ស្ថានប័នជំនាញនៅកម្ពុជា និងអ្នកជំនាញការនៅក្នុងតំបន់បានព្រមានអំពីការធ្លាក់ចុះនៃសីតុណ្ហភាពនៅប៉ុន្មានថ្ងៃខាងមុខ ។ ដូច្នេះ ដើម្បីកុំអោយការប្រែប្រួលសីតុណ្ហភាពនេះជះឥទ្ធិពលដល់សុខភាពរបស់យើងនោះ យើងទាំងអស់គ្នាក៏គួរតែលើកកម្ពស់ការប្រុងប្រយ័ត្នផងដែរ ។ ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងហើយថា តំបន់វាលទំនាបដែលនឹងរួមបញ្ចូលទាំងរាជធានីភ្នំពេញផងដែរនោះ…
ស្ថានប័នជំនាញនៅកម្ពុជា និងអ្នកជំនាញការនៅក្នុងតំបន់បានព្រមានអំពីការធ្លាក់ចុះនៃសីតុណ្ហភាពនៅប៉ុន្មានថ្ងៃខាងមុខ ។ ដូច្នេះ ដើម្បីកុំអោយការប្រែប្រួលសីតុណ្ហភាពនេះជះឥទ្ធិពលដល់សុខភាពរបស់យើងនោះ យើងទាំងអស់គ្នាក៏គួរតែលើកកម្ពស់ការប្រុងប្រយ័ត្នផងដែរ ។
ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងហើយថា តំបន់វាលទំនាបដែលនឹងរួមបញ្ចូលទាំងរាជធានីភ្នំពេញផងដែរនោះ គឺអាចនឹងមានសីតុណ្ហភាពទាបជាងធម្មតានៅចុងសប្តាហ៍នេះ ។
ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ សីតុណ្ហភាពនៅតំបន់វាលទំនាបអាចចុះដល់១៩អង្សាសេ ដោយឡែកនៅតំបន់ខ្ពង់រាបអាចចុះដល់១៧អង្សាសេ ហើយតំបន់មាត់សមុទ្រ គឺអាចចុះត្រឹម២០អង្សាសេទេ ហើយបើក្តៅបំផុតវិញ គឺនៅត្រឹម៣១អង្សាសេ ។
នេះ គឺជាការព្យាករណ៍អាកាសធាតុសម្រាប់កម្ពុជា ដោយឡែកនៅថៃឯណោះមានការជូនដំណឹងពីការធ្លាក់ចុះសីតុណ្ហភាពប្លែក ជាពិសេស គឺនៅទីក្រុងបាងកក ។
តាមកាសែតបាងកកប៉ុស្តិ៍បានផ្សាយថា សីតុណ្ហភាពនៅទីក្រុងបាងកកដែលមានចម្ងាយប្រមាណជាពី៦០០ទៅ៧០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ គឺអាចនឹងចុះត្រជាក់ដល់កម្រិតទាបបំផុតនៅក្នុងរយៈពេល ៤០ឆ្នាំ ។
កាសែតនេះបានរាយការណ៍ថា សីតុណ្ហភាពនៅទីក្រុងបាងកក នៅថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ ព្យាករណ៍ថា នឹងអាចធ្លាក់ចុះដល់១៦អង្សារសេ ហើយនៅភាគខាងជើង និងឦសាន គឺអាចធ្លាក់ដល់១២អង្សាសេ ។
លោក ស៊ីរី សុផារ៉ាធីត (Seree Supharathit) នាយកមជ្ឈមណ្ឌលបំរែបំរួលអាកាសធាតុ និងគ្រោះមហន្តរាយនៃសាកលវិទ្យាល័យ រាំងស៊ីត បានសរសេរនៅលើទំព័រ Facebook របស់ខ្លួនថា «អ្នកណាដែលចង់ជួបសីតុណ្ហភាពត្រជាក់បំផុតនៅឆ្នាំនេះ គួរតែរៀបចំខ្លួន និងចិត្តសម្រាប់ថ្ងៃទី១២ និង១៣ ខែមករា ។
លោកបាននិយាយថា សីតុណ្ហភាពជាមធ្យមនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញត្រូវបានគេរំពឹងថា នឹងស្ថិតនៅក្នុងរង្វង់២១អង្សាសេ ប៉ុន្តែនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ វានឹងអាចធ្លាក់ចុះដល់១៦អង្សារសេ ដែលជាអាកាសធាតុត្រជាក់បំផុត ក្នុងរយៈពេលជិត៤០ឆ្នាំមកនេះ ។
លោកបានព្រមានថា ក្រៅពីបញ្ហានេះប្រជាជនទីក្រុងបាងកក ពួកគេក៏ត្រូវតែប្រុងប្រយ័ត្នខណៈដែលរដូវត្រជាក់នាំមកនូវការបំពុលធូលីដែលបង្កគ្រោះថ្នាក់ពីការដុត និងប្រភពផ្សេងៗទៀត ។
អាកាសធាតុដែលអាចនាំមកនូវការប្រែប្រួលសីតុណ្ហភាពដល់កម្រិតនេះ គឺអាចដោយសារប្រព័ន្ធសម្ពាធខ្ពស់ដ៏ខ្លាំងមួយមានឥទ្ធិពលមកពីប្រទេសចិន ។ ប្រព័ន្ធសម្ពាធនេះបានកំពុងលាតសន្ធឹងនៅក្នុងតំបន់ និងសមុទ្រចិនខាងត្បូងដែលអាចនាំដល់ការថយចុះនៃសីតុណ្ហភាព និងខ្យល់បក់ខ្លាំង ។ អាកាសធាតុដែលត្រជាក់ប្លែកពីធម្មតា អាចនឹងបង្កអោយមានបញ្ហាសុខភាពជាយថាហេតុ ។
ជំងឺផ្សេងៗដែលនឹងជះឥទ្ធិពល និងគំរា.មកំហែងខ្លាំងនៅក្នុងអំឡុងអាកាសធាតុបែបនេះអាចជាពពួកជំងឺឆ្លងតាមផ្លូវដង្ហើម និងពពួកជំងឺរលាកសួតដែលបណ្តាលមកពីមេរោគ យូមិនមេតាភ្នឺម៉ូវីរុស (Human Metapneumovirus)កំពុងផ្ទុះនៅចិន ក៏ដូចជា មេរោគអាសន្តរោគ ជាដើម។ល។
ក្រៅពីនេះ ការរីករាលដាលនៃមេរោគ Norovirus ដែលគេដឹងថា គឺជាករណីឆ្លងច្រើនកើតមានឡើងនៅក្នុងអំឡុងរដូវត្រជាក់ដូចជា បច្ចុប្បន្ននេះក៏គួរតែប្រុងប្រយ័ត្នផងដែរ ។ ជំងឺនេះហាក់នៅមិនទាន់បង្ហាញវត្តមានៅកម្ពុជានៅឡើយទេ ហើយមហាជននៅក្នុងប្រទេសក៏ហាក់នៅមិនទាន់បានដឹងច្រើនអំពីករណីនេះនៅឡើយដែរ ។
ជំងឺនេះមិនមែនជាជំងឺថ្មីទេ ប៉ុន្តែទើបតែមានសេចក្តីរាយការណ៍នៅលើបណ្តាញសារព័ត៌មានថៃ និងបណ្តាញសង្គមថៃនៅប៉ុន្មានថ្ងៃនៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ ៕
ចែករំលែកព័តមាននេះ