សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ទឹកប៉េងប៉ោះមិនត្រឹមតែជាភេសជ្ជៈស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា “ឃ្លាំងជីវជាតិ” ដែលសម្បូរទៅដោយវីតាមីន A, C, K និងជាតិរ៉ែខនិកសំខាន់ៗជាច្រើន។ ក្នុងមួយកែវ (២៤០ មិល្លីលីត្រ) ទឹកប៉េងប៉ោះផ្ដល់វីតាមីន C រហូតដល់ ៧៤% នៃតម្រូវការប្រចាំថ្ងៃ ដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងជំរុញការផលិតខូឡាជែនឱ្យស្បែកភ្លឺថ្លា។
អត្ថប្រយោជន៍ដ៏លេចធ្លោបំផុតមួយគឺសមត្ថភាព “កាត់បន្ថយការរលាក” ក្នុងរាងកាយ និងជួយសម្រកទំហំចង្កេះ តាមរយៈសារធាតុប្រឆាំងអុកស៊ីតកម្ម Lycopene ដ៏ខ្លាំងក្លា។
ក្រៅពីសម្រស់ ទឹកប៉េងប៉ោះដើរតួជា “អ្នកបន្សុទ្ធជាតិពុលក្នុងថ្លើម” យ៉ាងមានប្រសិទ្ធភាព ដោយសារវត្តមានជាតិក្លរ និងស្ពាន់ធ័រដែលជួយដល់ដំណើរការបន្សុទ្ធរាងកាយដោយធម្មជាតិ។ សម្រាប់សុខភាពសរសៃឈាម និងបេះដូង ការញ៉ាំទឹកប៉េងប៉ោះជាប្រចាំជួយកាត់បន្ថយជាតិខ្លាញ់អាក្រក់និងបញ្ចុះសម្ពាធឈាម ដែលជាកត្តាចម្បងការពារអ្នកពីជំងឺបេះដូង។ លើសពីនេះ ការសិក្សាជាច្រើនបានបង្ហាញថា សារធាតុ Lycopene ក្នុងប៉េងប៉ោះមានសមត្ថភាពខ្ពស់ក្នុងការបង្ការការរីកលូតលាស់នៃកោសិកាមហារីក ជាពិសេសមហារីកក្រពេញប្រូស្តាត និងមហារីកស្បែក។
ដើម្បីទទួលបានផលល្អបំផុត អ្នកគួរជ្រើសរើសទឹកប៉េងប៉ោះស្រស់ ១០០% ឬធ្វើដោយខ្លួនឯងនៅផ្ទះ។ អ្នកគួរចៀសវាងទឹកប៉េងប៉ោះកំប៉ុងដែលមានបន្ថែមជាតិស្ករ ឬជាតិសូដ្យូម (អំបិល) ខ្ពស់ ព្រោះវាអាចធ្វើឱ្យបាត់បង់តម្លៃអាហារូបត្ថម្ភ និងប៉ះពាល់ដល់សុខភាពទៅវិញ។ ការញ៉ាំទឹកប៉េងប៉ោះមួយកែវរាល់ថ្ងៃ គឺជាវិធីសាស្ត្រដ៏ងាយស្រួល និងចំណាយតិច ដើម្បីថែរក្សាសុខភាពឱ្យមាំមួន និងក្មេងជាងវ័យ៕
ចែករំលែកព័តមាននេះ