ទីក្រុងម៉ានីឡា៖ ថ្ងៃនេះ ប្រទេសហ្វ៊ីលីពីនប្រកាសអាសន្នផ្នែកប្រេងឥន្ធនៈដោយសារឥទ្ធិពលអាក្រក់ពីសង្គ្រាមនៅមជ្ឈិមបូព៌ាដែលបន្តឆាបឆេះ មិនដឹងថានឹងផុតរលត់ទៅវិញនៅពេលណា។ ប្រធានាធិបតីហ្វ៊ីលីពីន លោកម៉ាកូស ប្រកាសដាក់ប្រទេសជាតិនៅក្នុងស្ថានភាពអាសន្នផ្នែកថាមពល និងចាត់ទុកថានេះជាគ្រោះថ្នាក់ដ៏ធំណាស់សម្រាប់ជាតិព្រោះគ្មានប្រភពសម្រាប់ផ្គត់ផ្គង់។ លោកម៉ាកូសថ្លែងថារដ្ឋាភិបាលបានបង្កើតគណៈកម្មការចំពោះកិច្ចដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវការដំណើរការដោយរលូនទាំងផ្នែកផ្គត់ផ្គង់ ចែកចាយ និងការរកបានប្រេងឥន្ធនៈនៅតាមស្ថានីយនានា។

មិនតែប៉ុណ្ណោះ គណៈកម្មការនេះក៏ត្រូវធានាការផ្គត់ផ្គង់ និងចែកចាយស្បៀងអាហារ ថ្នាំពេទ្យ កសិផល និងទំនិញដែលចាំបាច់ដទៃទៀតផងដែរ។ នៅក្នុងបទបញ្ជាដែលចែកចាយជូនសារព័ត៌មាននានា លោកម៉ាកូសអះអាងថាជម្លោះនៅមជ្ឈិមបូព៌ាបង្កើតនូវភាពមិនច្បាស់លាស់នៅក្នុងទីផ្សារលក់ថាមពល ព្រមទាំងរំខានយ៉ាងខ្លាំងចំពោះសង្វាក់ផ្គត់ផ្គង់ និងដាក់សម្ពាធកាន់តែខ្លាំងឡើងៗទៅលើតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ។

ឆ្លងតាមហេតុផលទាំងអម្បាលម៉ានដូចរៀបរាប់ខាងលើនេះ ប្រទេសហ្វ៊ីលីពីនរងការគំរាមកំហែងផ្នែកសន្តិសុខថាមពល។ លោកថ្លែងបន្តទៀតថាការប្រកាសដាក់ប្រទេសជាតិនៅក្នុងស្ថានភាពអាសន្នផ្នែកថាមពលនឹងជួយឱ្យរដ្ឋាភិបាលដាក់ចេញនូវការឆ្លើយតប និងសម្របសម្រួលការអនុវត្តវិធានការនានាស្របទៅតាមច្បាប់ដែលនៅជាធរមាន។ ធ្វើបែបនេះដើម្បីដោះស្រាយបញ្ហាហានិភ័យដែលបង្កឡើងដោយភាពរអាក់រអួលក្នុងការផ្គត់ផ្គង់ថាមពលជាសាកល ហើយក៏ជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិផងដែរ។

ការប្រកាសដាក់ប្រទេសជាតិនៅក្នុងស្ថានភាពអាសន្នផ្នែកថាមពលនេះនឹងមានសុពលភាពរហូតដល់រយៈពេលមួយឆ្នាំឯណោះ ហើយផ្ដល់សិទ្ធិឱ្យរដ្ឋាភិបាលកុម្ម៉ង់ទិញឥន្ធនៈ និងប្រេងដើម្បីធានាការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ទាន់ពេលវេលា។ នៅក្នុងការណីចាំបាច់ រដ្ឋាភិបាលក៏អាចនឹងទូទាត់ថ្លៃទំនិញទុកជាមុនផងដែរ។ កាលពីព្រឹកមិញ រដ្ឋមន្ត្រីក្រសួងថាមពលហ្វ៊ីលីពីនថ្លែងប្រាប់អ្នកសារព័ត៌មានថាហ្វ៊ីលីពីននៅសល់ឥន្ធនៈសម្រាប់ប្រើប្រាស់រយៈពេល៤៥ថ្ងៃដោយផ្អែកទៅលើអត្រាប្រើប្រាស់នាពេលបច្ចុប្បន្ន។ ដើម្បីជាលក្ខណៈបង្ការកុំឱ្យប្រេងអស់ពីស្តុករលីង រដ្ឋាភិបាលត្រៀមទិញប្រេងឆៅមួយលានបារ៉ែលសាកួទុក។ ហ្វ៊ីលីពីនអាចទិញពីប្រទេសនៅអាស៊ីអាគ្នេយ៍ ឬប្រទេសផ្សេងពីនេះ៕ ប្រភព៖ ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ