រាជធានីភ្នំពេញ ៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច ចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព និងបរិស្ថានបានល្អប្រសើរ ក្នុងព្រឹត្តិការណ៍នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤, ព្រឹត្តិការណ៍ «សាទរកម្ពុជា» និងព្រឹត្តិការណ៍ អបអរសាទរបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ កន្លងមកនេះ ។
ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក កើត ឆែ អភិបាលរងរាជធានីតំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។
សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា ៖ កន្លងមកនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព និងបរិស្ថាន ក្នុងព្រឹត្តិការណ៍ធំៗ ចំនួន៣ បានយ៉ាងល្អប្រសើរ នោះគឺព្រឹត្តិការណ៍ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤, ព្រឹត្តិការណ៍ «សាទរកម្ពុជា» និងព្រឹត្តិការណ៍ អបអរសាទរ បុណ្យឆ្លង ឆ្នាំសកលឆ្នាំ២០២៥។ បន្ថែមពីនេះ សមាជិកក្រុមប្រឹក្សាសរសើររដ្ឋបាលរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៤ ក្រោយពិធីបុណ្យធំៗ ចប់យើងឃើញថា ទីក្រុងស្អាតមានបរិស្ថានល្អ លែងមានសំរាមតាមផ្លូវ និងទីសាធារណៈទៀតហើយ។ ការដោះស្រាយវិវាទដីធ្លី រដ្ឋបាលរាជធានី ក៏បានអនុវត្តបានល្អ។ ចំណែកការផ្តល់សេវាតាមច្រកចេញ ចូលតែមួយវិញ ក៏បានអនុវត្តបានល្អប្រសើរផងដែរ ដែលបានបង្ហាញពីជំនឿទុកចិត្តពីប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ ។
ក្នុងឱកាសនោះ ជាការឆ្លើយតបលោក កើត ឆែ អភិបាលរងរាជធានីបាន មានប្រសាសន៍លើកឡើងថា ការកោតសរសើររបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លើការងាររបស់អាជ្ញាធររាជធានីភ្នំពេញ នេះគឺជាជាការលើកទឹកចិត្ត ដូចជាផ្ដល់កម្លាំងចិត្តឱ្យមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបំពេញការងារកាន់តែល្អបន្តទៀត ។
លោក កើត ឆែ បន្តទៀតថា ការងារចំពោះមុខនេះ ថ្នាក់ជាតិនឹងទំលាក់ការងារ ចំនួន២ទៀត មកឱ្យរដ្ឋបាលរាជធានីភ្នំពេញ បានបំពេញការងារ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អបន្តទៀតនោះគឺ ការផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ។
លោក បញ្ជាក់ថា នៅពេលដ៏ខ្លីខាងមុខនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) នឹងចុះ MOU ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ហើយក្រោយចុះ MOU ជាមួយគ្នាហើយ រាល់កំណត់ហេតុ ព្រមព្រៀង បញ្ចប់វិវាទ ដែលធ្វើឡើងដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មានអានុភាព អនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ ។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានសម្រេចតែងតាំងមន្ត្រីរាជការ ចំនួន០២រូប ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ ផងដែរ។ ក្នុងនោះរួមមាន ៖ លោក សាំង សុភៈវិចិត្រ ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៤ អតីតអភិបាលរងខណ្ឌសែនសុខ ត្រូវបានតែងតាំងឱ្យកាន់មុខតំណែងជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ និងលោក ព្រំ បញ្ញា ឋានន្តរស័ក្តិ អនុមន្ត្រី ថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជានាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស ៕
ចែករំលែកព័តមាននេះ