ខេត្តត្បូងឃ្មុំ ៖ រថយន្តធុនធំមួយគ្រឿងបានបើកបរក្នុងល្បឿនលឿនលើកំណាត់ផ្លូវជាតិលេខ 71 C ដោយខ្វះការប្រុងប្រយ័ត្នជាហេតុបណ្ដាលឱ្យរ៉េចង្កូតទៅម៉ូតូឈប់ និងមនុស្សកំពុងអង្គុយនៅចិញ្ចើមផ្លូវយ៉ាងពេញទំហឹង បណ្ដាលឱ្យស្លាប់ចំនួន៤នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងរបួសធ្ងន់ម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកម្ពុជា-ចិន ស្ថិតក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤យប់ទៀបភ្លឺឈានចូលព្រឹកថ្ងៃទី៩ មករាឆ្នាំ២០២៤ ត្រង់ចំណុចមុខផ្ទះឈ្មោះហ៊ីម យ៉ាន់ ភេទប្រុស ស្ថិតនៅភូមិត្រពាំងបី ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងរថយន្តបើកបរដោយជនមិនស្គាល់អត្តសញ្ញាណគឺបើកក្នុងទិសដៅពីត្បូងមកជើងគឺចេញពីផ្លូវមុខសាលាខេត្តត្បូងឃ្មុំតម្រង់ទិសមកកាន់ស្រុកក្រូចឆ្មារ ក្នុងគោលបំណងឆ្លងស្ពានកាត់ទន្លេមេគង្គឆ្ពោះមកកាន់ត្រើយម្ខាងទៀតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ តែដោយសារអ្នកបើកបរប្រើប្រាស់ល្បឿនលឿនក៏ជ្រុលទៅបុកម៉ូតូ និងប្រជាពលរដ្ឋប្រុសស្រីដែលឈប់រង់ចាំនៅលើចិញ្ចើមផ្លូវ ដើម្បីឡើងជិះគោយន្តកែច្នៃចេញទៅចំការ។
សមត្ថកិច្ចមូលដ្ឋានបានបន្តឲ្យដឹងទៀតថា ស្របពេលដែលជនរងគ្រោះកំពុងតែរង់ចាំនោះ ពុំទាន់នឹងបានឡើងជិះគោយន្តកែច្នៃផង ក៏ត្រូវបានរថយន្តប្រភេទសណ្ដោងធុនធំមួយគ្រឿងរ៉េសង្កូតមកបុកយ៉ាងពេញទំហឹង បណ្ដាលឱ្យស្លាប់មនុស្សរហូតទៅដល់៤នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូចំនួន០៥គ្រឿងខាងលើរួមមាន រថយន្ដមួយគ្រឿងម៉ាក FREIGHTLINER ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-3639 សឺមីរ៉ឺម៉ក ពណ៌ស ពាក់ផ្លាកលេខ វៀតណាម 51R-508.19 អ្នកបើកបរបានរត់គេចខ្លួនបាត់ ។
បង្កជាមួយម៉ូតូចំនួន០៥គ្រឿង បណ្តាលឲ្យស្លាប់មនុស្សចំនួន០៤នាក់ និងរបួសមនុស្សចំនួន១នាក់ កម្រិតធ្ងន់ មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ទ្រី កាក់ ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិក្បាលបឹងសេះ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ស្លាប់)។
២-ឈ្មោះ ឡុន សុខលីន ភេទស្រី អាយុ២០ឆ្នាំ (ស្លាប់) ។
៣-ឈ្មោះ សុន អ៊ុង ភេទស្រី អាយុ ៣១ឆ្នាំ (ស្លាប់) ។
៤-ឈ្មោះ យ៉ន ធឿន ភេទស្រី អាយុ៤២ឆ្នាំ (ស្លាប់) ។
៥-ឈ្មោះង៉ា គឹមសេង ភេទស្រី អាយុ៣៨ឆ្នាំ (របួសធ្ងន់) អ្នកទាំងបួននាក់រស់នៅភូមិឃុំជាមួយគ្នា។
-ទិសដៅ: រថយន្តបើកបរមកពីត្បូងទៅជើងប្រើប្រាស់ល្បឿន វ៉េចង្កូតទៅបុកម៉ូតូឈប់ និងមនុស្សកំពុងអង្គុយនៅចិញ្ចើមផ្លូវខាងកើត។
មូលហេតុ: ប្រើប្រាស់ល្បឿន ។
ខូចខាត: រថយន្ត០១គ្រឿង កម្រិតស្រាល ម៉ូតូចំនួន០៥គ្រឿង កម្រិតធ្ងន់ ។ ជនរងគ្រោះឈ្មោះ ង៉ា គឹមសេង បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ។ គិតរហូតមកដល់ម៉ោងជាងមួយរសៀលថ្ងៃទី៩ មករា ។
សមត្ថកិច្ចនៅមិនទាន់ស្រាវជ្រាវដឹងពីអត្តសញ្ញាណអ្នកបើកបររថយន្តនោះនៅឡើយទេ។
ចំពោះវត្ថុតាងត្រូវបានកម្លាំងជំនាញនគរបាលចរាចរណ៍ស្រុកនាំមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ