គោលដៅទាក់ទាញអ្នកទេសចរបរទេសត្រឹមប្រមាណជា៧លាននាក់ សម្រាប់ឆ្នាំ២០២៥ ទំនងជាអាចនឹងទៅរួច ប្រសិនបើគ្រប់គ្នាប្រឹងប្រែងឲ្យអស់លទ្ធភាព ហើយលុបបំបាត់ព័ត៌មានអាក្រក់ៗ និងធ្វើពិពិធកម្មទីផ្សារឲ្យកាន់តែរស់រវើក ។ តួរលេខភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកម្ពុជា ពេញមួយឆ្នាំ២០២៤ កន្លងទៅ…
គោលដៅទាក់ទាញអ្នកទេសចរបរទេសត្រឹមប្រមាណជា៧លាននាក់ សម្រាប់ឆ្នាំ២០២៥ ទំនងជាអាចនឹងទៅរួច ប្រសិនបើគ្រប់គ្នាប្រឹងប្រែងឲ្យអស់លទ្ធភាព ហើយលុបបំបាត់ព័ត៌មានអាក្រក់ៗ និងធ្វើពិពិធកម្មទីផ្សារឲ្យកាន់តែរស់រវើក ។
តួរលេខភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកម្ពុជា ពេញមួយឆ្នាំ២០២៤ កន្លងទៅ មិនទាន់ដឹងច្បាស់ទេ ប៉ុន្តែលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញនូវក្តីសង្ឃឹមថា កម្ពុជាអាចទាក់ទាញភ្ញៀវទេសចរបរទេសខ្ទង់ប្រមាណជា៦,៧លាននាក់ ។ ការលើកឡើងប្រកបដោយទស្សនៈសុទិដ្ឋិនិយមនេះ គឺដោយផ្អែកលើតួរលេខសរុបជាង៦លាននាក់ ដែលកម្ពុជាអាចសម្រេចបាននៅក្នុងរយៈពេល១១ខែនៃឆ្នាំចាស់ ។
គោលដៅនៃការទាក់ទាញភ្ញៀវទេសចរបរទេស នៅក្នុងបរិមាណសរុបខាងលើនេះ មិនធំដុំលើសពីសមត្ថភាពរបស់កម្ពុជាឡើយ ។ ប្រសិនបើនិន្នាការសេដ្ឋកិច្ចពិភពលោកមិនមានវិបត្តិធ្ងន់ធ្ងរ ឬអ្វីដែលខ្លាំងក្លាលើសពីបច្ចុប្បន្ននេះទេ ក្តីរំពឹងរបស់កម្ពុជាអាចនឹងសម្រេចបាន ស្របពេលដែលនៅក្នុងឆ្នាំ២០២៥នេះ អាកាសយានដ្ឋានថ្មីពីររំពឹងថា នឹងរួមចំណែកដល់កំណើននេះ គឺអាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅកោះកុង ដែលនៅពេលនេះអាចទទួលយន្តហោះបានហើយ និងអាកាសអន្តរជាតិតេជោ ដែលគ្រោងនឹងដាក់ឲ្យប្រើប្រាស់នៅក្នុងរង្វង់ខែកក្កដា ឆ្នាំនេះផងដែរ ។
ម្យ៉ាងវិញទៀត បើធៀបនឹងប្រទេសឯទៀត នៅក្នុងតំបន់គោលដៅដែលកម្ពុជាកំណត់ត្រឹមរង្វង់ប្រមាណជា៧លាននាក់នេះមិនធំលើសលុបឡើយ បើធៀបនឹងពីរដែលនៅជិតខាងកម្ពុជា ។ ប្រទេសវៀតណាម ដែលមានប្រជាជនប្រមាណជា១០០លាននាក់ នៅក្នុងឆ្នាំចាស់ គេរំពឹងថា ទាក់ទាញភ្ញៀវទេសចរបេទសបានត្រឹមពី១៧ ទៅ១៧,៥ លាននាក់ តែនៅក្នុងឆ្នាំ២០២៥នេះ គឺរំពឹងថា អាចទាក់ទាញភ្ញៀវទេសចរបរទេសដល់ទៅ២២ ទៅ២៣លាននាក់ ។
ដោយឡែកប្រទេសថៃ ដែលមានប្រជាជន៧០លាននាក់ គឺគេរំពឹងថា ទាក់ទាញភ្ញៀវទេសចរបរទេសនៅរង្វង់៣៥លាននាក់ នៅក្នុងឆ្នាំចាស់តែនៅឆ្នាំថ្មីនេះ គឺចង់ទាក់ទាញឲ្យបានរហូតដល់ទៅ៤០លាននាក់ឯណោះ ។ កម្ពុជាត្រូវពង្រីកមហិច្ឆតារបស់ខ្លួនលើវិស័យទេសចរណ៍អោយកាន់តែធំ ដើម្បីបង្កើនចំណូលសម្រាប់ប្រជាជន និងប្រទេសជាតិកម្ពុជា ៕
ចែករំលែកព័តមាននេះ