ទីក្រុងញូវដែលី៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទយ៉ាងសំខាន់ជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ដើម្បីជជែកអំពីវិបត្តិដែលកំពុងឆាបឆេះនៅមជ្ឈិមបូព៌ា ជាពិសេសគឺការធានាឱ្យបាននូវការបើកច្រកសមុទ្រ “ហូម៉ូស” ឡើងវិញ។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី២៤ ខែមីនានេះ។
ក្នុងជំនួបនោះ មេដឹកនាំទាំងពីរបានឯកភាពគ្នាថា ការរក្សាសន្តិសុខ និងសេរីភាពនៃការធ្វើនាវាចរណ៍ក្នុងផ្លូវទឹកដ៏សំខាន់មួយនេះ គឺជា “រឿងចាំបាច់ខ្វះមិនបានសម្រាប់ពិភពលោកទាំងមូល”។
លោក ម៉ូឌី បានសរសេរលើបណ្ដាញសង្គម X ថា ប្រទេសឥណ្ឌាគាំទ្រយ៉ាងពេញទំហឹងនូវការកាត់បន្ថយភាពតានតឹង និងការស្ដារសន្តិភាពឱ្យបានឆាប់បំផុត។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ កាលពីប៉ុន្មានថ្ងៃមុន លោក ម៉ូឌី ក៏បានជជែកជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ផងដែរ ដែលនេះបង្ហាញថាឥណ្ឌាកំពុងដើរតួជា “ស្ពានចរចា” ដ៏សំខាន់រវាងរដ្ឋការទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ ដើម្បីបញ្ចៀសវិនាសកម្មសេដ្ឋកិច្ចសកល។
ការចេញមុខរបស់ឥណ្ឌានៅពេលនេះ កើតឡើងចំពេលដែលពិភពលោកកំពុងដកដង្ហើមធំ បន្ទាប់ពីលោក ត្រាំ បានយល់ព្រមពន្យារពេលការវាយប្រហារលើប្រព័ន្ធថាមពលអ៊ីរ៉ង់រយៈពេល ៥ ថ្ងៃ ដើម្បីទុកពេលឱ្យការទូតដំណើរការ។ ក្នុងនាមជាប្រទេសដែលពឹងផ្អែកខ្លាំងលើការនាំចូលថាមពលតាមរយៈច្រកសមុទ្រ “ហូម៉ូស” ឥណ្ឌាកំពុងខិតខំប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីធានាថាផ្លូវដឹកជញ្ជូនទំនិញអន្តរជាតិនឹងត្រឡប់មកមានសុវត្ថិភាពវិញ និងមិនត្រូវរងការរំខានដោយសារសង្គ្រាមអូសបន្លាយនោះឡើយ៕
ចែករំលែកព័តមាននេះ