ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិ​ករ​ផ្លូវដែក​កម្ពុជា​ពីរ​កំណាត់​ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រវែង​សរុប​៦៥០ គីឡូម៉ែត្រ​ភ្ជាប់​ពី​ប៉ោយ​ប៉ែ​ត មក​កាន់​រាជធានី​ភ្នំពេញ ហើយ​បន្ត​ទៅ​ខេត្ត​ព្រះ​សីហ​នុ​អាច​នឹង​មាន​កំណត់​ត្រា​ថ្មី នៅ​ក្នុង​ឆ្នាំ​២០២៥ ជា​ពិសេស គឺ​សេវាកម្ម​ដឹក​ជញ្ជូន​ទំនិញ តែ​សេវាកម្ម​អ្នកដំណើរ​អាច​មាន​កំណើន តែ​នៅ​ក្នុង​ល័ក្ខខ័ណ្ឌ​ពិបាក​សន្និដ្ឋាន ។…

ប្រតិបត្តិ​ករ​ផ្លូវដែក​កម្ពុជា​ពីរ​កំណាត់​ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រវែង​សរុប​៦៥០ គីឡូម៉ែត្រ​ភ្ជាប់​ពី​ប៉ោយ​ប៉ែ​ត មក​កាន់​រាជធានី​ភ្នំពេញ ហើយ​បន្ត​ទៅ​ខេត្ត​ព្រះ​សីហ​នុ​អាច​នឹង​មាន​កំណត់​ត្រា​ថ្មី នៅ​ក្នុង​ឆ្នាំ​២០២៥ ជា​ពិសេស គឺ​សេវាកម្ម​ដឹក​ជញ្ជូន​ទំនិញ តែ​សេវាកម្ម​អ្នកដំណើរ​អាច​មាន​កំណើន តែ​នៅ​ក្នុង​ល័ក្ខខ័ណ្ឌ​ពិបាក​សន្និដ្ឋាន ។

នៅ​ក្នុង​ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​បាន​ស្តីបន្ទោស និង​គំ​រា​.​ម​ដក​អាជ្ញាប័ណ្ណ​សម្បទាន​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់ រេល​វេ រឿង​សេវាកម្ម​ដឹក​ជញ្ជូន​ផ្លូវដែក​នៅ​ចុងឆ្នាំ​២០២៤ ក្រុមហ៊ុន​មានការ​ដុតដៃដុតជើង​ខ្លាំង ។

ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់ រេល​វេ នៅ​ពេល​នេះ បាន​កំពុង​តែ​ដាក់​ឲ្យ​ដំណើរការ​សេវាកម្ម​ដឹក​ជញ្ជូន​អ្នកដំណើរ​រាល់ថ្ងៃ ដោយ​ប្រើប្រាស់​រថភ្លើង​ជជុះ​ដែល​នាំ​ចូល​ពី​ជប៉ុន ក្រោយ​ពេល​ដែល​នាំ​មក​តាំងពី​ខែមេសា ។ ក្រៅពី​នេះ ក៏​បាន​នាំ​ចូល​នូវ​ទូរ​រថភ្លើង​ដឹក​ទំនិញ​ពី​ម៉ា​ឡេ​ស៊ី ហើយ​ថ្មី​ៗ​នេះ គឺ​បាន​នាំ​ចូល​បន្ថែម​ទៀត​ពី​ចិន​កាន់តែ​ច្រើន សូ​ម្បី​តែ​ឆ្នាំ​ក្រោយ​ក៏​បន្ត​នាំ​ចូល​បន្ថែម​ទៀត​ដែរ ។

តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួរ បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​កម្ពុជា តាម​រយៈ​ក្រុមហ៊ុន​សម្បទាន​សេវាកម្ម​ដឹក​ជញ្ជូន​ផ្លូវដែក​នេះ បាន​បញ្ជា​ទិញ​ទូ​ដឹក​ទំនិញ​ថ្មី​ទំនើប​ពី​ចិន​នោះ សរុប​ប្រមាណ​ជា​២២១​ទូ​ឯណោះ ។ មក​ដល់​ពេល​នេះ នៅ​ក្នុង​ចំណោម​ទូរថភ្លើង​ដឹក​ទំនិញ​ទាំងនេះ​បាន​មក​ដល់​កម្ពុជា​បណ្តើរ​ៗ ។

កាលពីដើម​ខែធ្នូ គឺ​បាន​មក​៦០​ទូ រួច​មក​ហើយ​ដល់​ថ្ងៃ​ទី​២៧ ខែ​ដដែល​នេះ​បាន​មក​ដល់ ៣៦ ទូ​បន្ថែម​ទៀត ហើយ​នៅ​រង្វង់​ដើម​ខែមករា ឆ្នាំ​២០២៥​ខាង​មុខ​នេះ អាច​នឹង​មក​ដល់ ៤៤​ទូ​បន្ត ។ ហើយ​ទូ​ដែល​បញ្ជា​ទិញ​នៅ​សល់ គឺ​នឹង​ដឹក​ជញ្ជូន​មក​កាន់​កម្ពុជា​ជា​បន្តបន្ទាប់​។ ផ្អែក​តាម​សន្ទុះ​នេះ​នៅ​លើ​កំណាត់​ផ្លូវ​សរុប​៦៥០ គីឡូម៉ែត្រ គឺ​អាច​នឹង​បម្រើ​សេវាកម្ម​ដឹក​ជញ្ជូន​ទំនិញ​សំខាន់​ជាង​អ្នកដំណើរ ។ ពីព្រោះ​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​បាន​នាំ​ចូល​រថភ្លើង​សម្រាប់​បម្រើ​សេវាកម្ម​ដឹក​ជញ្ជូន​អ្នកដំណើរ​ប្រហែលជា​១១​គ្រឿង​ពី​ជប៉ុន​នេះ​ប៉ុណ្ណោះ ក្រៅពី​នេះ​ដូច​ជា មិន​មាន​ព័ត៌មាន​ថ្មី​ឡើយ ។

ការ​ដែល​ក្រុមហ៊ុន​ហ៊ាន​បញ្ជា​ទិញ​ទូររថភ្លើង​ដឹក​ទំនិញ​ថ្មី​ៗ​នេះ គឺ​ពិតជា​បង្ហាញ​ថា ក្រុមហ៊ុន​បាន​ទទួល​កុងត្រា​ដឹក​ជញ្ជូន​ច្បាស់លាស់ ហើយ​ទើប​ហ៊ាន​ដាក់​ទុន​ដល់​ថ្នាក់​នេះ ។ សម្រាប់​សេវាកម្ម​ដឹក​ជញ្ជូន​អ្នកដំណើរ ថ្វី​ត្បិត​តែ​មាន​ពលរដ្ឋ​គាំទ្រ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ភាគច្រើន គឺ​មិនមែន​ជា​អ្នកដំណើរ​ប្រចាំ​ឡើយ ។ អ្នកដំណើរ​ដែល​កំពុង​តែ​ប្រើប្រាស់​សេវាកម្ម​ធ្វើ​ដំណើរ​តាម​ផ្លូវដែក​ភាគច្រើន គឺ​ទេសចរណ៍ និង​សាកល្បង​នៅឡើយ ហើយ​ប្រតិកម្ម​មក​វិញ គឺ​នៅ​តែ​អវិជ្ជមាន​បន្តិច ជា​ពិសេស គឺ​ល្បឿន និង​តម្លៃ ។

អ្នកដំណើរ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​ឲ្យ​ដឹង​ថា នៅ​លើ​ផ្លូវដែក​ចម្ងាយ​២៦៤​គីឡូម៉ែត្រ​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ គឺ​យូរ​ពោល គឺ​ចេញដំណើរ​នៅ​ម៉ោង​៧ តែ​ម៉ោង​ទៅ​ដល់ គឺ​លើស​ពី​ម៉ោង​១​និង​៣០​នាទី​ទៅ​ទៀត ។ អ្នកដំណើរ​រូប​នោះ​បាន​ឲ្យ​ដឹង​ថា ជាមួយនឹង​រថភ្លើង​ដែល​ថ្មី (​រថភ្លើង​ជជុះ​ពី​ជប៉ុន​) សេវាកម្ម​មិន​អី​ទេ ។ កន្លែង​អង្គុយ​ក៏​មាន​ផា​សុខភាព​ដែរ ។ តែ​ចំណុច​មួយ គឺ​វា​ត្រូវ​អង្គុយ​នៅ​លើ​នោះ​យូរ​ពេក គឺ​៦​ទៅ​៧​ម៉ោង ខណៈ​ដែល​តាម​រថយន្ត គឺ​ត្រឹមតែ​២​ម៉ោង​ទៅ​ដល់ ។ ក្រៅពី​នោះ តម្លៃ​ក៏​នៅ​ខ្ពស់​ដែរ គឺ​មាន ពី​១០​ដុល្លារ​ទៅ​១៥​ដុល្លារ ។

សរុប​មក​វិញ ឆ្នាំ​២០២៥ នឹង​ក្លាយជា​ឆ្នាំ​ថ្មី​មួយ​នៃ​កំណើន​ដឹក​ញ្ជូ​ន​ទំនិញ​តាម​ផ្លូវដែក ប៉ុន្តែ​ការ​ធ្វើ​ដំណើរ​របស់​មនុស្ស​តាម​ផ្លូវដែក​វិញ​នឹង​នៅ​តែ​ពិ​បាល​ទាក់ទាញ​ចិត្ត​មនុស្ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ