កំណើននៃការផ្តល់ប្រាក់កម្ចីនៅកម្ពុជា បានថមថយចុះ បើប្រៀបធៀបនឹងកំណើនកាលពី២០២៣ ។ ទិន្នន័យនេះអាចជាការឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ច ជាពិសេស គឺហិរញ្ញវត្ថុដ៏ស្មុគស្មាញមួយនៅក្នុងប្រទេស ។
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា បាននិយាយកាលពីថ្ងៃពុធថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅក្នុងប្រទេសបានរាយការណ៍ពីកំណើនយឺតនៃការផ្តល់ប្រាក់កម្ចីក្នុងអំឡុងពេល១០ខែដំបូងនៃឆ្នាំ២០២៤ ។
ធនាគារជាតិនៃកម្ពុជាបានអះអាងថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទៅក្នុងវិស័យសេដ្ឋកិច្ចមានទំហំជិត៦១ពាន់លានដុល្លារអាមេរិក ដោយមានកំណើនមានត្រឹមតែ២,២% ធៀបនឹងរយៈពេលដដែល កាលពីឆ្នាំមុនដែលមាន៤,៨ ភាគរយ ។
ពាក់ព័ន្ធនឹងការថមថយកំណើននៃការផ្តល់ប្រាក់កម្ចីនៅកម្ពុជាសារព័ត៌មានភ្នំពេញប៉ុស្តិ៍ថ្មីៗនេះបានរាយការណ៍ថា កំណើននៃការផ្តល់ប្រាក់កម្ចីនៅកម្ពុជា មានការថមថយទាបបំផុតនៅក្នុងរយៈពេលប្រមាណជា២ទស្សវត្សរ៍ ។
មកដល់ពេលនេះ ឥណទានជាចរន្តដ៏សំខាន់នៃសេដ្ឋកិច្ច ហើយក៏ជាប្រភពទុនដ៏សំខាន់សម្រាប់អ្នកប្រើប្រាស់ និងក្រុមហ៊ុនសហគ្រាសក្នុងការពង្រីកអាជីវកម្ម និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច បង្កើតឱកាសការងារ និងបង្កើនផលិតភាព ។
ពាក់ព័ន្ធនឹងស្ថានភាពបែបនេះ លោកស្រី ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរថា ធនាគារជាតិនៃកម្ពុជានឹងបន្តរក្សាស្ថិរភាពតម្លៃ និងហិរញ្ញវត្ថុ ក៏ដូចជា ពង្រឹងតួនាទីរបស់ខ្លួនជាកាតាលីករក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព និងបរិយាប័ន្នរបស់កម្ពុជា ។
ដោយឡែក សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោក លោក លី សុដេត ក៏ត្រូវបានដកស្រង់សម្តីដោយប្រភពដដែលថា កំណើនឥណទានបានធ្លាក់ចុះនៅក្នុងប្រទេសកម្ពុជាបែបនេះ ដោយសារ «តម្រូវការខ្សោយ និងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ ។»
ប្រទេសកម្ពុជា បច្ចុប្បន្នមានធនាគារពាណិជ្ជចំនួន៥៩ស្ថាប័ន ធនាគារឯកទេសចំនួន៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៨៧ និងគ្រឹះស្ថានឥណទានជនបទចំនួន១១៥ស្ថាប័ន ។ ស្ថាប័នទាំងនេះតែងតែជាប្រភពនៃប្រាក់កម្ចីដែលបម្រើសេចក្តីត្រូវការរបស់ពលរដ្ឋ ហើយជួបកំណើនរឹងមាំជាបន្តបន្ទាប់ តែនៅក្នុងឆ្នាំនេះ គឺកំណើនស្រុតចុះដល់កម្រិតទាបបំផុត ។
សរុបទៅ ភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចសាកល ភាពតានតឹងខាងភូមិសាស្ត្រនយោបាយ ឬការរំខានពាណិជ្ជកម្ម អាចនឹងប៉ះពាល់ដល់ទំនុកចិត្ត និងការវិនិយោគនៅកម្ពុជា ដែលនាំឲ្យកំណើននៃការផ្តល់ប្រាក់កម្ចីនៅកម្ពុជាមានសភាពយឺតជាងធម្មតា ។ ប៉ុន្តែទោះបីជាយ៉ាងណា ទិន្នន័យកម្ចីទាំងមូលនៅតែបង្ហាញអំពីកំណើន ហើយគួបផ្សំនឹងភាពស៊ាំនៅក្នុងស្ថានភាពនេះ ក៏ដូចជា ការដាក់ចេញនូវគោលនយោបាយថ្មីៗពាក់ព័ន្ធនឹងការទាក់ទាញវិនិយោគលើកកម្ពស់វិស័យទេសចរណ៍ និងចំណាត់ការក៏ដូចជា និតិវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុកន្លងមកគេរំពឹងថា ស្ថានភាពនៃកំណើននៃការផ្តល់ប្រាក់កម្ចីនៅកម្ពុជាអាចនឹងប្រសើរឡើងវិញនៅពេលខាងមុខ ៕
ចែករំលែកព័តមាននេះ