ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​តែង​តាំង​មេ​បញ្ជា​ថ្មី​នៃ​ឆ្មាំ​បដិវត្តឥស្លាម​ដែល​ជា​អ្នក​មាន​ចរិត​ដាច់​ខាត​និយម

6 ម៉ោង មុន

ទី​ក្រុង​តេ​អេ​រ៉ង់៖ ប្រទេស​អ៊ីរ៉ង់​តែង​តាំង​មេ​បញ្ជា​ការ​​ឆ្មាំ​បដិវត្ត​ថ្មី​របស់​ខ្លួន​ជំនួស​អ្នក​ចាស់​ដែល​បាន​ស្លាប់​ក្រោម​ស្នា​ដៃ​របស់​អ៊ីស្រា​អែល​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​។ លោក​មហាម៉ាត់​ បាហ្គើ​ ហ្សុល​ហ្កា​ដ័រ (Mohammad-Bagher Zolghadr) ជា​អ្នក​ដាច់​ខាត​និយម​ជើង​ចាស់​​ម្នាក់។ លោក​ត្រូវ​មក​ជំនួស​តំណែង​លោក​អាលី ឡា​រី​ចានី…

ទី​ក្រុង​តេ​អេ​រ៉ង់៖ ប្រទេស​អ៊ីរ៉ង់​តែង​តាំង​មេ​បញ្ជា​ការ​​ឆ្មាំ​បដិវត្ត​ថ្មី​របស់​ខ្លួន​ជំនួស​អ្នក​ចាស់​ដែល​បាន​ស្លាប់​ក្រោម​ស្នា​ដៃ​របស់​អ៊ីស្រា​អែល​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​។ លោក​មហាម៉ាត់​ បាហ្គើ​ ហ្សុល​ហ្កា​ដ័រ (Mohammad-Bagher Zolghadr) ជា​អ្នក​ដាច់​ខាត​និយម​ជើង​ចាស់​​ម្នាក់។ លោក​ត្រូវ​មក​ជំនួស​តំណែង​លោក​អាលី ឡា​រី​ចានី (Ali Larijani) ​ដែល​ត្រូវ​អ៊ីស្រា​អែល​ធ្វើ​ឃាត​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​។

លោក​ហ្សុល​ហ្កា​ដ័រ​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ឧត្ដម​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ជាតិ​អ៊ីរ៉ង់​។ នេះ​បើ​យោ​ងតាម​ការ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌​មាន​អ៊ីរ៉ង់​​ហ្វាស​ (Fars)។ លោក​ធ្លាប់​កាន់​តំណែង​ជា​មេ​បញ្ជា​ការ​រង​ឆ្មាំ​បដិវត្ត​ឥស្លាម​​ និង​ធ្លាប់​ប្រឡូក​នៅ​ក្នុង​វិស័យ​នយោ​បាយ​បន្ទាប់​ពី​ក្លាយ​ជា​​មន្ត្រីជាន់​ខ្ពស់​នៅ​​ក្រសួង​មហា​ផ្ទៃ​កាល​ពី​ឆ្នាំ​២០០៥។ ជំនួយ​ការ​របស់​ប្រធា​នា​ធិបតី​អ៊ីរ៉ង់​ទទួល​បន្ទុក​ខាង​កិច្ច​ការ​ទំនាក់​ទំនង​ទូទៅ​ក៏​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ អះ​អាង​អំ​ពី​ការ​តែង​តាំង​លោក​ហ្សុល​ហ្កា​ដ័រ​ផង​ដែរ​។

ឧត្ដម​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ជាតិ​អ៊ីរ៉ង់​ដែល​ពី​មុន​នេះ​គ្រប់​គ្រង​ដោយ​ប្រធានា​ធិបតី​អ៊ីរ៉ង់​ លោក​ម៉ាស៊ុត ប៉េ​ហ្សេ​ស្គាន (Masoud Pezeshkian) ជា​សេនាធិការ​អម​រដ្ឋាភិបាលទទួល​បន្ទុក​​ផ្នែក​សន្តិ​សុខ​ និង​កិច្ច​ការ​បរទេស។ ​​​ស្ថាប័ន​​នេះ​ក៏​​រួម​បញ្ចូល​ទាំង​​មន្ត្រី​កំពូល​ៗ​ផ្នែក​​យោធា​, ផ្នែក​ស៊ើប​ការណ៍​សម្ងាត់ និង​ផ្នែក​រដ្ឋាភិបាល​ បន្ថែម​ពី​លើ​ក្រុម​អ្នក​តំណាង​របស់​​មេដឹក​នាំកំពូល​​អ៊ីរ៉ង់​។ មេ​ដឹក​នាំកំពូល ឬ​អគ្គ​មគ្គុទ្ទេសក៍​អ៊ីរ៉ង់​ជា​អ្នក​មាន​សិទ្ធិ​សម្រេច​កិច្ច​ការ​​គ្រប់​យ៉ាង​។

លោក​ហ្សុល​កាដ័រ​កាល​ពី​អតីត​កាល​ធ្លាប់​ជា​មេ​បញ្ជា​ការ​ឆ្មាំ​បដិវត្ត​ឥស្លាម​ដែល​កាន់​មុខ​តំណែង​ចម្រុះ​ដូច​ជា​តំណែង​ជា​​អនុ​រដ្ឋ​មន្ត្រី ក្រសួង​មហា​ផ្ទៃ, ជា​មេ​បញ្ជា​ការ​រង​នៃ​អគ្គ​សេនា​ធិការ​ដ្ឋាន​កង​ទ័ព​ និង​ជា​ទី​ប្រឹក្សា​ប្រធាន​ផ្នែក​យុត្តា​ធិការ​ទទួល​បន្ទុក​ខាង​ទប់​ស្កាត់​បទ​ល្មើស​។ លោកធ្លាប់​ដឹក​នាំ​ស្នង​ការ​ដ្ឋាន​នៃ​ក្រុម​អ្នក​នយោបាយ​ដាច់​ខាត​និយម​ដែល​មាន​ឈ្មោះ​ថា​ «រណ​សិរ្យ​ប្រជា​ជន​បដិ​វត្ត​ឥស្លាម​»។ ចាប់​តាំង​ពី​ឆ្នាំ​២០២២​មក​ លោក​កាន់​តំណែង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​​ដោះ​ស្រាយ​វិវាទ (Expediency Discernment Council)។ នេះ​ជា​ស្ថាប័ន​សម្រប​សម្រួល​ការ​ខ្វែង​គំនិត​គ្នា​​រវាង​រដ្ឋ​សភា និង​ក្រុម​ប្រឹក្សា​​អ្នក​​ឃ្លាំ​មើល​ដែល​ប្រមូល​ផ្ដុំ​ដោយ​​​ក្រុម​បព្វ​ជិត​និកាយ​ស៊ីអាយ (Shi’ite) និង​ចៅ​ក្រម​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ជំទាស់​នឹង​ច្បាប់​អ្វីមួយ​ និង​មាន​សិទ្ធិ​រៀប​ចំ​ការ​បោះ​ឆ្នោត​៕ ប្រភព៖ ​ប្រភព៖ រ៉យ​ទ័រ (Reuters), ប៊្លូមបឺក (Bloomberg) និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ