ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​រយៈ​សារ​នយោបាយ កាលពី​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២៥ របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កម្ពុជា​នឹង​មានច្បាប់​ថ្មី​មួយ ដើម្បី​ការពារ​សន្តិភាព និង​ស្ថិរភាព​នយោបាយ ។ នៅ​ពេល​ដែល​ច្បាប់​នោះ​ចេញ​ប្រើ​ជា​ផ្លូវការ…

តាម​រយៈ​សារ​នយោបាយ កាលពី​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២៥ របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កម្ពុជា​នឹង​មានច្បាប់​ថ្មី​មួយ ដើម្បី​ការពារ​សន្តិភាព និង​ស្ថិរភាព​នយោបាយ ។ នៅ​ពេល​ដែល​ច្បាប់​នោះ​ចេញ​ប្រើ​ជា​ផ្លូវការ ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​ក៏​ទំនង​កាន់តែ​បាត់​ឱកាស​មក​ស្តារ​សកម្មភាព និង​ជីវភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​ដែរ​ពីព្រោះ​ច្បាប់​នោះ​នឹង​មានការ​ដាក់ទោស​ទណ្ឌ​ដល់​ជន​ណា​ដែល​ប៉ុន​ប៉ុង​ផ្តួល​រលំ​រដ្ឋាភិបាល​ស្របច្បាប់ ។

វា​ទំនង​ថា ច្បាប់​ថ្មី​នោះ​នឹង​ធ្វើ​អោយ​រសើប​ដល់​អ្នកប្រឆាំង និង​បរទេស​មួយ​ចំនួន ។ ពួក​គេ​នឹង​អាច​សំឡឹង​ឃើញ​ច្បាប់​ថ្មី​នោះ ក្នុង​រូបភាព​ផ្សេង​ចេញពី​គោលការណ៍​ប្រជាធិបតេយ្យ និង​សិទ្ធិ​បញ្ចេញមតិ ។ និយាយ​អោយ​ចំ​ជាង​នេះ​ពួក​គេ​នឹង​អាច​រិះគន់​ដល់​ច្បាប់​នោះ​ថា នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ និង​សិទ្ធិ​បញ្ចេញមតិ ។ ដើម្បី​កាត់​បន្ថយ​ការ​រិះគន់​ទាំងនេះ ការ​តាក់តែង​ច្បាប់​ទំនងជា​ត្រូវធ្វើ​ដោយ​ម៉ត់ចត់ និង​ថ្លឹងថ្លែង​គ្រប់​ជ្រុងជ្រោយ ដើម្បី​ការពារ​សន្តិភាព ហើយ​មិន​ធ្វើ​អោយ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​បញ្ចេញមតិ ។

សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ក្នុង​ឱកាស​ដែល​គណបក្ស​ប្រារព្ធ​ទិវា​ជ័យ​ជំ​នៈ ៧ មក​រា លើ​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កសាង​នូវ​ច្បាប់​ថ្មី​មួយ​ឡើង ។ ច្បាប់​នោះ​នឹង​កំណត់​ទោសទណ្ឌ​ចំពោះ​ជន​ណា ឬ​ក្រុម​ណា​ដែល​មាន​គម្រោងការ ឬ​អំពើ​ឃុបឃិត​បង្កើត​ចលនា​ប្រឆាំង​ជ្រុលនិយម បង្ក​ភាព​វឹកវរ អសន្តិសុខ ក្នុង​សង្គម​បង្ក​ឲ្យ​មាន​ជម្លោះ​ជាមួយនឹង​រដ្ឋ​ដទៃ និង​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា ។

តាម​ប្រសាសន៍​របស់​បុរស​ខ្លាំង​នៃ​កម្ពុជា​នៅ​ពេល​ដែល​ច្បាប់​នោះ​ចេញ​ជន​ណា ឬ​ក្រុម​ណា​ដែល​ពាក់ព័ន្ធ នឹង​សកម្មភាព​ខាងលើ​នេះ​នឹង​ត្រូវ​ចាត់​ទុក​ថា ជា​ភេ​វករ ដែល​ត្រូវ​តែ​នាំ​ខ្លួន​មក​វិនិច្ឆ័យ​ទោស ។ សម្តេច​តេ​ជោ ក៏​បាន​សង្កត់ធ្ងន់​ថា នេះ​គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ការពារ​សន្តិភាព ក្រោយ​ពេល​ដែល​វា​បាន​រក​នៅ​កម្ពុជា​យ៉ាង​លំបាក​អស់​រយៈពេល​២៦​ឆ្នាំ​កន្លង​មកនេះ ។

រហូត​មក​ដល់​ពេល​នេះ នយោបាយ​នៅ​ក្នុង​ប្រទេស​ហាក់​ស្ងប់ស្ងាត់ ប្រទេស​មាន​ស្ថេ​រ​ភាព ប៉ុន្តែ​នៅ​ខាងក្រៅ​ប្រទេស​ក្រុម​អ្នកនយោបាយ​ប្រឆាំង​ដែល​បាន​និរទេស​ខ្លួន ក្រោយ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​សាលក្រម​របស់​តុលាការ​កំពូល កាលពី​ឆ្នាំ​២០១៧ នៅ​តែ​បន្ត​តាម​កញ្ជ្រោក​សភាពការណ៍​ជា​បន្តបន្ទាប់ ។

ក្រុម​អ្នកនយោបាយ​ទាំងនេះ​មួយ​ចំនួន​បាន​វិល​ចូល​ស្រុក​វិញ ហើយ​ទទួល​បានការ​លើកលែងទោស និង កំពុង​តែ​ធ្វើ​សកម្មភាព​នយោបាយ​នៅ​កម្ពុជា ។ ដោយឡែក ក្រុមប្រឆាំង​ជ្រុលនិយម​ខ្លះ​មិន​ចូល​ហើយ បាន​បន្ត​ធ្វើ​សកម្មភាព​នៅ​ក្រៅប្រទេស​ជា​បន្តបន្ទាប់ រហូត​ដល់​មានការ​ផ្តួចផ្តើម​បង្កើត​រដ្ឋាភិបាល​ស្រមោល​នៅ​ក្រៅប្រទេស​ផង​ដែរ ។

មក​ដល់​ពេល​នេះ កម្ពុជា​នៅ​តែ​បន្ត​គោលនយោបាយ​ផ្សះផ្សារ​ជាតិ និង​ពូន​ជ្រុំ​សកម្មភាព​នានា​នៅ​លើ​មាគ៌ា​នៃ​សន្តិភាព ប្រជាធិបតេយ្យ និ​តិ​រដ្ឋ និង​អភិវឌ្ឍន៍ ដើម្បី​កសាង​អនាគត​ឲ្យ​ក្លាយជា​អរិយ​ប្រទេស​ដោយ​គ្មាន​ការ​កើត​មាន​ជា​ថ្មី​នូវ​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍ ។ នៅ​ក្នុង​ន័យ​នេះ​នៅ​ពេល​ដែល​ច្បាប់​ថ្មី​ចេញ​កម្ពុជា​នឹង​កាន់តែ​មាន​សក្តានុពល​នៅ​ក្នុង​ចំណាត់ការ​ផ្លូវច្បាប់​ប្រឆាំង​នឹង​ក្រុម​អ្នកប្រឆាំង​នៅ​ក្រៅប្រទេស​បន្ថែម​ទៀត ។

ច្បាប់​ដែល​គ្រោង​នឹង​បង្កើត​ឡើង​នេះ គឺ​ចាំបាច់​ដើម្បី​ការពារ​សន្តិភាព​ដែល​កម្ពុជា​សម្រេច​បាន​កាលពី​ចុងឆ្នាំ​១៩៩៨ ហើយ​ថែរក្សា​មក​ដល់​បច្ចុប្បន្ន ។ ជា​ការ​ពិត សន្តិភាព​វា​ជា​ពាក្យ​ពិ​រោះ និង​ងាយស្រួល​និយាយ ប៉ុន្តែ​វា​ពិតជា​លំបាក​នៅ​ក្នុង​ការ​ការពារ និង​ថែរក្សា​វា ។ រឿងរ៉ាវ​សង្គ្រាម​នៅ​ប្រទេស​មួយ​ចំនួន​រួម​មាននៅ​អ៊ុយ​ក្រែ​ន នៅ​ម​ជ្ឈឹ​ម​បូព៌ា មី​យ៉ា​ន់​ម៉ា ហៃ​ទី និង​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក គឺជា​ភស្តុ​តាង​ដ៏​ច្បាស់លាស់​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ដែល​ថា សន្តិភាព គឺ​ពិបាក​នឹង​ស្វែងរក​ណាស់ ។ ដូច្នេះ វា​ចាំបាច់​ដែល​កម្ពុជា​ត្រូវ​តែ​រក្សា​សន្តិភាព​អោយ​បាន ។ នៅ​ពេល​ដែល​ប្រទេស​រអិល​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​ហើយ ការ​ផ្សះផ្សារ និង​ការ​ស្វែងរក​សន្តិភាព គឺ​ពិបាក បំផុត ។ ដូច្នេះ​ហើយ​ការ​បង្កើត​នូវ​ច្បាប់​ថ្មី​ដែល​នឹង​លេច​ចេញ​នៅ​ពេល​ខាង​មុខ​នេះ គឺជា​សិទ្ធិ​របស់​គណបក្សកាន់អំណាច​ដែល​ក្តោប​ក្តាប​ទាំង​ស្ថាប័ន​និ​តិ​បញ្ញត្តិ និង​និ​តិ​ប្រតិបត្តិ​នៅ​កម្ពុជា ។

នៅ​ពេល​ខាង​មុខ នៅ​ពេល​ដែល​រដ្ឋាភិបាល​ពង្រាង​ច្បាប់​នេះ​ចេញ និន្នាការ​ប្រឆាំង​ជំទាស់​នឹង​ច្បាប់​នេះ​នឹង ចេញ​មក ប៉ុន្តែ​នៅ​ក្នុង​នាម​ជា​ប្រទេស​ដែល​ឈរ​នៅ​ក្រោម​គោលការណ៍​នៃ​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​មាគ៌ា​ប្រជាធិបតេយ្យ​សេរី ពហុបក្ស ការ​រិះគន់ ការ​បញ្ចេញយោបល់ ការ​ធ្វើការ​តស៊ូ​មតិ ដែល​នឹង​កើត​មាន គឺជា​រឿង​ធម្មតា ។

ការ​ប្រឆាំង​នឹង​ដំណើរការ​តាក់តែង​ច្បាប់​នេះ​នឹង​ជៀស​មិន​រួច​ឡើយ ។ អ្នកជំនាញ​បរទេស និង​រដ្ឋាភិបាល​ប្រទេស​ខ្លះ​ក៏​នឹង​មិន​គាំទ្រ​ដែរ ។ ប៉ុន្តែ​រដ្ឋាភិបាល​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​តាម​ឆន្ទៈ​របស់​ពលរដ្ឋ ក៏​នៅ​តែ​មាន​សិទ្ធិ និង​ភាព​ស្របច្បាប់​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ធ្វើ​ច្បាប់​នេះ​ឲ្យ​ចេញ ។ ម្យ៉ាងវិញទៀត នៅ​ក្នុង​ប្រទេស​នៅ​ក្រោម​ប្រព័ន្ធ​ប្រជាធិបតេយ្យ ក៏​មិន​មាន​កន្លែង​ណា​ដែល​ចែង​មិន​អោយ​កម្ពុជា​ធ្វើ​ច្បាប់​នេះ​ច្បាប់​នោះ​ដែរ ។ នៅ​ក្នុង​នាម​ជា​អ្នក​កាច់ចង្កូត​នាវា​កម្ពុជា​ដោយ​ស្របច្បាប់ រដ្ឋាភិបាល​បន្តវេន​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​មាន​សិទ្ធិ​នៅ​ក្នុង​ការ​រៀបចំ និង​តាក់តែង​ច្បាប់​នេះ និង​ច្បាប់​ចាំបាច់​ផ្សេង​ៗ​ទៀត នៅ​ក្នុង​គោលបំណង​ការពារ និង​ថែរក្សា​សណ្តាប់ធ្នាប់​សង្គម និង​ធានា​ប្រក្រតី​ភាព​នៃ​សង្គម​កម្ពុជា ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ ការ​តាក់តែង​ច្បាប់​នេះ​ត្រូវ​ថ្លឹងថ្លែង​អោយ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ក្លាយជា​មធ្យោបាយ​ច្បាប់​ការពារ​សន្តិភាព ហើយ​ក៏​ធានា​ផង​ដែរ​នូវ​សិទ្ធិ​នៃ​ការ​បញ្ចេញមតិ​ដែល​ជា​ផ្នែក​ដ៏​សំខាន់​នៅ​ក្នុង​លទ្ធិប្រជាធិបតេយ្យ ។ នៅ​ពេល​ដែល​កម្ពុជា​តាក់តែង​ច្បាប់​នេះ ដោយ​ផ្តល់​ការ​ការពារ​ដល់​សិទ្ធិ​បញ្ចេញមតិ​នោះ​ក្រុមប្រឆាំង ឬ​ក៏​បរទេស​នឹង​ពិបាក​រក​ចំណុចខ្សោយ​សម្រាប់​ធ្វើការ​វាយប្រហារ​មក​លើ​រដ្ឋាភិបាល​កម្ពុជា ។

សរុបសេចក្តី​ទៅ ច្បាប់​ណា​ក៏​ដោយ​ឲ្យ​តែ​តាក់តែង​ឡើង ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ប្រជាជន​ទប់ស្កាត់​ការ​អុជអាល ញុះញង់ បំផុសប្រជាជន​ឲ្យ​ប្រឆាំង ឬ​បង្ក​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ និង​ប្រក្រតី​ភាព​នៃ​សង្គម​ពលរដ្ឋ​នឹង​គាំទ្រ ។ មក​ដល់​ពេល​នេះ ថ្វី​ត្បិត​តែ​កម្ពុជា​មាន​សន្តិភាព​មក​ប្រមាណ​ជា​២៦ ឆ្នាំ​មក​ហើយ​ក៏​ពិតមែន ប៉ុន្តែ​ប្រសិនបើ​ប្រហែស​ប្រទេស​អាច​នឹង​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​ដ៏​អាក្រក់​តែ​មួយ​ពព្រិច​ភ្នែក​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ