ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស សម្រាប់អ្នកដែលចូលចិត្តឆុងកាហ្វេញ៉ាំនៅផ្ទះ កាកកាហ្វេដែលនៅសល់មិនមែនជាសម្រាមនោះទេ ប៉ុន្តែវាគឺជា “មាសខ្មៅ” ដែលសម្បូរទៅដោយសារធាតុអាសូត កាហ្វេអ៊ីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ការចេះច្នៃប្រឌិតយកកាកកាហ្វេមកប្រើប្រាស់ឡើងវិញ មិនត្រឹមតែជួយសន្សំសំចៃថវិកាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់កិច្ចការប្រចាំថ្ងៃរបស់អ្នកយ៉ាងនឹកស្មានមិនដល់។
កាកកាហ្វេស្ងួតគឺជាភ្នាក់ងារ “បឺតក្លិន” ដ៏ពូកែបំផុត ដោយអ្នកគ្រាន់តែដាក់វាក្នុងចានតូចមួយ រួចដាក់ក្នុងទូទឹកកក ឬបាតធុងសំរាម វានឹងជួយបំបាត់ក្លិនឆ្អាប និងក្លិនមិនល្អបានយ៉ាងរហ័ស។ សម្រាប់ប្រដាប់ប្រដាប្រើប្រាស់ក្នុងផ្ទះបាយដែលមានជាប់ស្នាមខ្លាញ់ ឬខ្លោច អ្នកអាចយកកាកកាហ្វេមកដុសខាត់ដើម្បីជួយឱ្យស្នាមទាំងនោះរបូតចេញបានយ៉ាងងាយ។ លើសពីនេះ ប្រសិនបើដៃរបស់អ្នកជាប់ក្លិនឆ្អាបត្រី ឬក្លិនខ្ទឹម ការដុសដៃជាមួយកាកកាហ្វេនឹងជួយជម្រះក្លិនទាំងនោះភ្លាមៗ។ ចំពោះគ្រឿងសង្ហារិមឈើពណ៌ក្រមៅដែលមានស្នាមឆ្កូត អ្នកអាចយកកាកកាហ្វេលាយទឹកបន្តិចមកលាបបំពេញស្នាមដើម្បីបិទបាំងបានយ៉ាងស្អាត។
នៅក្នុងវិស័យកសិកម្ម កាកកាហ្វេគឺជា “ជីធម្មជាតិ” ដែលមានជាតិអាសូតខ្ពស់ ជួយឱ្យរុក្ខជាតិលូតលាស់លឿន និងមានស្លឹកបៃតងស្រស់។ ក្លិនដ៏ខ្លាំងរបស់វាអាចជួយដេញស្រមោច សត្វល្អិត និងសត្វខ្យងមិនឱ្យមកយាយីសួនដំណាំរបស់អ្នកបាន។ អ្វីដែលកាន់តែអស្ចារ្យនោះ គឺកាកកាហ្វេអាចជួយផ្លាស់ប្តូរពណ៌ផ្កា (ដូចជាផ្កា Hydrangea) ឱ្យមានពណ៌ខៀវដិតស្អាត និងជួយដេញសត្វឆ្មាមិនឱ្យមកបន្ទោរបង់ផ្ដេសផ្ដាសក្នុងសួនច្បារតាមរយៈក្លិនឆួលរបស់វា។
ចំពោះអ្នកស្រឡាញ់សម្រស់ កាកកាហ្វេគឺជា “ស្ក្រាប់” ដ៏វិសេសសម្រាប់ខាត់ស្បែកឱ្យទន់រលោង បំបាត់កោសិកាចាស់ៗ និងជួយកាត់បន្ថយសន្លាក់ខ្លាញ់តាមរយៈការម៉ាស្សាជំរុញចរន្តឈាម។ ជាតិកាហ្វេអ៊ីនក៏មានសមត្ថភាពជួយកាត់បន្ថយស្នាមខ្មៅ និងហើមក្រោមភ្នែកបានយ៉ាងប្រសើរ។ លើសពីនេះ អ្នកអាចយកវាមកម៉ាស្សាស្បែកក្បាលដើម្បីជម្រះជាតិគីមី និងខ្លាញ់ដែលកកស្ទះ ឬប្រើសម្រាប់ត្រាំជើងដើម្បីបំបាត់ក្លិនផ្អូម និងជួយឱ្យស្បែកជើងទន់រលោង។
ការច្នៃកាកកាហ្វេមកប្រើប្រាស់ឡើងវិញតាមវិធីទាំងនេះ នឹងប្រែរបស់ដែលស្ទើរតែបោះចោល ឱ្យទៅជាឧបករណ៍ពហុប្រយោជន៍សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នក៕
ចែករំលែកព័តមាននេះ