ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ពេល​ដែល​ឆ្នាំ​២០២៥ ឈាន​ចូល​មក​ដល់​ទិដ្ឋភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ចម្រុះ​នៃ​វឌ្ឍនភាព និង​ក្តី​រំពឹង​ខ្ពស់​លើ​វិបុលភាព​នៃ​សេដ្ឋកិច្ច ។ សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​បន្ត​សន្ទុះ​ជាមួយនឹង​អត្រាកំណើន​ដែល​រំពឹង​ទុក​ប្រមាណ​៦,៣ ភាគរយ ។ នេះ​បើ​យោង​តាម​ការ​វា​.​យ​តម្លៃ​របស់​រដ្ឋាភិបាល​លើ​ក្រប​ខណ្ឌ​ហិរញ្ញវត្ថុ​សាធារណៈ​រយៈពេល​មធ្យម​សម្រាប់​ឆ្នាំ​២០២៥ ។…

នៅ​ពេល​ដែល​ឆ្នាំ​២០២៥ ឈាន​ចូល​មក​ដល់​ទិដ្ឋភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ចម្រុះ​នៃ​វឌ្ឍនភាព និង​ក្តី​រំពឹង​ខ្ពស់​លើ​វិបុលភាព​នៃ​សេដ្ឋកិច្ច ។ សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​បន្ត​សន្ទុះ​ជាមួយនឹង​អត្រាកំណើន​ដែល​រំពឹង​ទុក​ប្រមាណ​៦,៣ ភាគរយ ។ នេះ​បើ​យោង​តាម​ការ​វា​.​យ​តម្លៃ​របស់​រដ្ឋាភិបាល​លើ​ក្រប​ខណ្ឌ​ហិរញ្ញវត្ថុ​សាធារណៈ​រយៈពេល​មធ្យម​សម្រាប់​ឆ្នាំ​២០២៥ ។

របាយការណ៍​បាន​និយាយ​ថា ទំហំ​នៃ​អត្រា​ផលិតផល​នៅ​ក្នុងស្រុក​សរុប​របស់​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០២៥​ខាង​មុខ​អាច​នឹង​ឡើង​ដល់​រង្វង់​ប្រមាណ​ជា​៥១,៣៩ ពាន់​លាន​ដុល្លារ ខណៈ​ដែល​អត្រា​ផលិតផល​នៅ​ក្នុងស្រុក សរុប​សម្រាប់​ពលរដ្ឋ​ម្នាក់​ៗ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​ដល់​២.៩២៤​ដុល្លារ ខណៈ​ដែល​កាលពី​ឆ្នាំ​២០២៤ គឺ​មាន​ត្រឹម​២.៧១៣​ដុល្លារ ។

សេចក្តីថ្លែងការណ៍​បាន​និយាយ​ថា កំណើនសេដ្ឋកិច្ច​៦,៣ ភាគរយ​ដែល​បាន​ព្យាករណ៍​នៅ​ឆ្នាំ​២០២៥ ត្រូវ​បាន​ជំរុញ​ដោយ​វិស័យ​សំខាន់​ៗ​ដូច​ជា វិស័យ​ឧស្សាហកម្ម វិស័យ​សេវាកម្ម និង​វិស័យ​កសិកម្ម ។

វិស័យ​ឧស្សាហកម្ម​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​៨,៦ ភាគរយ​ដោយសារ​កំណើន​នៃ​វិស័យ​កាត់ដេរ និង​ផលិតកម្ម​មិនមែន​កាត់ដេរ ។ កំណើន​នៃ​វិស័យ​កាត់ដេរ​នឹង​ត្រូវ​បាន​គាំទ្រ​ដោយ​តម្រូវការ​សកលលោក និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ស្បែកជើង និង​កាបូប​កម្ពុជា ឆ្នាំ ២០២២-២០២៧»​ខណៈ​ពេល​ដែល​ផលិតកម្ម​មិនមែន​កាត់ដេរ​ទទួល​បាន​អត្ថប្រយោជន៍​ពី​កំណើន​ការ​នាំ​ចេញ និង​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ។

ផលិតកម្ម​អាហារ និង​ភេសជ្ជៈ​ក៏​ត្រូវ​បាន​កំណត់​ថា នឹង​ពង្រីក ហើយ​វិស័យ​សំណង់​ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​កើនឡើង​ទោះ​យឺត​បន្តិច ដោយសារ​ការ​វិនិយោគ​បរទេស​ធ្លាក់​ចុះ និង​ការ​សាងសង់​លំនៅ​ដ្ឋា​ន​ទាប​ក៏​ដោយ ។ វិស័យ​សេវាកម្ម​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​កើនឡើង​៥,៦​ភាគរយ​នៅ​ឆ្នាំ​២០២៥ ដែល​ជំរុញ​ដោយ​វិស័យ​បដិសណ្ឋារកិច្ច ទេសចរណ៍ អចលនទ្រព្យ ការ​ដឹក​ជញ្ជូន ហិរញ្ញវត្ថុ និង​អនុ​វិស័យ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន ។

ដោយឡែក ទេសចរណ៍​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​កើនឡើង​នៃ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​គាំទ្រ​ដោយ​គំនិត​ផ្តួចផ្តើម​ដូច​ជា ផែនការមេ​ទេសចរណ៍​ខេត្តសៀមរាប ២០២១-២០៣៥ និង​ឆ្នាំ​ទស្សនា​ខេត្តសៀមរាប ឆ្នាំ​២០២៤ ។ ក្រៅពី​ការ​ព្យាករណ៍​ដោយ​រដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ​ធំ​ៗ​នៅ​ក្នុង​តំបន់ និង​ពិភពលោក​ដែល​ជា​ម្ចាស់បំណុល​បរទេស​របស់​កម្ពុជា​ក៏​ព្យាករណ៍​អំពី​វ​ឌ្ឈ​នភា​ពនៃ​សេដ្ឋកិច្ច​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ​ផង​ដែរ ។

ធនាគារ​អភិ​វ​ឌ្ឈ​ន៍​អាស៊ី​បាន​ព្យាករណ៍​ថា នៅ​ក្នុង​ឆ្នាំ​២០២៥​ខាង​មុខ​នេះ កម្ពុជា​នឹង​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ប្រសើរ​ជាង​ឆ្នាំ​២០២៤ ។ ស្ថាប័នហិរញ្ញវត្ថុ​តំបន់​ដ៏​មាន​សក្តានុពល​និង​ជា​ម្ចាស់បំណុល​បរទេស​ដ៏​សំខាន់​របស់​កម្ពុជា​បាន​អះអាង​ថា នៅ​ឆ្នាំ​២០២៤​កម្ពុជា​ទទួល​បាន​កំណើន​ប្រមាណ​ជា​៥,៨​ភាគរយ តែ​នៅ​ក្នុង​ឆ្នាំ​២០២៥ នឹង​សម្រេច​បាន​កំណើន​ដល់​ទៅ​៦​ភាគរយ ហើយ​អត្រា​អតិផរណា​ក៏​មានការ​កែសម្រួល​នៅ​ក្នុង​រង្វង់​ប្រមាណ​ជា​ជាង​២​ភាគរយ ។

ប្រភព​ដដែល​បាន​បន្ត​ថា កសិកម្ម​កម្ពុជា​នឹង​ទទួល​កំណើន​១,៣​ភាគរយ នៅ​ឆ្នាំ​២០២៥ ស្រប​ពេល​ដែល​សេវាកម្ម គឺ​នឹង​សម្រេច​បាន​កំណើន​៥,២​ភាគរយ ។ សម្រាប់​ធនាគារពិភពលោក​វិញ​ការ​ព្យាករណ៍​ថ្មី​ហាក់​អវិជ្ជមាន​ជាងគេ​បន្តិច​មែន ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក៏​ស្ថានភាព​នៅ​តែ​ប្រសើរ​ជាង​កាលពី​ឆ្នាំ​២០២៤ ។ របាយការណ៍​តាមដាន​កំណើនសេដ្ឋកិច្ច​នៅ​អាស៊ី​ខាងកើត និង​ប៉ា​ស៊ី​ហ្វិ​ក ដែល​ធនាគារពិភពលោក​បាន​បញ្ចេញ កាលពី​ខែតុលា បាន​អះអាង​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២៥ គឺ​នៅ​ក្នុង​កម្រិត​ត្រឹម​៥,៤​ភាគរយ តែ​ប្រសើរ​ជាង​កាលពី​ឆ្នាំ​២០២៤ ០,១​ភាគរយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ