ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរភ្នំពេញ ហាម​ដាច់ខាត​មិន​ឱ្យ​ប្រើប្រាស់​គ្រឿងផ្ទុះ លេង​ជះ​ទឹក កាំភ្លើង​បាញ់​ទឹក​ នៅ​តាម​ដងផ្លូវ ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ​ឡើ​យ

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យ​ដឹងថា ដើម្បី​ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ​ក្នុង​ឱកាស​បុណ្យ ចូល​ឆ្នាំ​ប្រពៃណី​ជាតិ…

រាជធានី​ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យ​ដឹងថា ដើម្បី​ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ​ក្នុង​ឱកាស​បុណ្យ ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ឆ្នាំមមី អដ្ឋស័ក ព​.​ស​.២៥៧០ គ​.​ស​.២០២៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៤ ទី​១៥ និង​ទី​១៦ ខែមេសា ឆ្នាំ​២០២៦ ក៏​ដូច​ជា​រក្សា​បាន​នូវ​ប្រពៃណី​ជាតិ ទំនៀមទម្លាប់ និង​វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់ជាតិ​យើង ក្នុង​ការ​ចូលរួម​សម្តែង​អំណរ​សាទរ និង​ទទួល​ស្វាគមន៍​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ក្នុង​រាជធានីភ្នំពេញនោះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​ណែនាំ​ដូច​ខាងក្រោម ​៖

១- ហាម​ដាច់ខាត

  • មិន​ឱ្យ​មានការ​ដុត​ផាវ កាំជ្រួច ឬ​ប្រើប្រាស់​គ្រឿងផ្ទុះ​គ្រប់​ប្រភេទ​ក្នុង​ឱកាស​ពិធីបុណ្យ​នេះ
  • មិន​ឱ្យ​មានការ​នាំ​ចូល ចែកចាយ ទិញ​លក់​ផាវ និង​គ្រឿងផ្ទុះ​គ្រប់​ប្រភេទ
  • ហាម​ការ​លេងល្បែង​ជះ​ទឹក ការ​ជះ​ទឹក​មាន​ពណ៌ ឬ​ទឹក​កខ្វក់ គប់​ស្បោង​ទឹក កាំភ្លើង​បាញ់​ទឹក ស្អប់​បូម​បាញ់​ទឹក និង​ការ​វាយ​ដោយ​រំពាត់ ឬ​ឧបករណ៍​ផ្សេង​ៗ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បងប្អូន ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ដំណើរ​នៅ​តាម​ដងផ្លូវ ដែល​អាច​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ប៉ះពាល់​ដល់​អាយុជីវិត និង​បង្ក​ឱ្យ​មាន​របួស ឬ​ខូចខាត​ទ្រព្យសម្បត្តិ
  • មិន​ឱ្យ​មានការ​លេងល្បែង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​។

២- បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​មិន​ត្រូវ​បើកបរ​ក្នុង ស្ថានភាព​ស្រវឹង ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេង​ៗ​។

៣- នៅ​គ្រប់​ទី​វត្ត​អារាម ទីកន្លែង​គោរព​សក្ការៈបូជា ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព គ្រឹះស្ថានសិក្សា អង្គការ សមាគម ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រប់​ផ្សារ​រដ្ឋ និង​ផ្សារ​ទំនើប​ឯកជន មជ្ឈមណ្ឌល​កម្សាន្ត ម្ចាស់​ទីតាំង​អាជីវកម្ម​គ្រប់​ប្រភេទ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​មាន ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​អុជ​ទៀន​ធូប ភ្លើងចង្ក្រាន ធុង​ហ្គា​ស ការ​ឆ្លង​ចរន្តអគ្គិសនី ឬ​ការ ប្រើប្រាស់​សារធាតុ​ងាយ​ឆេះ​ផ្សេង​ៗ ជា​ពិសេស​ត្រូវ​ផ្តាច់​ចរន្តអគ្គិសនី​មុន​ពេល​ចាកចេញ ដើម្បី បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ដោយ​អគ្គិភ័យ​ដែល​អាច​កើតឡើង​ជាយថាហេតុ​ណាមួយ​។

៤- ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់ និង​ជួយ​សម្រួល ចរាចរណ៍​នៅ​តាម​តំបន់​គោលដៅ​ដែល​មានការ​កកស្ទះ និង​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ ព្រមទាំង​ត្រូវ​ចាត់តាំង​ក្រុមការងារ​បច្ចេកទេស​ពន្លត់​អគ្គិភ័យ ត្រៀម​រថយន្ត​ពន្លត់​អគ្គិភ័យ និង ត្រៀម​រៀបចំ​មធ្យោបាយ​ឱ្យ​បាន​គ្រប់គ្រាន់ ក្នុង​ការ​បង្ការ ទប់ស្កាត់ និង​ប្រចាំការ​ដើម្បី​ជួយ​សង្គ្រោះ បន្ទាន់​នៅ​ពេល​មាន​បញ្ហា​គ្រោះថ្នាក់​ដោយ​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ​ណាមួយ ក្នុងអំឡុងពេល ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​។

៥- គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​រៀបចំ​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​ជាក់ស្តែង នៅ​តាម​មូលដ្ឋាន​រៀង​ៗ​ខ្លួន និង​បង្កើន​ស្មារតី​ម្ចាស់​ការ​ក្នុង​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង របៀបរៀបរយ​សាធារណៈ ដើម្បី​ធានា​សុវត្ថិភាព និង​បង្ក​បរិយាកាស​ល្អ​ប្រសើរ​ជូន​ដល់​បងប្អូន ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ឱ្យមក​ចូលរួម​កម្សាន្ត​លេងល្បែង​ប្រជាប្រិយ​ឱ្យ​បាន​ច្រើន កុះករ​ប្រកបដោយ​ភាព​សប្បាយ​រីករាយ និង​មហោឡារិក​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ​។

៦- គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​ជំរុញ និង​ចាត់តាំង​អនុវត្ត​គោលនយោបាយ “​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​” ឱ្យ​បាន​សកម្ម​ផុលផុស ជា​ពិសេស​ការ​ផ្សព្វផ្សាយ​អប់រំ​លើក កម្ពស់​ការ​យល់​ដឹង​អំពី​គ្រឿងញៀន​ខុសច្បាប់ ល្បែងស៊ីសង​គ្រប់​ប្រភេទ សុវត្ថិភាព​ចរាចរណ៍ ព្រមទាំង​ត្រូវ​បន្ត​យកចិត្តទុកដាក់​ក្នុង​ការ​បង្ក្រាប ទប់ស្កាត់ និង​គ្រប់គ្រង​ឱ្យ​បាន​ហ្មត់ចត់​នូវ​គ្រប់ មុខសញ្ញា​ក្មេង​ទំនើង​នៅ​តាម​សហគមន៍ ភូមិ និង​សង្កាត់ ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​ក្នុង​មូលដ្ឋាន​។

៧- ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជា ការដ្ឋាន​យោធភូមិ​ភាគ​ពិសេស និង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​យកចិត្ត ទុកដាក់​បង្កើន​ការ​ក្តាប់​សភាពការណ៍​ពាក់ព័ន្ធ​សន្តិសុខ ជា​ពិសេស​សកម្មភាព​ភេរវកម្ម ឧក្រិដ្ឋកម្ម ចលាចល​សង្គម និង​សកម្មភាព​បង្ក​ហានិភ័យ​ផ្សេង​ៗ​ទៀត ដើម្បី​ចាត់វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ទាន់​ពេលវេលា​ប្រកបដោយ​ប្រសិទ្ធភាព ព្រមទាំង​បង្កើន​ការ​យកចិត្តទុកដាក់​នៅ តាម​គោលដៅ​ប្រមូលផ្តុំ​ទេសចរណ៍ វត្ត​អារាម និង​រមណីយដ្ឋាន​នានា​ជាដើម​។

៨- ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជា ការដ្ឋាន​យោធភូមិ​ភាគ​ពិសេស និង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​ចេញ បទបញ្ជា​ឱ្យ​បាន​ម៉ឺងម៉ាត់ ដល់​កងកម្លាំង​របស់​ខ្លួន ដើម្បី​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​។

៩- ជន​ណា​នៅ​តែ​បំពាន ឬ​ប្រព្រឹត្ត​ល្មើស​មិន​គោរព​តាម​សេចក្តីណែនាំ​ខាងលើ បង្ក​ឱ្យ​មាន​ចលាចល ក្នុង​សង្គម ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ត្រូវ ទទួលទោស​ទណ្ឌ​តាម​ច្បាប់​ជា​ធរមាន​។

ទទួល​បាន​សេចក្តីណែនាំ​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ពិសេស រដ្ឋបាល​ខណ្ឌ​ទាំង​១៤ មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល រាជធានី​ភ្នំពេញ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ និង សហការ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ