ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល ​កំណត់​យក​ថ្ងៃ​ទី២៤​កញ្ញា ជា​រៀង​រាល់​ឆ្នាំ ​ប្រារព្ធ​ពិធី​គោរព​រដ្ឋធម្មនុញ្ញ ក្នុង​ស្មារតី​រំលឹក​ខួប ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ​

18 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ​បាន​ចេញ​សារាចរ កំណត់​យក​ថ្ងៃ​ទី​២៤ ខែកញ្ញា ជា​រៀង​រាល់​ឆ្នាំ…

រាជធានី​ភ្នំពេញ​ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ​បាន​ចេញ​សារាចរ កំណត់​យក​ថ្ងៃ​ទី​២៤ ខែកញ្ញា ជា​រៀង​រាល់​ឆ្នាំ ត្រូវ​ប្រារព្ធ​ពិធី​គោរព​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​នីតិ​បូជនីយដ្ឋាន វិមាន​រដ្ឋធម្មនុញ្ញ ក្នុង​ស្មារតី​ នៃ​ការ​រំលឹក​ខួប «​ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ» គោរព​អនុវត្ត​តាម​ព្រះរាជ​តម្រិះ​ដ៏​ខ្ពង់ខ្ពស់ នៃ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ​កម្ពុជា ដើម្បី​រំលឹក​ដល់​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣ ដែល​ជា​ថ្ងៃ​ប្រកាសឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

យោង​តាម​សារាចរ​របស់​រាជរដ្ឋាភិបាល លេខ​០១សរ ចុះ​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៥ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណ​ នា​ពេល​ថ្មី​ៗ​នេះ មាន​ខ្លឹមសារ​ទាំងស្រុង​ដូច​ខាងក្រោម​ ៖
​រយៈពេល​ជាង​៣០​ឆ្នាំ នៃ​ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ ក្រោម​ម្លប់ ​នៃ​សុខ​សន្តិភាព និង​ឯកភាព​ជាតិ អាស្រ័យ​ដោយ មាន​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ឱ្យ​សម្រេច​សមិទ្ធផល​ធម្មនុញ្ញ​ដ៏​ថ្លៃថ្លា លើ​គ្រប់​វិស័យ ជា​អាទិ៍ ក្នុង​ការ​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការ​ពង្រឹង​ឯករាជ្យ អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី អារ្យធម៌​អង្គរ​ដ៏​បវរ និង​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មានការ​អភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់​ឈរ​ ។

ក្នុង​បរិបទ​ដ៏​ថ្លៃថ្លា​នេះ វិមាន​រដ្ឋធម្មនុញ្ញ​ដ៏​ល្អ​វិចិត្រ​មួយ ត្រូវ​បាន​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ និង​ត្រូវ​បាន​សម្ពោធ​កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៤ ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​ នៃ ព្រះករុណា ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដោយនៅ​ពេល​នោះ ព្រះ​អង្គ​​ បាន​ប្រោស​ប្រទាន​ព្រះ​បរម​រាជឱង្ការ​ថា «​វិមាន​រដ្ឋធម្មនុញ្ញ គឺជា​នីតិ​បូជនីយដ្ឋាន ដ៏​ពិសិដ្ឋ​តំណាង​ឱ្យ និមិត្តរូប​នីតិរដ្ឋ ដែល​មាន រដ្ឋធម្មនុញ្ញ ជា​កំពូល​ នៃ​ច្បាប់​ផង​ទាំងឡាយ នៅ​ព្រះរាជាណាចក្រកម្ពុជា​យើង​»​។ ហើយ​ព្រះ​អង្គ​បាន​សំណូមពរ​ថា «​សមិទ្ធផល​ធម្មនុញ្ញ​ដ៏​ត្រចះត្រចង់ សម្រេច​បាន​យ៉ាង​ដូច្នេះ សូម​ប្រជាជាតិ​ខ្មែរ​ទាំងមូល តាំងចិត្ត​ក្នុង​សម្មាទិដ្ឋិ ប្រកាន់​យក​ជា​និច្ច​និរន្តរ៍​នូវ​ស្មារតី យើង​ប្រជារាស្ត្រ​ខ្មែរ រួបរួម​គ្នា ថែរក្សា ការពារ គោរព​ខ្ជាប់ខ្ជួន​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល របស់​ប្រទេស ជា​និមិត្តរូប​ នៃ​គុណ​តម្លៃ​ទំនើប​រួម​ផ្សំ​បុរាណ ជា​ការ​សន្យា​ចំពោះ​អនាគត​រុងរឿង​នៃ​ប្រជាជាតិ​យើង​»​ ។

គោរព​អនុវត្ត​តាម​ព្រះរាជ​តម្រិះ​ដ៏​ខ្ពង់ខ្ពស់​ នៃ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​ដោយ​នា​ពេល​កន្លង​មក ក៏​ដូច​ជា នា​ពេល​បច្ចុប្បន្ន រាជរដ្ឋាភិបាល បាន​កំណត់​យក​ថ្ងៃ​ទី​២៤ ខែកញ្ញា ជា​ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ ដូច​មាន​ចែង​ក្នុង អនុក្រឹត្យ​ស្តី​ពី​ប្រតិទិន​ ឈប់​សម្រាក​ការងារ​របស់​មន្ត្រីរាជការ និយោជិត កម្មករ ជា​រៀង​រាល់​ឆ្នាំ ដើម្បី​រំលឹក​ដល់ ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣ ដែល​ជា​ថ្ងៃ​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ក្នុង​ន័យ​នេះ រាជរដ្ឋាភិបាល​សូម​ដាក់​ចេញ នូវ​វិធានការ​ណែនាំ​ដូច​ខាងក្រោម​ ៖
១- កំណត់​យក​ថ្ងៃ​ទី​២៤ ខែកញ្ញា ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ប្រារព្ធ ពិធី​គោរព​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
២- គ្រប់​ក្រសួង ស្ថាប័ន ត្រូវ​រៀបចំ​គណៈប្រតិភូ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ចូលរួម​ប្រារព្ធ​ពិធី​គោរព​រដ្ឋធម្មនុញ្ញ នៅ​នីតិ​បូជនីយដ្ឋាន វិមាន​រដ្ឋធម្មនុញ្ញ នា​ថ្ងៃ​ទី​២៤ ខែកញ្ញា​ជា​រៀង​រាល់​ឆ្នាំ ដែល​ត្រូវ​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ​។ ដោយឡែក​គ្រប់​មន្ទីរ អង្គភាព​នានា នៅ​រាជធានី និង​តាម​បណ្តា​ខេត្ត ត្រូវ​រៀបចំ​ប្រារព្ធ​ពិធី​គោរព​រដ្ឋធម្មនុញ្ញ តាម​ទីតាំង​និង​លទ្ធភាព​ជាក់ស្តែង​។
៣- គ្រប់​ក្រសួង​ស្ថាប័ន​ស្ថានីយ​វិទ្យុ ទូរទស្សន៍​ជាតិ និង​ឯកជន ព្រមទាំង​បណ្តាញ​ផ្សព្វផ្សាយ​នានា ត្រូវ​ប្រើប្រាស់​គ្រប់​មធ្យោបាយ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ នូវ​រដ្ឋធម្មនុញ្ញ និង​ប្រវត្តិ​ទាក់ទង​នឹង​ការ​បង្កើត​រដ្ឋធម្មនុញ្ញ ក្នុង​គោលដៅ​បំផុសស្មារតី​គោរព ការពារ លើកតម្កើង និង​ប្រតិបត្តិ តាម​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ