ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

វាបានក្លាយជាការពិភាក្សាបែកផ្សែងតាមបណ្តាញសង្គម នៅពេលមានអ្នកលក់ឡេប្រើប្រាស់រថយន្តស៊ីរ៉ែនបើកផ្លូវដោយបង្កើតរូបភាពមិនល្អមួយសម្រាប់ប្រទេសជាតិនិងកង្វះខាតក្នុងការគោរពច្បាប់និងការអនុវត្តច្បាប់។ ច្បាប់គឺសម្រាប់ទាំងអស់គ្នាមិនថាអ្នកមានអំណាច អ្នកមានលុយ អ្នកក្រ ឬអ្នកត្រូវតាចទេ គឺដាច់ខាតក្រោមដំបូលច្បាប់តែមួយ ទើបប្រទេសជាតិមានភាពជឿនលឿន ឯកភាព និង…

វាបានក្លាយជាការពិភាក្សាបែកផ្សែងតាមបណ្តាញសង្គម នៅពេលមានអ្នកលក់ឡេប្រើប្រាស់រថយន្តស៊ីរ៉ែនបើកផ្លូវដោយបង្កើតរូបភាពមិនល្អមួយសម្រាប់ប្រទេសជាតិនិងកង្វះខាតក្នុងការគោរពច្បាប់និងការអនុវត្តច្បាប់។

ច្បាប់គឺសម្រាប់ទាំងអស់គ្នាមិនថាអ្នកមានអំណាច អ្នកមានលុយ អ្នកក្រ ឬអ្នកត្រូវតាចទេ គឺដាច់ខាតក្រោមដំបូលច្បាប់តែមួយ ទើបប្រទេសជាតិមានភាពជឿនលឿន ឯកភាព និង យុត្តិធម៌សង្គម។

ភាពរញ៉េរញ៉ៃលើដងផ្លូវដែលបង្កដោយអ្នកមានលុយឬមានអំណាចគឺសញ្ញាមិនល្អមួយក្នុងសង្គម ហើយមិនត្រូវបណ្តោយអោយកើតមានឡើយ។ បើពុំនោះទេ វាគឺសញ្ញាដ៏អាក្រក់មួយសម្រាប់កម្ពុជា។
ក្នុងន័យនេះ អ្នកមានអំណាច អ្នកមានលុយ អ្នកក្រ និង អ្នកតូចតាចទាំងអស់គឺត្រូវតែគោរពច្បាប់របស់ប្រទេសជាតិអោយបាន។ ចំណែកសមត្ថកិច្ចក៏ត្រូវពង្រឹងការអនុវត្តច្បាប់ដើម្បីធានាយ៉ាងច្បាប់លាស់ថា មនុស្សគ្រប់គ្នាគឺនៅក្រោមដំបូលច្បាប់តែមួយ។

នៅលើទ្រូងផ្លូវ ក្រៅពីយានយន្តអាទិភាព នរណាក៏ដោយមិនថាអ្នកនោះប្រើប្រាស់យានយន្តមាន តម្លៃប៉ុណ្ណាក៏ដោយ មានថានៈធំប៉ុណ្ណាក៏ដោយ នៅពេលដែលប្រើប្រាស់យានយន្តដែលមិនមានកំណត់ ជាយានយន្តអាទិភាពគឺមានសិទ្ធិប្រើប្រាស់ទ្រូងផ្លូវដូចៗគ្នា ។ នៅពេលបើកបរគឺត្រូវគោរពសិទ្ធិគ្នាទៅវិញទៅមក ដោយស្មើភាព ហើយនៅក្នុងករណីចង់វ៉ាឫជែងទៅមុខគឺត្រូវមើលស្ថានភាពនិងអំណោយផល ហើយជាពិសេសគឺគោរពច្បាប់ចរាចរណ៍និងភ្លើងបញ្ជាចរាចរណ៍ ។

ប៉ុន្តែមិនដូច្នេះទេ នៅសង្គមកម្ពុជានា ពេលបច្ចុប្បន្ននេះ មានក្រុមបុគ្គលខ្លះទោះមិនប្រើសឺរ៉ែន ប៉ុន្តែគេប្រើស៊ីផ្លេតេតតតៗឭៗនិងបើកភ្លើងសុំផ្លូវ ទោះជាផ្លូវនោះមានសភាពស្ទះ ចង្អៀត ហើយអត់គោរពភ្លើងបញ្ជាចរាចរណ៍ថែមទៀត ។

ភាពអសកម្មនៃការប្រើប្រាស់សិទ្ធិអាទិភាពនៅលើទ្រូងផ្លូវនេះ ក៏គេសង្កេតឃើញក្រុមរថយន្តទំនើបៗមួយចំនួន បើកជាក្បូន ហើយក៏មានក្រុមអ្នកបិទផ្លូវ ពេលខ្លះក្រុមនេះស្លៀកពាក់ស៊ីវិលទេ តែពេលខ្លះក៏មាន សមត្ថកិច្ចដែរ។ រឿងដែលទើសភ្នែកថែមទៀតនោះ ពេលខ្លះក្រុមនេះបិទទាំងផ្លូវគេផ្លូវឯង ហើយសូម្បីតែមានរថយន្តសង្រ្គោះដែលកំពុងសឺរ៉ែនសុំបើកខ្លួនយកអ្នកជំងឺទៅសង្រ្គោះជីវិត ក៏ក្រុមនេះហាក់មិនរវីរវល់ដែរ គឺធ្វើយ៉ាងណាឲ្យតែក្បួនរថយន្តដែលស៊ីប្លេតេតតតៗនេះទៅមុខបាន ។

យានយន្តដែលមានអាទិភាពនៅលើទ្រូងផ្លូវនៅស្រុកគេនៅលើពិភពលោកជាទូទៅគឺមានតែ៦ ប្រភេទទេ ប៉ុន្តែនៅកម្ពុជាទោះបីជាច្បាប់កំណត់ថាយានយន្តប្រភេទនេះប្រហាក់ប្រហែលគ្នាក៏ពិតមែន ប៉ុន្តែគឺមានបុគ្គលមានលុយ ឫមានអំណាចខ្លះកំពុងតែធ្វើឲ្យលើសចំនួនកំណត់ ។

មកដល់ពេលនេះ យានយន្តដែលមានអាទិភាពនៅលើទ្រូងផ្លូវទាំង៦ប្រភេទនេះ យានយន្តដែលមានអទិភាពបំផុតគឺរថយន្តសង្រ្គោះ ដែលខ្មែរយើងនិយមហៅថាឡានពេទ្យ។ បន្ទាប់មកគឺ រថយន្តពន្លត់អគ្គីភ័យឫឡានទឹក, រថយន្តប៉ូលីស, ក្បូនរថយន្តថ្នាក់ដឹកនាំនៅក្នុងប្រទេសនិងថ្នាក់ដឹកនាំអន្តរជាតិ, រហូតដល់យានយន្តយោធា,ព្រមទាំងយានយន្តដែលគេប្រើសម្រាប់ដឹកសំភារៈគ្រោះថ្នាក់ ប៉ុន្តែនៅលើទ្រូងផ្លូវនៅកម្ពុជាអាចមានច្រើនជាងនេះ។

យានយន្តទាំងនេះ គឺជាយានយន្តអាទិភាពបំផុត ហើយអាចមានសិទ្ធិអោយសមត្ថកិច្ចបិទផ្លូវសម្រួលចរាចរណ៍ ហើយក៏មានសិទ្ធិមិនឈប់ភ្លើងបំភ្លឺបញ្ជាចរាចរណ៍ អាចបើកបរលើសល្បឿនដែលកំណត់នៅក្នុងច្បាប់ចរាចរណ៍ នៅពេលដែលយានយន្តទាំងនេះ គេប្រើប្រាស់ស៊ីរ៉ែន ភ្លើង និងសញ្ញាបានត្រឹមត្រូវទៅតាមច្បាប់។

នៅលើពិភពលោក ការប្រើប្រាស់រថយន្តអាទិភាពទាំងនេះក៏មានលិខិតបទដ្ឋានច្បាស់លាស់បន្ថែមទៀត ដូចជាករណីរថយន្តសង្រ្គោះ រថយន្តពន្លត់អគ្គីភ័យ យានជំនិះយោធា រថយន្តប៉ូលីស ជាដើមនៅក្នុងករណី ដែលមិនមានបេសកម្ម ឫតម្រូវការចាំបាច់ក៏មិនអាចចេះតែប្រើប្រាស់សិទ្ធិអាទិភាពរហូតបានឡើយ ។

បណ្តាយានយន្តអាទិភាពទាំងនេះ នៅពេលគ្មានបេសកម្មគឺតម្រូវឲ្យបើកបរដូចយានយន្តដទៃទៀត ពោលគឺត្រូវគោរពភ្លើងបញ្ជាចរាចរណ៍ជាពិសេសគឺច្បាប់ចរាចរណ៍ រួមទាំងល្បឿន ។ នៅក្នុងករណីមានការប្រើប្រាស់ខុសការកំណត់ បុគ្គលដែលប្រើប្រាស់នោះនឹងមានទោសទៅតាមច្បាប់សាមីអង្គភាពឫស្ថាប័ន ហើយនៅក្នុងករណីមានបទល្មើសផ្សេងការសើបអង្កេតនឹងធ្វើហើយអាចប្រឈមមុខនឹងច្បាប់ព្រហ្មទណ្ឌ ក៏មានផងដែរ ។

សរុបមកវិញ បាតុភាពអសកម្មដែលបណ្តាលឲ្យពលរដ្ឋមើលឃើញពីវិសមភាពនៅលើទ្រូងផ្លូវនេះ គួរតែលុបបំបាត់ទៅ ។ អ្នកមានលុយនិងមានអំណាច ដែលមិនទាន់មានអភ័យឯកសិទ្ធិតាមច្បាប់អាចប្រើប្រាស់យានយន្តអាទិភាពគួរតែគោរព ហើយប្រើប្រាស់ទ្រូងផ្លូវដូចគេ ដូចឯង ដោយស្មើភាព ។ នៅក្នុងករណីមានកិច្ចប្រជុំឫក៏ជំនួបណាមួយ ដើម្បីបង្ការការកកស្ទះនោះ គេគួរតែស្រូតចេញដំណើរឲ្យបានមុនម៉ោងបន្តិចទៅ ។ ច្បាប់ចរាចរណ៍អត់មានមាត្រាឫជំពូក ហើយសូម្បីតែពាក្យដែលចែងថា យានយន្តទំនើបនេះទំនើបនោះឫអ្នកប្រើប្រាស់នេះបុណ្យស័ក្តិធំឫមានលុយមានសិទ្ធិអំណាចមិនគោរពបានឡើយ ។

កម្ពុជាត្រូវតែក្លាយជាប្រទេសដែលប្រជាជនទាំងអស់គោរពច្បាប់ទម្លាប់របស់ប្រទេស៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ