រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជននិងកីឡាតាមរយៈឯកឧត្តមវ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន ថ្មីៗនេះបានកោះហៅថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដើម្បីណែនាំពិនិត្យយន្តការមិនប្រកតីមួយចំនួនដែលបានកើតឡើងនាពេលកន្លងមក ដើម្បីធ្វើរបាយការណ៍ជាក់លាក់ដាក់ជូនឯកឧត្តមបណ្ឌិតសភាចារ្យហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានិងសម្ដេកតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាពិនិត្យ។
ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ការកោះហៅថ្នាក់នាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរមកជួបប្រជុំនាពេលនេះដើម្បីពិនិត្យទៅលើយន្តការសំខាន់ចំនួន២គឺទី១-ពិនិត្យទៅលើយន្តការរៀបចំនីតិវិធីគ្រប់គ្រងមូលនិធិអភិវឌ្ឍគុនខ្មែរ និងទី២-ពិនិត្យយន្តការនៃការរៀបចំមហាសន្និ
បាតបញ្ចប់អាណត្តិទី៧(២០២១-២០២៥)ដើម្បីធានាបានសមាជិកភាពច្បាស់លាស់ដោយមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
កិច្ចប្រជុំនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាដឹកនាំដោយឯកឧត្តមវ៉ាត់ ចំរើនលោកប៉ុន សុខ អគ្គនាយកកីឡានៃក្រសួងអប់រំ យុវជន និងកីឡា លោកខូវ ឆាយប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបច្ចុប្បន្ន និងលោកហេង សុខឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីទទួលបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិតសភាចារ្យឧប
នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឱ្យឯកឧត្តមវ៉ាត់ ចំរើន ជារដ្ឋលេខា
ធិការទទួលបន្ទុកជាមួយលោកប៉ុន សុខអគ្គនាយកកីឡា ដើម្បីបានពិនិត្យមើលថាតើសហ
ព័ន្ធកីឡាប្រដាល់គុនខ្មែរបានគោរពលក្ខន្តិកៈនិងគោលការណ៍បទបញ្ជាផ្ទៃក្នុងបានឬអត់។ពីព្រោះប្រដាល់គុនខ្មែរជាកីឡាអត្តសញ្ញាណជាតិ ព្រលឹងជាតិ ដូច្នេះត្រូវការតម្លាភាព ការដឹកនាំមួយមានភាពច្បាស់លាស់តាមលិខិតបទដ្ឋានគតិយុត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡានិងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថាតើបានល្អត្រឹមត្រូវឬអត់ ។
កាលពីមុន សហព័ន្ធកីឡាប្រដាល់គុនខ្មែរគ្រោងរៀបចំបោះឆ្នោតបញ្ចប់អាណត្តិរបស់ខ្លួននៅថ្ងៃទី២៥ខែមករា ឆ្នាំ២០២៥ ប៉ុន្តែខាងក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានណែនាំឱ្យមកធ្វើនៅត្រឹមថ្ងៃទី២២ ខែមករា វិញ។
ឯកឧត្តមវ៉ាត់ ចំរើន បានមានប្រសាសន៍ថាតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំ យុវជននិងកីឡា សហព័ន្ធកីឡាប្រដាល់គុនខ្មែរអាណត្តិចាស់ ត្រូវផុតសុពលភាពនៅត្រឹមថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២៥ ខាងមុខនេះ ដូច្នេះមិនអាចពន្យារពេលបានទៀតទេ ។ បើកាលណាផុតសុពលភាពបានន័យថាសមាជិកភាពក៏ផុតដែរ ហើយខាងក្រសួងនឹងមានវិធានការ ។ យើងដឹងហើយបើសិនជាខាងសហព័ន្ធមិនគោរពតាមគោលការណ៍ក្រសួងអប់រំ ធ្វើឱ្យបាត់បង់សុពលភាព នឹងជះឥទ្ធិពលអាក្រក់ទៅដល់សហព័ន្ធខ្លួនឯងដូចជាការបាត់បង់ការជួយឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកផងដែរ ។
សហព័ន្ធមានសិទ្ធិធ្វើសកម្មភាពខ្លួនឯងដោយឯករាជ ប៉ុន្តែសហព័ន្ធមិនមានអំណាចក្នុងការសម្រេចគោលការណ៍នយោបាយ ឬការដឹកនាំផ្សេងៗទៀតដោយខ្លួនឯងនោះទេ ត្រូវតែអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ដែលជាម៉ែឪដឹកនាំកីឡាជាតិរបស់យើង ។ នេះមិននិយាយតែសហព័ន្ធកីឡាប្រដាល់គុនខ្មែរនោះទេ គឺគ្រប់សហព័ន្ធកីឡាជាតិទាំងអស់ត្រូវគោរពដូចគ្នា ព្រោះក្រសួងអប់រំ យុវជន និងកីឡា មានបុព្វសិទ្ធិពីរាជរដ្ឋាភិបាលក្នុងការដឹកនាំនិងអភិវឌ្ឍកីឡាជាតិ បើសហព័ន្ធណាមួយស្ដាប់ ឬមិនស្ដាប់ ត្រូវធ្វើការពិចារណាដោយខ្លួនឯង។
ឯកឧត្តម វ៉ាត់ ចំរើន បានទទួលស្គាល់ថា យោងតាមរបាយការណ៍របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរដែលគ្រោងធ្វើការបោះឆ្នោតបញ្ចប់អាណត្តិនាពេលខាងមុខឃើញថានៅមិនទាន់មានការឯកភាពផ្ទៃក្នុងនៅឡើយ មានមតិមិនស្របគ្នាមែនក្នុងជួរគណៈកម្មការប្រតិបត្តិរបស់ខ្លួន ។
បើយោងតាមលក្ខន្តិកៈ ទាល់តែមានការឯកភាពគ្នាសិនទើបអាចដំណើរការបោះឆ្នោតទៅបានដោយរលូន និងទៅតាមអ្វីដែលសហព័ន្ធសាមីចង់បាន ។ ដូច្នេះខាងក្រសួងអប់រំ យុវជន និងកីឡា សូមណែនាំឱ្យសហព័ន្ធធ្វើការងារនេះឡើងវិញ បានន័យថា បើចង់បោះឆ្នោតជាកញ្ជប់ឱ្យស្រុះស្រួលគ្នា បើមិនមានការឯកភាពផ្ទៃក្នុងទេត្រូវរៀបចំការបោះឆ្នោតដោយសេរី យុត្តិធម៌ តម្លាភាព និងបោះឆ្នោតដោយសម្ងាត់ជាឯកត្តបុគ្គល ដើម្បីជ្រើសរើសថ្នាក់ដឹកនាំមួយដែលទទួលបាននូវសេចក្ដីទុកចិត្តពីសមាគម និងក្លិបទាំងអស់ ។ ឯកឧត្តមបានលើកឡើងថា មហាសន្និបាតជាអំណាចខ្ពស់បំផុតដូច្នេះមិនអាចត្រឹមគណៈកម្មការប្រតិបត្តិធ្វើអ្វីស្រេចតែចិត្តខ្លួនឯងនោះទេ ត្រូវតែមានការចូលរួមយ៉ាងសកម្ម និងទូលំទូលាយបំផុតពីគ្រប់បណ្ដាសមាគមនិងក្លិបទាំងអស់របស់សហព័ន្ធ មិនត្រូវធ្វើអ្វីដោយស្រេចតែចិត្តឯងនោះទេ។
គួររំលឹកផងដែរថា មុននេះមន្ត្រីជាន់ខ្ពស់ក្នុងសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបន្លុយ
ពាក្យពីគម្រោងបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការប្រតិបត្តិសហព័ន្ធថា ត្រូវធ្វើឡើង
ជាកញ្ចប់ដើម្បីរក្សាតួនាទីមន្ត្រីសំខាន់ៗនៅក្នុងជួរគណៈកម្មប្រតិបត្តិមួយចំនួនធំ ។ គម្រោង
នេះធ្វើឱ្យមន្ត្រីដែលមានរឿងល្អក់កករឬជំទាស់ជាមួយលោកអគ្គលេខាធិការសហព័ន្ធ ហេង សុខឃន បានសម្ដែងនូវការខកចិត្តយ៉ាងខ្លាំង។
លោកឧត្តមសេនីយ៍ទោខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់ឱ្យដឹងថា មហាសន្និបាតបញ្ចប់អាណត្តិ និងបន្តអាណត្តិថ្មីឆ្នាំ២០២៥ខាងមុខ អាចនឹងធ្វើការបោះឆ្នោតជាកញ្ចប់ ។ លោកថា ការធ្វើបែបនេះដោយសារសហព័ន្ធចង់រក្សាមន្ត្រីសំខាន់ៗមួយចំនួននៅក្នុងជួរគណៈកម្មការប្រតិបត្តិឱ្យនៅដដែល ប៉ុន្តែបែរជាធ្វើឱ្យមន្ត្រីចាស់ៗមួយចំនួនដែលមិនពេញចិត្តចំពោះលោកហេង សុខឃនជួបនូវរឿងខកចិត្តយ៉ាងខ្លាំង ។ ជាពិសេសមុខតំណែងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរនាពេបច្ចុប្បន្ន ខណៈរូបលោកហេង សុខឃន មានតួនាទីជាប្រធានសហព័ន្ធកីឡាប្រដាល់ឃីកប៊ុកស៊ីងរួចទៅហើយ។
តាមប្រភពព័ត៌មាន លោកហេង សុខឃន បានឡើងកាន់តំណែងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរតាំងពីអាណត្តិលោកឧត្តមសេនីយ៍តែម ម៉ឺន ជាប្រធានសហព័ន្ធ ប៉ុន្តែចាប់តាំងពីរូបលោកមានតួនាទីនៅក្នុងសហព័ន្ធពេលណាមក បានធ្វើឱ្យមន្ត្រីចាស់ៗនៅក្នុងសហព័ន្ធមានការមិនពេញចិត្តយ៉ាងខ្លាំង ។ ពួកគាត់បានចោទប្រកាន់ថា លោកហេង សុខឃន ច្រើនតែជ្រៀតជ្រែកការងារផ្ទៃក្នុងរបស់សហព័ន្ធក៏ដូចជាគិតពីប្រយោជន៍ផ្ទាន់ខ្លួនច្រើនជាងប្រយោជន៍រួម ។ ពួកគាត់ម្នាក់ៗចង់ឱ្យប្រធានសហព័ន្ធអាណត្តិចាស់ ធ្វើការផ្លាស់ប្ដូររូបលោកចេញដើម្បីដាក់អ្នកថ្មីជំនួសវិញ ។ ពួកគាត់ថា តាំងពីលោកហេង សុខឃន ឡើងកាន់តំណែងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកគ្រប់គ្រងតាំងពីលុយកាក់នៅក្នុងសហព័ន្ធឡើងទៅ និងមានការនិយមបក្សពួកទៀតផង។
ទោះបីយ៉ាងណា ពាក់ព័ន្ធទៅនឹងការរិះគន់របស់មន្ត្រីមួយចំនួនទៅលើលោកហេង សុខឃន
លោកឧត្តមសេនីយ៍ទោខូវ ឆាយ បានបង្វែរទៅជារឿងអាចាមអារ៉ាមទៅវិញ ដោយលោកថាមិនទាន់ស៊ើបដឹងការពិតនៅឡើយ។ លោកថា រឿងផ្ទៃក្នុងសហព័ន្ធគ្មានអ្នកណាដឹងជាងមន្ត្រីនៅក្នុងសហព័ន្ធនោះទេ ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ ។ លោកថា ការតែងតាំងលោកហេង សុខឃន ជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរជាបន្តទៀតនោះ នៅមិនទាន់ច្បាស់១០០ភាគរយនោះទេ គឺសម្រេចទៅលើការប្រជុំផ្ទៃក្នុងសិន ប៉ុន្តែវាមានតម្រុយពី៦០ទៅ៧០ភាគរយទៅហើយសម្រាប់តំណែងមួយនេះ។
លោកឧត្តមសេនីយ៍ទោខូវ ឆាយ បានឱ្យដឹងទៀតថា តាមពិតលោកហេង សុខឃន មានតួនាទីជាប្រធានសហព័ន្ធកីឡាប្រដាល់ឃីកប៊ុកស៊ីង រួចហើយ ប៉ុន្តែសហព័ន្ធមួយនេះក៏ជាបុត្រសម្ព័ន្ធរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរដែរ។ កីឡាករទាំងអស់អាចផ្លាស់ប្ដូរគ្នាប្រកួតទៅវិញទៅមកបាន ម្យ៉ាងវិញទៀត សហព័ន្ធមួយនេះនៅថ្មីថ្មោងមិនទាន់ឈរជើងរឹងមាំនៅឡើយ ។ ដូច្នេះការជួយជ្រោមជ្រែងពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរមិនមានអ្វីខុសឆ្គងនោះឡើយ ។
អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ យើងគួរតែរួមគ្នាធ្វើការងារបណ្ដុះបណ្ដាលធនធានកីឡាឱ្យបានច្រើន តម្រូវទីផ្សារកីឡាឱ្យបានគ្រប់គ្រាន់ ដោយសារបច្ចុប្បន្នយើងខ្វះខាតកីឡាករច្រើនណាស់ ព្រោះថាក្រៅពីការប្រកួតនៅលើសង្វៀនតាមកញ្ចក់ទូរទស្សន៍ នៅមានសង្វៀនតាមខេត្តជាច្រើនទៀតដែលកំពុងត្រូវការ ៕
ចែករំលែកព័តមាននេះ