ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀង​រាល់​សារ​ជា​សំឡេង​ដែល​ផ្ញើ​មក​យើង សូម​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន ។ កុំ​ចេះ​តែ​ជឿ​ពីព្រោះ សូ​ម្បី​តែ លោកស្រី ផៃ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រា នាយក​រដ្ឋមន្ត្រី​ថៃ និង​ជា​អ្នក​ដែល​មានបទពិសោធន៍​ខាង​ទូរគមនាគមន៍…

រៀង​រាល់​សារ​ជា​សំឡេង​ដែល​ផ្ញើ​មក​យើង សូម​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន ។ កុំ​ចេះ​តែ​ជឿ​ពីព្រោះ សូ​ម្បី​តែ លោកស្រី ផៃ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រា នាយក​រដ្ឋមន្ត្រី​ថៃ និង​ជា​អ្នក​ដែល​មានបទពិសោធន៍​ខាង​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​ក៏​បញ្ជាក់​ថា លោកស្រី​រៀប​ធ្លាក់ខ្លួន​ចាញ់បោក​ការ​ក្លូ​ន​សំឡេង​ជា​មេដឹកនាំ​បរទេស​មួយ​រូប​ទំនាក់ទំនង​មក​លោកស្រី​ផង​ដែរ ។

តាម​សេចក្តីរាយការណ៍​ដោយ​បណ្តាញ​ព័ត៌មាន​បរទេស សូ​ម្បី​តែ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ក៏​បាន​ធ្វើ​សេចក្តីរាយការណ៍​អំពី​ហេតុការណ៍​ដែល​កើត​មាន​ឡើង​ចំពោះ​លោកស្រី​នាយក​រដ្ឋមន្ត្រី​ថៃ​នេះ​ផង​ដែរ ។ ដូច្នេះ វា​គឺជា​សារ​ដាស់តឿន​សាធារណៈជន​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ក្រែង​ធ្លាក់​នៅ​ក្នុង​ឧបាយកល​របស់​ក្រុម​ជន​អគតិ​ដែល​ប្រើប្រាស់​សំឡេង​នរណា​ម្នាក់​ដែល​យើង​ស្គាល់​មក​ឲ្យ​យើង​ធ្វើ​នេះ​ធ្វើ​នោះ​ដែល​មាន​គ្រោះថ្នាក់​ដល់​ខ្លួន និង​អ្នក​ដទៃ​។

សម័យនេះ គឺជា​សម័យ​បច្ចេកវិទ្យា ។ អ្វី​ៗ​ក៏​បញ្ញា​សិប្បនិម្មិត​ដែល​ហៅ​កាត់​ថា AI ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​បង្កើត​នេះ​បង្កើត​នោះ​បាន​ដែរ ខណៈ​ដែល​កម្រិត​លម្អៀង គឺ​មាន​តិចតួច​បំផុត ។ ដូច្នេះ​សូម​ប្រុង​ប្រយ័ត្ន​រឿង​ក្លូ​ន​សំឡេង​នេះ ។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង លោកស្រី ផៃ​ថង​ថា​ន បាន​និយាយ​នា​ពេល​ថ្មី​ៗ​នេះ​ថា លោកស្រី​ខ្លួនឯង​ផ្ទាល់​ស្ទើរតែ​ធ្លាក់ខ្លួន​ជា​ជន​រង​គ្រោះ​តាម​ការ​ឆបោក​តាម​ទូរស័ព្ទ​ដោយ​ប្រើ AI ដែល​គេ​ក្លូ​ន​សំឡេង​ហើយ​ក្លែងបន្លំ​មេដឹកនាំ​បរទេស​មួយ​រូប​ទំនាក់ទំនង​មក​លោកស្រី ។

ស្ត្រី​វ័យក្មេង​ដែល​ជា​នាយក​រដ្ឋមន្ត្រី និង​ជា​កូនស្រី​ពៅ​របស់​មហាសេដ្ឋី​ទូរគមនាគមន៍ និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា បាន​និយាយ​ថា លោកស្រី​បាន​ទទួល​សារ​ជា​សំឡេង​ដែល​ស្តាប់​ទៅ​ដូច​គ្នា​ទៅ​នឹង​មេដឹកនាំ​ដ៏​ល្បី​ម្នាក់ ។ ប៉ុន្តែ​លោកស្រី​មិន​បាន​បញ្ចេញ​អត្តសញ្ញាណ​មេដឹកនាំ​បរទេស​ម្នាក់​នោះ​ទេ ។ លោកស្រី​បាន​និយាយ​ថា ក្នុង​ឃ្លី​ប​សំឡេង​នេះ​មេដឹកនាំ​រូប​នោះ​និយាយ​ថា គាត់​ទន្ទឹងរង់ចាំ​ជួប​លោកស្រី​ហើយនឹង​ធ្វើការ​ជាមួយ​លោកស្រី ។

លោកស្រី​បាន​និយាយ​ថា លោកស្រី​បាន​ខកខាន​ទទួល​ការ​ទំនាក់ទំនង ចំនួន​ពីរ​លើក​កាលពី​ពេល​យប់ ប៉ុន្តែ​នៅ​ពេល​ដែល​ទទួល​សារ​សំឡេង​គាត់​ក៏​ស្តាប់ ហើយ​សំឡេង​នោះ​បាន​និយាយ​ថា ប្រទេស​ថៃ​ជា​ប្រទេស​អាស៊ាន​តែ​មួយ​គត់​ដែល​មិន​ទាន់​បាន​បរិច្ចាគ​នៅ​ពេល​នោះ​ហើយ​ដែល​លោកស្រី​គិត​ថា «​សំឡេង​នេះ​មិន​ត្រឹមត្រូវ​ទេ​» ។

លោកស្រី​បាន​បន្ត​ថា នៅ​ពេល​លោកស្រី​ទទួល​បាន​សារ​មួយ​ដែល​សុំ​លុយ​ផ្ញើ​ទៅ​គណនី​ធនាគារ​នៅ​ក្រៅប្រទេស​ថៃ លោកស្រី​ក៏​យល់​ភ្លាម​ៗ​ថា វា គឺជា​សំឡេង​ក្លូ​ន ។ អ្វី​ដែល​គេ​ហៅ​ថា «​ការ​ឆបោក​តាម​មជ្ឈមណ្ឌល​ហៅ​ទូរស័ព្ទ​» គឺជា​រឿង​ធម្មតា​នៅ​ក្នុង​ប្រទេស​ថៃ​នៅ​កម្ពុជា​យើង​ក៏​ធ្លាប់​មាន​ដែរ ។ ប៉ុន្តែ​ការ​ក្លូ​ន​ជា​សំឡេង​នេះ គឺ​អាច​ជា​រឿង​ថ្មី​ដែល​យើង​គ្រប់​គ្នា​គួរតែ​ប្រុង​ប្រយ័ត្ន ។

បច្ចេកវិទ្យា​ក្លូ​ន​សំឡេង​នេះ ។ អាច​បង្ក​គ្រោះថ្នាក់​ដល់​សាធារណជន ប្រសិនបើ​ប្រើប្រាស់​ខុស ដូច្នេះ​សាធារណៈជន​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ហើយ​ប្រសិនបើ​បច្ចេកវិទ្យា​នេះ​មក​ដល់​កម្ពុជា យើង​គ្រប់​គ្នា​គួរ​កុំ​ប្រើប្រាស់​វា​ឬ​នាំ​គ្នា​លេង​អី ពីព្រោះ​វា​អាច​មាន​ជន​ឆ្លៀតឱកាស​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​គោលបំណង​ទុច្ចរិត​ណាមួយ បង្ក​គ្រោះថ្នាក់​ដល់​សង្គម​។

ឧក្រិដ្ឋជន​អាច​ប្រើ​សំឡេង​ដែល​បាន​ចម្លង ដើម្បី​ក្លែងបន្លំ​បុគ្គល​ដូច​ជា សមាជិកគ្រួសារ ឬ​មិត្ត​រួមការ​ងារ ហើយ​ក៏​អាច​ជា​ថ្នាក់ដឹកនាំ ដើម្បី​បោកប្រាស់​អ្នក​ដទៃ ។ ជា​ឧទាហរណ៍ អ្នក​បោកប្រាស់​អាច​ប្រើ​សំឡេង​ក្លូ​ន ដើម្បី​សុំ​លុយ​ក្នុង​គ្រាអាសន្ន ឬ​ជា​មេដឹកនាំ​ចេញ​បទបញ្ជា​ណាមួយ​ដល់​សង្គម​ជាដើម ។ សម្រាប់​ពលរដ្ឋ​អាច​ខូច​កិត្តិយស​អាច​អស់ទ្រព្យ​សម្បត្តិ​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​ផ្ទាល់ខ្លួន ប៉ុន្តែ​បើជា​ថ្នាក់ដឹកនាំ​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​សង្គម​ក៏​អាច ។

សរុប​ទៅ ចាប់ពី​ពេល​នេះ​តទៅ​រាល់​ការ​ទទួល​សារ​ជា​សំឡេង សូម​បង្កើន​ការ​ផ្ទៀងផ្ទាត់ ពីព្រោះ​វា​អាច​ត្រូវ​គេ​ក្លូ​ន ដើម្បី​បង្កើត​ការ​ថត​សំឡេង​ក្លែងក្លាយ​ដែល​ធ្វើ​ឱ្យ​វា​ហាក់ដូចជា​នរណា​ម្នាក់​បាន​និយាយ​អ្វីមួយ​ដែល​បុគ្គល​ផ្ទាល់​មិន​បាន​ធ្វើ​ឡើយ ។ ដូច្នេះ​សមត្ថកិច្ច​ក៏​គួរតែ​លើកកម្ពស់ ហើយ​ពង្រឹងសមត្ថភាព​នេះ ដើម្បី​បង្ការ និង​ការពារ​សណ្តាប់ធ្នាប់​សង្គម ។ អ្នកខ្លះ​អាច​ក្លាយជា​ជន​រង​គ្រោះ​ដោយ​អ្វី​ដែល​គេ​មិន​បាន​ធ្វើ​ដែល​នាំ​ឲ្យ ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ និង​ការងារ​នៅ​ក្នុង​សង្គម​ក៏​ថា​បាន ។ បច្ចេកវិទ្យា​ល្អ ហើយ​ប្រសើរ ប៉ុន្តែ​វា​ក៏​អាច​បង្កើត​បញ្ហា​បាន​ដែរ ប្រសិនបើ​យើង​ប្រើប្រាស់​ខុស​គោលដៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ