ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានរដ្ឋសភា​ម៉ា​ឡេ​ស៊ី នឹង​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​កម្ពុជា រយៈពេល​៣​ថ្ងៃ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ តម​តាម​ការ​អញ្ជើញ​របស់​ប្រធានរដ្ឋសភា​កម្ពុជា ប្រធានរដ្ឋសភា នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី នឹង​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ រយៈពេល ៣​ថ្ងៃ នៅ​ប្រទេស​កម្ពុជា នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ តម​តាម​ការ​អញ្ជើញ​របស់​ប្រធានរដ្ឋសភា​កម្ពុជា ប្រធានរដ្ឋសភា នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី នឹង​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ រយៈពេល ៣​ថ្ងៃ នៅ​ប្រទេស​កម្ពុជា នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​កម្ពុជា ។

សេចក្តីជូនដំណឹង​នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព​របស់ ឯកឧត្តម​បណ្ឌិត តាន់​ស៊ី ដា​តូ ហ្ស​ហារី ប៊ី​ន អាប់​ឌុ​ល ប្រធានរដ្ឋសភា នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃ​ទី​១៦-១៨ ខែមករា ឆ្នាំ​២០២៥ ។

អគ្គលេខាធិការដ្ឋាន​រដ្ឋសភា បាន​លើក​ឡើង​ថា តប​តាម​ការ​អញ្ជើញ​របស់​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​បណ្ឌិត តាន់​ស៊ី ដា​តូ ហ្សូ​ហារី ប៊ី​ន អាប់​ឌុ​ល (H.E. Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភា នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ម៉ា​ឡេ​ស៊ី អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៥ ។

ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ម៉ា​ឡេ​ស៊ី នា​ពេល​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​សភា នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​មាន​ភាពរឹងមាំ និង​ស៊ីជម្រៅ​បន្ថែម​ទៀត ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ដោយ​តម្កល់​ផលប្រយោជន៍​របស់​ប្រជាជន និង​ប្រទេស​ជាតិ​ជា​ស្នូល ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្តម​បណ្ឌិត តាន់​ស្រី ជា​តូ ហ្សូ​ហារី ប៊ី​ន អាប់​ឌុ​ល និង​គណៈប្រតិភូ មាន​គម្រោង​អញ្ជើញ​ជួប​សម្តែង​ការ​គួរសម​ជាមួយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជួប​សម្តែង​ការ​គួរសម និង​ជំនួប​ចរចា​ទ្វេភាគី​ជាមួយ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អញ្ជើញ​ជួប​សម្តែង​ការ​គួរសម ពិភាក្សា​ការងារ​ជាមួយ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ