បន្ទាប់ពីរួចផុតពីគ្រោះធម្មជាតិធ្ងន់ធ្ងរដូចជាប្រទេសជិតខាងនៅក្នុងតំបន់កាលពីឆ្នាំចាស់ នៅក្នុងឆ្នាំថ្មីឆ្នាំ២០២៥នេះ មានសេចក្តីរាយការណ៍បញ្ជាក់អំពីលទ្ធភាពនៃកំណើនបរិមាណទឹកភ្លៀងនិង បាតុភូតធម្មជាតិគ្រោះថ្នាក់ផ្សេងទៀត គឺបាតុភូតផ្គរន្ទះនិងខ្យល់កន្រ្តាក់។ បរិមាណទឹកភ្លៀងសម្រាប់ឆ្នាំ២០២៥ត្រូវបានព្យាករណ៍ថា នឹងមានបរិមាណកម្រិតខ្ពស់ជាងមធ្យមភាគភាគច្រើន ជាពិសេសគឺនៅតំបន់វាលទំនាបនិងតំបន់មាត់សមុទ្រ។ ដូច្នេះគប្បីពលរដ្ឋនិងអ្នកពាក់ព័ន្ធលើកកម្ពស់ការប្រុងប្រយ័ត្ននឹងគ្រោះទឹកជំនន់ ។…
បន្ទាប់ពីរួចផុតពីគ្រោះធម្មជាតិធ្ងន់ធ្ងរដូចជាប្រទេសជិតខាងនៅក្នុងតំបន់កាលពីឆ្នាំចាស់ នៅក្នុងឆ្នាំថ្មីឆ្នាំ២០២៥នេះ មានសេចក្តីរាយការណ៍បញ្ជាក់អំពីលទ្ធភាពនៃកំណើនបរិមាណទឹកភ្លៀងនិង បាតុភូតធម្មជាតិគ្រោះថ្នាក់ផ្សេងទៀត គឺបាតុភូតផ្គរន្ទះនិងខ្យល់កន្រ្តាក់។
បរិមាណទឹកភ្លៀងសម្រាប់ឆ្នាំ២០២៥ត្រូវបានព្យាករណ៍ថា នឹងមានបរិមាណកម្រិតខ្ពស់ជាងមធ្យមភាគភាគច្រើន ជាពិសេសគឺនៅតំបន់វាលទំនាបនិងតំបន់មាត់សមុទ្រ។ ដូច្នេះគប្បីពលរដ្ឋនិងអ្នកពាក់ព័ន្ធលើកកម្ពស់ការប្រុងប្រយ័ត្ននឹងគ្រោះទឹកជំនន់ ។
តាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម ដែលបានចេញនៅចុងឆ្នាំ២០២៤ បានឲ្យដឹងថា ជាទូទៅស្ថានភាពអាកាសធាតុនៅកម្ពុជាសម្រាប់ឆ្នាំ២០២៥ខាងមុខប្រសើរច្រើន គ្រាន់តែបញ្ហាបរិមាណទឹកភ្លៀងវាអាចនឹងមានកម្រិតខ្ពស់ជាមធ្យមភាគច្រើនឆ្នាំ ។
ប្រភពដដែលបានឲ្យដឹងថា សីតុណ្ហភាពមធ្យមអប្បរមា និងអតិបមាគឺមានកម្រិតទាបជាងមធ្យមភាគច្រើនឆ្នាំ ហើយចាប់ពីខែមករា ដល់ដើមខែមីនា នៅតំបន់ខ្ពង់រាប រួមមាន ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តមានជ័យ ព្រះវិហា ស្ទឹងត្រែង ក្រចេះ រតនគីរី មណ្ឌលគីរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក មានសីតុណ្ហភាពប្រសើរមែនទែន ពោលគឺអប្បបរមាត្រឹម ១៨អង្សាសេ និង អតិបរមាគឺត្រឹម ៣០អង្សាសេ ។
ក្រៅពីនោះក្រសួងក៏សង្កត់ធ្ងន់ដែរថា ឆ្នាំនេះបាតុភូតភ្លៀងកក់ខែអាចនឹងមានច្រើនជាងឆ្នាំ២០២៤។ ដូច្នេះគប្បីលើកកម្ពស់ការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរន្ទះ និង ខ្យល់កន្រ្តាក់ ដែលអាចកើតមានឡើងច្រើនជាង ឆ្នាំមុន ។
បាតុភូតអាកាសធាតុទាំងនេះ គឺកើតឡើងដោយសារតែពីខែមករា ដល់ខែឧសភា បាតុភូតឡានីញ៉ា នឹងថយចុះពី៦០ ភាគរយដល់ ៤០ ភាគរយ ដោយជំនួសមកវិញនូវបាតុភូតអែលសូអព្យាក្រឹត ដែលនឹងកើនឡើងពី ៦០ ភាគរយ ទៅ ៨០ ភាគរយ ។
កាលពីឆ្នាំ២០២៤ កម្ពុជាសំណាងដោយសារតែកម្ពុជាបានគេចផុតពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរដូចជានៅក្នុងប្រទេសនៅក្នុងតំបន់ ។ ទឹកជំនន់ឆ្នាំចាស់បានកើតមាននិងបណ្តាលឲ្យខូចខាតធ្ងន់ធ្ងរនៅក្នុងប្រទេស វៀតណាម ថៃ មីយ៉ាន់ម៉ា ឡាវ ។ កម្ពុជាបានកើតមានដែរ ប៉ុន្តែជាទឹកជំនន់តូចៗ ដែលមិនបណ្តាលឲ្យមានគ្រោះថ្នាក់ធំដុំនិងមានផលបំផ្លាញធ្ងន់ធ្ងរដល់សេដ្ឋកិច្ច សង្គម ហេដ្ឋារចនាសម្ព័ន និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋឡើយ ។
កុំលេងសើចនឹងគ្រោះធម្មជាតិ ដោយកាលពីឆ្នាំទៅ សារព័ត៌មាន Vietnam in Brief បានរាយការណ៍ថា វៀតណាមមានពលរដ្ឋស្លាប់ជាង៣០០ នាក់ ហើយខូចខាតសេដ្ឋកិច្ចប្រមាណជា ២ពាន់លានដុល្លារ ។
សម្រាប់ថៃវិញ ស្ថាប័នស្រាវជ្រាវដែលមានឈ្មោះថា Krungsri Research បានលើកឡើងថា គ្រោះទឹកជំនន់នៅថៃកាលពីឆ្នាំទៅវាបានទាញទម្លាក់កំណើនសេដ្ឋកិច្ចថៃប្រចាំឆ្នាំឲ្យធ្លាក់ប្រមាណជា ០,២៧ភាគរយ ហើយប៉ះពាល់ដល់ផលនៃការខូចខាត គឺមានទំហំប្រមាណជាជាង១,៣ពាន់លានដុល្លារ ហើយជីវិតមនុស្សក៏មិនតិចដែរដែលបានបាត់បង់ជីវិត ។
នៅកម្ពុជាវិញ ថ្វីត្បិតតែ ទឹកជំនន់មិនបានកើតមានធ្ងន់ធ្ងរមែននៅក្នុងឆ្នាំ២០២៤ តែបាតុភូតរន្ទះបានសម្លាប់មនុស្សអាចលើសពី ៥០ នាក់ ។
យើងសង្ឃឹមថា ឆ្នាំ២០២៥ កម្ពុជានឹងអាចយកឈ្នះទឹកជំនន់ដែលអាចកើតមាន។ ប៉ុន្តែអ្វីៗគឺអាស្រ័យនឹងធម្មជាតិផងនិងកិច្ចប្រឹងប្រែងរបស់កម្ពុជាយើងផង៕
ចែករំលែកព័តមាននេះ