ខណៈដែលប្រទេសជិតខាងបានកំពុងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការជាច្រើនសញ្ជាតិដល់អ្នកទេសចរបរទេស រដ្ឋាភិបាលកម្ពុជាក៏បានសម្រេចកាត់បន្ថយថ្លៃសេវាទិដ្ឋាការអេឡិចត្រូនិក សម្រាប់ភ្ញៀវទេសចរ និងអ្នកជំនួញ ឬប្រជាជនសាមញ្ញខ្លះផងដែរ ។
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃសៅរ៍កន្លងទៅនេះបានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធឱ្យកែលម្អ និងសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និងប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយរបស់រាជរដ្ឋាភិបាល ។ ក្រៅពីនោះ អ្វីដែលពិសេសនោះ គឺការសម្រេចបញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក(e-Visa) ប្រភេទទេសចរ (T) និងប្រភេទធម្មតា(E) ដែលនឹងចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ ។
តាមអ្វីសម្រេចជាគោលការណ៍ គឺថាតម្លៃទិដ្ឋាការអេឡិចត្រូនិកប្រភេទ e-Visa T នឹងទទួលការបញ្ចុះតម្លៃពី៣៦ដុល្លារមកនៅត្រឹមតម្លៃ៣០ដុល្លារ ។ ហើយ ប្រភេទ e-Visa E នឹងទទួលការបញ្ចុះតម្លៃពី៤២ដុល្លារមកនៅត្រឹម៣៥ដុល្លារ ។
តើការបញ្ចុះថ្លៃទិដ្ឋាការនេះនឹងអាចទាក់ទាញទេសចរបរទេស ឬទេ?
តាមការសម្រេចបែបនេះវាអាចជាការលើកទឹកចិត្តមួយដល់អ្នកទេសចរបរទេស ប៉ុន្តែ អ្នកនៅក្នុងឧស្សាហកម្មទេសចរណ៍មួយចំនួនយល់ថា ការកាត់បន្ថយតម្លៃនេះទំនងជាមិនអាចជំរុញឧស្សាហកម្មទេសចរណ៍បានច្រើនទេ ដោយសារតែតម្លៃនៃការបញ្ចុះនេះវាតិចតួច ពោល គឺត្រឹម៦ទៅ៧ដុល្លារប៉ុណ្ណោះ ខណៈដែលប្រទេសជិតខាង គឺគេមិនយកថ្លៃទិដ្ឋាការនេះតែម្តង ។ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឲ្យមកកាន់កម្ពុជាឲ្យកាន់តែច្រើន ពួកគេលើកទឹកចិត្តឲ្យរដ្ឋាភិបាលពិចារណាអនុវត្តការលើកទឹកចិត្តទិដ្ឋាការដូចជាប្រទេសជិតខាង ។
មកដល់ពេលនេះ សម្រាប់ប្រទេសវៀតណាមដែលជាអ្នកជិតខាងកម្ពុជានៅទិសខាងកើត និងខាងត្បូង យើងនេះវិញ គឺមានជនបរទេសរហូតដល់ទៅជាង ២០ប្រទេស ដែលអាចចូលទៅក្នុងប្រទេសគេដោយមិនមានទិដ្ឋាការរាប់ទាំងពលរដ្ឋខ្មែរយើង ។ ក្នុងចំណោមភ្ញៀវទសចរបរទេសទាំងនេះជនជាតិខ្លះអាចចូលទៅប្រទេសវៀតណាមដោយមិនចាំបាច់មានទិដ្ឋាការនេះបានរយៈពេល ១៤ថ្ងៃ ខ្លះបាន៣០ថ្ងៃ ខ្លះ៤៥ថ្ងៃ ហើយខ្លះបានទៅដល់៩០ថ្ងៃឯណោះ ។
សម្រាប់ថៃវិញ ក្រោមគោលនយោបាយទាក់ទាញអ្នកទេសចរ និងអ្នកធុរកិច្ចរយៈពេលខ្លី គឺផ្តល់ការលើកទិដ្ឋាការមិនចេះតិច ។ ប្រទេសដែលនៅក្បែរខាងកម្ពុជា នៅភាគខាងលិចនេះបានលើកលែងទិដ្ឋាការសរុបមានចំនួនរហូតដល់ទៅ៩៣ប្រទេស ហើយប្រទេសទាំងនេះ គឺអាចចូលថៃបានរហូតដល់ទៅ៦០ ថ្ងៃទាំងអស់គ្នារួមទាំងពលរដ្ឋកម្ពុជា ។
ជាមួយនឹងការសម្រេចចិត្តអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការទាំងនេះ នៅក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២៤ ប្រទេសវៀតណាមអាចសម្រេចបានការទាក់ទាញភ្ញៀវទេសចរបរទេសសរុបជិត១៦លាននាក់ជាមួយនឹងកំណើនប្រមាណជា៤១ភាគរយ ។ សម្រាប់ថៃវិញនៅក្នុងរយៈពេល១០ខែនៃឆ្នាំនេះ គឺអាចទាក់ទាញភ្ញៀវទេសចរបរទសសរុបជាង២៩លាននាក់ជាមួយនឹងប្រាក់ចំណូលប្រមាណជាជាង៣៩ពាន់លានដុល្លារ ។
ដោយឡែក កម្ពុជាយើងវិញដែលជាប្រទេសមានទីផ្សារតូចការកែច្នៃសេវាកម្មទេសចរណ៍មិនទាន់អស់លទ្ធភាព គឺអាចទាក់ទាញភ្ញៀវទេសចរត្រឹមតែជាង ៦ លាននាក់ជាមួយនឹងកំណើនប្រមាណជា២២ភាគរយប៉ុណ្ណោះ ។
នេះ គឺជាសមិទ្ធផលដែលវិស័យទេសចរណ៍កម្ពុជាអាចសម្រេចបាននៅពេលដែលកម្ពុជាកំពុងតែអនុវត្តគោលនយោបាយយកថ្លៃទិដ្ឋាការជាធម្មតា ។ ការទាក់ទាញភ្ញៀវទេសចរបរទេសមិនមែនរឿងបញ្ហាទិដ្ឋាការតែមួយទៀត គឺវាពាក់ព័ន្ធនឹងបញ្ហារួមផ្សំជាច្រើន ដែលមានតាំងពីសេវាកម្ម ការរៀបចំ និងកញ្ចប់កម្មវិធីផ្សេងៗជាច្រើនទៀត ។ ដូចដែលបានរៀបរាប់ខាងលើ ការលើកលែងទិដ្ឋាការនេះ គឺជាការរួមផ្សំមួយចំណែកតូចប៉ុណ្ណោះការទាក់ទាញទេសចរណ៍បរទេស គឺចាំបាច់ត្រូវមានធាតុផ្សំច្រើនណាស់ ។ នោះរាប់តាំងពីការពង្រឹងការឃោសនា ការបង្កើតកម្មវិធី ឬកញ្ចប់សេវាកម្មលើកទឹកចិត្ត ការបោសសំអាតបញ្ហាអសកម្មនៅក្នុងចំណោមអ្នកដែលប្រកបរបរបរកស៊ីទទួលទានពីវិស័យនេះ ។
ជាទូទៅ ភ្ញៀវទេសចរគេមានលុយគេពិតជាចង់ចាយលុយរបស់គេនៅកន្លែងណាដែលពួកគេអាចសប្បាយដោយមានកន្លែងស្នាក់នៅស្អាត កន្លែងហូបឆ្ងាញ់ កន្លែងកម្សាន្តប្លែកៗហើយសេវាកម្មល្អ និងសុវត្ថិភាព ។
សម្រាប់កម្ពុជាវិញមិនមែនមានន័យថា កម្ពុជាមិនលើកលែងទិដ្ឋាការដល់អ្នកទេសចរបរទេសឡើយមកដល់ពេលនេះ ។ ប្រទេសដែលកម្ពុជាបានកំពុងតែអនុវត្តការលើកលែងទិដ្ឋាការ គឺមានយ៉ាងហោចណាស់ក៏ប្រទេសនៅអាស៊ានទាំង៩ដែរ ។ ពលរដ្ឋនៅប្រជាជាតិអាស៊ាន គឺអាចចូលមកមកធ្វើដំណើរទេសចរណ៍នៅកម្ពុជាដោយមិនអស់ថ្លៃទិដ្ឋាការដែរ ។
សរុបទៅគោលនយោបាយពាក់ព័ន្ធនឹងទិដ្ឋាការ គឺពិតជាមានចំណែកពាក់ព័ន្ធនឹងការទាក់ទាញភ្ញៀវទេសចរបរទេសមែន ប៉ុន្តែវាមិនមែនជាកតាលីករសំខាន់ឡើយ ។ វា គឺជាបច្ច័យមួយចំណែក ហើយបើចង់ទាក់ទាញទេសចរបរទេសពិតប្រាកដនៅមានចំណុចជាច្រើនទៀតដែលសុទ្ធសឹងតែជាចំណុចគន្លឹះ ដែលយើងទាំងអស់គ្នាគួរតែយកចិត្តទុកដាក់រកឲ្យឃើញ ដើម្បីអាចទាក់ភ្ញៀវទេសចរបាន សំខាន់ គឺយើងទាំងអស់គ្នាត្រូវខិតខំរុករក និងពង្រឹងចំណុចដែលគន្លឹះទាំងនោះធ្វើយ៉ាងណាឲ្យអ្នកទេសចរចងចាំពីកម្ពុជា ៕
ចែករំលែកព័តមាននេះ