ទៅ​តាម​ការ​ចង់​ដឹង​របស់​ក្រុម​អ្នក​ស៊ើប​អង្កេត​។ ឬ​មិន​ដូច្នេះ​ទេ​ ​សមត្ថ​កិច្ច​អាច​ទៅ​ជួប​លោក​ដល់​ក្នុង​គេហ​ដ្ឋាន​របស់​លោក​ក៏​បាន​។ ប៉ុន្តែ​ពួក​គេ​ត្រូវ​​​ប្រាប់​ទុក​មុន​ដើម្បី​​ងាយ​ស្រួល​លោក​​រៀប​ចំ​​ផ្ទះ​សម្បែងទទួល​ភ្ញៀវ​។ ​នៅ​ពេល​នោះ ពួក​គេ​អាច​សាក​សួរ​លោក​តាម​សម្រួល​ចុះ ជា​ជាង​នាំ​កម្លាំង​ទៅ​ព័ទ្ធ​ចាប់​ដូច​ឧក្រិដ្ឋ​ជន​កាល​ពី​ពេល​កន្លង​មក​ជា​ការ​មិន​សម​រម្យ​នោះ​ទេ​។

​នៅ​ថ្ងៃ​ដដែល​នេះ​ សមត្ថ​កិច្ច​ចម្រុះ​ និង​កង​សន្តិ​សុខ​ការ​ពារ​លោក​យូន​ស៊ុក​យូល​​បានជជែក​គ្នា​អំពី​ការ​​​អនុវត្ត​តាម​ដីកា​ចាប់​ខ្លួន​ដែល​តុលាការ​ទើប​តែ​ចេញ​មក​ថ្មី​ៗ​។ សមត្ថ​កិច្ច​ស្នើ​សុំ​​ឱ្យ​​កង​សន្តិ​សុខ​​សហ​ការ​គ្នា​​​ឱ្យ​​បាន​ល្អ​ដើម្បី​ធ្វើ​យ៉ាង​ណា​ចាប់​ខ្លួន​លោក​យូន​ស៊ុក​យូល​​​ដោយ​សន្តិ​វិធី និង​​សុវត្ថិ​ភាព​។ ពួក​គេ​កំពុង​តែ​រង់​ចាំ​​ស្ដាប់​ការ​ឆ្លើយ​តប​ពី​ខាង​ភ្នាក់​ងារ​សន្តិ​សុខ​​ទាំង​នោះ​។

ដោយ​ឡែក​ ក្រសួង​ការ​ពារ​ជាតិ​បញ្ជាក់​ថា​លើក​នេះ​បើ​សមត្ថ​កិច្ច​ចុះ​ចាប់​ខ្លួន​លោក​យូន​ស៊ុក​យូល​តាម​ដីកា​របស់​តុលាការ​ ខ្លួន​នឹង​មិន​ចល័ត​​កម្លាំង​ដើម្បី​ត​តាំង​គ្នា​ ឬ​ប្រទាំង​ប្រទើស​គ្នា​ជា​មួយ​សមត្ថ​កិច្ច​ទេ​​។ កូរ៉េ​ខាង​ត្បូង​ឥឡូវ​នេះ​កំពុង​តែ​ទុក្ខ​ជាន់​លើ​ទុក្ខ​។ នៅ​ពេល​កំពុង​មាន​វិបត្តិ​ផ្ទៃ​ក្នុង​បែប​នេះ កូរ៉េ​ខាង​ជើង​ឆ្លៀត​បាញ់​មីស៊ីល​ជា​ច្រើន​គ្រាប់​កាល​ពី​ព្រឹក​មិញ​ដើម្បី​ក្រឡុក​ស្ថាន​ការណ៍​ចំ​ពេល​រដ្ឋ​មន្ត្រី​ការ​បរទេស​ជប៉ុន​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ទី​ក្រុង​សេអ៊ូល និង​ចំ​ពេល​លោក​ត្រាំ​ជិត​ស្បថ​ចូល​កាន់​តំណែង។

បន្ទាប់​ពី​ស្ដាប់​សេច​ក្ដី​រាយ​ការណ៍​របស់​ទី​ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​ជាតិ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​រួច​មក​ ក្រុម​អ្នក​តំណាង​រាស្ត្រ​កូរ៉េ​ខាង​ត្បូង​ថ្លែង​ថា​ទី​ក្រុង​ព្យុង​យ៉ាង​បាញ់​មីស៊ីល​នោះ​ដើម្បី​បង្ហាញ​ថា​ខ្លួន​ក៏​ជា​ប្រទេស​មាន​មុខ​មាន​មាត់​មួយ​នៅ​លើ​ឆាក​អន្តរ​ជាតិ​ផង​ដែរ​ដែល​អាច​ស៊ីសង​បាន​ជា​មួយ​អាមេរិក​។ ម៉្យាង​ទៀត​ ព្យុង​យ៉ាង​ចង់​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​លោក​​ត្រាំ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ