ប្រទេសថៃនៅពេលនេះបានកំពុងតែសាកល្បងទទួលយកការទូទាត់ Bitcoin នៅភូកេត ក្នុងគោលបំណងសម្រួលប្រតិបត្តិការសម្រាប់ភ្ញៀវទេសចរបរទេស ខណៈដែលវៀតណាម នៅតែមិនទទួលស្គាល់វា ហើយរដ្ឋាភិបាលក៏បង្ក្រាបដែរ ។ ប៉ុន្តែមានសេចក្តីរាយការណ៍ថា ជនជាតិវៀតណាមខ្លះទទួលបានប្រាក់ចំណេញប្រហែល១,២…
ប្រទេសថៃនៅពេលនេះបានកំពុងតែសាកល្បងទទួលយកការទូទាត់ Bitcoin នៅភូកេត ក្នុងគោលបំណងសម្រួលប្រតិបត្តិការសម្រាប់ភ្ញៀវទេសចរបរទេស ខណៈដែលវៀតណាម នៅតែមិនទទួលស្គាល់វា ហើយរដ្ឋាភិបាលក៏បង្ក្រាបដែរ ។ ប៉ុន្តែមានសេចក្តីរាយការណ៍ថា ជនជាតិវៀតណាមខ្លះទទួលបានប្រាក់ចំណេញប្រហែល១,២ ពាន់លានដុល្លាររួចហើយ ដោយសារតែការជួញដូរឧបករណ៍នេះ ។ ដូច្នេះ តើកម្ពុជាគួរតែសម្រេចចិត្តបែបណាលើ Bitcoin?
តាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃ បានឲ្យដឹងថា រដ្ឋាភិបាលបានទទួលស្គាល់លើការទូទាត់ និងទទួលយក Bitcoin តែនៅក្នុងភូកេត ហើយគម្រោងនេះត្រូវបានប្រកាសជាគម្រោងសាកល្បងផ្នែកសេដ្ឋកិច្ចមួយ ដែលបានធ្វើឡើងដោយលោក ភិឆៃ ជនចាវ៉ាជីរ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផ្ទាល់តែម្តង ។

នៅក្រោមការសាកល្បងនេះ អ្នកទេសចរបរទេសអាចនឹងចុះឈ្មោះ Bitcoin តាមយន្តការនៃការទូទាត់តាមអត្រាប្តូរប្រាក់ថៃ ដោយនៅដំណាក់កាលដំបូងថៃបើកឲ្យមានកន្លែងទទួលការទូទាត់ Bitcoin ចំនួន៨០ហាង ដោយមានតាំងពីភោជនីយដ្ឋាន អ្នកដឹកជញ្ជូនហាងកាហ្វេ ។ ថៃក៏កំពុងតែស្ថិតនៅក្នុងដំណាក់ការអប់រំបណ្តុះបណ្តាលពលរដ្ឋខ្លួននៅភូកេតអំពីដំណើរការនៃការទូទាត់នេះផងដែរ ។
នៅវៀតណាមឯណោះ តាមសារព័ត៌មាន Vietnam News បានឲ្យដឹងថា លំហូរនៃការទូទាត់តាមយន្តការទីផ្សារ Blockchain មានតម្លៃ១០៥ពាន់លានដុល្លារដោយមានពលរដ្ឋវៀតណាម នៅក្នុងចរន្តនៃការទូទាត់នេះដល់ទៅ១៧លាននាក់ ហើយដំណើរការនេះបានធ្វើឲ្យពួកគេរកប្រាក់ចំណេញពីការទូទាត់ Bitcoin បានប្រមាណជា១,២ពាន់លានដុល្លារ ។ ប៉ុន្តែរដ្ឋាភិបាលវៀតណាម នៅមិនទាន់ទទួលស្គាល់ ការទូទាត់ Bitcoin ថាស្របច្បាប់នៅឡើយទេ ។

កន្លងមករដ្ឋាភិបាលវៀតណាម តាមរយៈក្រសួងផែនការ និងវិនិយោគគឺចង់សាកល្បងផែនការទទូលស្គាល់ Bitcoin ថាជាឧបករណ៍ទូទាត់ស្របច្បាប់នៅឆ្នាំ២០២៦។ ប៉ុន្តែក្រោយមកក៏ត្រូវបានក្រសួងសេដ្ឋកិច្ចរបស់ប្រទេសនេះទាត់ចោលវិញ ដោយសំអាងថា វៀតណាមនៅខ្វះយន្តការច្បាប់នៅក្នុងការគ្រប់គ្រងការទូទាត់ និងប្រតិបត្តិការរបស់ Bitcoin ។ នេះ គឺជាស្ថានភាពថ្មីៗនៃដំណើរការទូទាត់តាមចរន្ត និងប្រតិបត្តិការតាមឧបករណ៍ថ្មីដែលគេហៅថា Bitcoin ។ សម្រាប់កម្ពុជា វានៅតែមិនស្របច្បាប់ ហើយធនាគារជាតិនៃកម្ពុជាក៏មិនទទួលស្គាល់ ហើយក៏បន្តព្រមានអំពីហានិភ័យនៃការជួញដូ Bitcoin នៅក្នុងប្រទេស ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគេជឿជាក់ថា កម្ពុជាអាចមានពលរដ្ឋមួយចំនួន គឺកំពុងតែស្ថិតនៅក្នុងចរន្តនៃទីផ្សារជួញដូរ Bitcoin នេះដែរ ។

ផ្អែកតាមបទពិសោធន៍នៅថៃ និងនៅវៀតណាម កម្ពុជាដែលមានទីផ្សារតូច ហើយទំហំនៃអាត្រាផលិតផលនៅក្នុងស្រុកយើងទាប ។ ចរន្តនៃការទូទាត់សាកលរបស់យើងនៅទាប ហើយយន្តការច្បាប់ និងអ្នកជំនាញការផ្នែកហិរញ្ញវត្ថុរបស់យើង ក៏មានសមត្ថភាពនៅមានកម្រិត ។ ដូច្នេះការដែលធនាគារជាតិនៃកម្ពុជាមិនទាន់ពិចារណាលើឧបករណ៍ និងដាក់ការប្រយ័ត្នប្រយែងលើប្រតិបត្តិការរបស់ឧបករណ៍នៃការជួញដូរបែបនេះ គឺជារឿងត្រឹមត្រូវបំផុត ។

ជាការពិតតាមបទពិសោធន៍នៅថៃ កម្ពុជាក៏អាចនឹងសាកល្បងទទួលយកការទូទាត់នៅតាមរមណីដ្ឋានគោលដៅទេសចរណ៍ធំៗដូចជា ភ្នំពេញ ឬសៀមរាបជាដើម ។ ប៉ុន្តែវានៅតែមានហានិភ័យចំពោះសេដ្ឋកិច្ចពីព្រោះកម្ពុជាពិតជាមានឧបសគ្គនៅក្នុងការបង្កើត និងអនុវត្តក្របខ័ណ្ឌបទប្បញ្ញត្តិ សម្រាប់គ្រប់គ្រងប្រតិបត្តិការរបស់ Bitcoin ។
សម្រាប់កម្ពុជា នៅពេលនេះ សូម្បីតែជាការសាកល្បងក៏នៅមិនទាន់ស្រួលដែរ ហើយវាអាចនាំឲ្យប្រតិបត្តិករខិលខូចប្រើប្រាស់រូបភាពនេះទៅជាសកម្មភាពខុសច្បាប់ផ្សេងៗដូចជា ការលាងលុយកខ្វក់ ឬការក្លែងបន្លំ ឬការបោកប្រាស់ដែលអាចនឹងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេស និងប្រព័ន្ធសេដ្ឋកិច្ចជាតិ ។
ពាក់ព័ន្ធនឹងយន្តការនៃការទូទាត់វិញជាទូទៅដំណើរការរបស់វាគឺត្រូវគ្រប់គ្រង និងធ្វើប្រតិបត្តិការនៅលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ។ ប៉ុន្តែសមត្ថភាពគ្រប់គ្រងប្រព័ន្ធនេះកម្ពុជានៅខ្វះខាតអ្នកជំនាញការ ទោះបីជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថលវាពិតជាបាននៅជាមួយនឹងប្រជាពលរដ្ឋហើយក៏ដោយ ប៉ុន្តែការគ្រប់គ្រងមិនងាយស្រួលឡើយ ។
សរុប ទៅនៅក្នុងដំណាក់កាលនេះ កម្ពុជាគួរតែកុំអាលទទួលស្គាល់ប្រតិបត្តិការនៃការទូទាត់តាម Bitcoin នេះ ប៉ុន្តែមិនគួរបដិសេធវាទាំងស្រុងដែរ ។ កម្ពុជាគួរតែអនុវត្តវិធីសាស្ត្រប្រកបដោយតុល្យភាព ពោល គឺពង្រឹងវិធានការការពារសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន ហើយចាប់ផ្តើមសិក្សា និងរៀបចំបទប្បញ្ញត្តិ និងការធានាការអប់រំផ្នែកហិរញ្ញវត្ថុទូលំទូលាយឲ្យបានស្រេចបាច់អំពីវា ។
កម្ពុជាគួរតែតាមដានចរន្តនៃភាពទទួលស្គាល់របស់ឧបករណ៍នៃការជួញដូរនេះ ហើយលើកទឹកចិត្តឲ្យពលរដ្ឋរៀនសិក្សាស្វែងយល់ពីវាឲ្យហើយ ដើម្បីជាការប្រុងប្រយ័ត្ន ហើយក៏ជាការរៀបចំខ្លួនតាមទំនោរ និងនិន្នាការហិរញ្ញវត្ថុសាកល ៕
ចែករំលែកព័តមាននេះ