ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ពេល​ដែល​ឆ្នាំ​២០២៥ មក​ដល់​ប្រទេស​កម្ពុជា​បាន​ឈរ​នៅ​ដំណាក់កាល​ដ៏​សំខាន់​មួយ ក្នុង​ដំណើរ​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ជាតិ កាន់តែ​បុរស​សកម្ម និង​ពង្រីក​ទ្រឹស្តី​សន្តិភាព​ទៅ​កាន់​តំបន់ និង​ពិភពលោក​ដ៏​ទូលំទូលាយ ។ ប៉ុន្មាន​ឆ្នាំ​មកនេះ កម្ពុជា​បាន​បោះ​ជំហាន​គួរ​ឱ្យ​កត់សម្គាល់ ក្នុង​ការ​ជម្នះ​ឧបសគ្គ​ពី​អតីតកាល​របស់​ខ្លួន​ដោយ​បាន​កសាង​មូលដ្ឋាន​គ្រឹះ​សម្រាប់​អនាគត​ដ៏​ត្រចះត្រចង់…

នៅ​ពេល​ដែល​ឆ្នាំ​២០២៥ មក​ដល់​ប្រទេស​កម្ពុជា​បាន​ឈរ​នៅ​ដំណាក់កាល​ដ៏​សំខាន់​មួយ ក្នុង​ដំណើរ​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ជាតិ កាន់តែ​បុរស​សកម្ម និង​ពង្រីក​ទ្រឹស្តី​សន្តិភាព​ទៅ​កាន់​តំបន់ និង​ពិភពលោក​ដ៏​ទូលំទូលាយ ។

ប៉ុន្មាន​ឆ្នាំ​មកនេះ កម្ពុជា​បាន​បោះ​ជំហាន​គួរ​ឱ្យ​កត់សម្គាល់ ក្នុង​ការ​ជម្នះ​ឧបសគ្គ​ពី​អតីតកាល​របស់​ខ្លួន​ដោយ​បាន​កសាង​មូលដ្ឋាន​គ្រឹះ​សម្រាប់​អនាគត​ដ៏​ត្រចះត្រចង់ និង​វិបុលភាព ។ ឆ្នាំ​ថ្មី​ដែល​ទើប​មក​ដល់ គឺ​កំពុង​ផ្តល់​ឱកាស​ថ្មី ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​សមិទ្ធិ​ផល​ទាំងនេះ ហើយ​ក៏​ជា​ពេល​ដែល​កម្ពុជា​អាច​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត រួម​របស់​ខ្លួន​ចំពោះ​វឌ្ឍនភាព​ប្រកបដោយ​និរន្តរភាព និង​ភាព​សុខដុមរមនា ។

នៅ​ក្នុង​រយៈពេល​ជិត​៣​ទស្សវត្សរ៍​កន្លង​មកនេះ ប្រទេស​កម្ពុជា​បាន​បង្ហាញ​ពី​ភាព​ធន់ និង​មហិច្ឆតា​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ជាតិ​របស់​ខ្លួន​ជា​បន្តបន្ទាប់ ចាប់​តាំង​បី​សង្គ្រាមស៊ីវិល​បញ្ចប់ នៅ​ចុងឆ្នាំ​១៩៩៨ ។ តាម​រយៈ​ការ​វិនិយោគ​ជា​យុទ្ធសាស្ត្រ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ការ​អប់រំ និង​សុខាភិបាល កម្ពុជា​បាន​កែ​លម្អ​គុណភាព​ជីវិត​របស់​ប្រជាពលរដ្ឋ​ជា​លំដាប់ ។ ការ​ដាក់​ឱ្យ​ដំណើរការ​នូវ​គម្រោង​ធំ​ៗ​ដូច​ជា ផ្លូវថ្នល់ ស្ពាន និង​ប្រព័ន្ធ​ធារាសាស្ត្រ បញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​ប្រទេស និង​ពង្រីក​ដំណោះស្រាយ​លើ​តម្រូវការ​ចាំបាច់​នានា​របស់​សហគមន៍​ជា​ជំហាន​ៗ ។

ជាង​នេះ​ទៅ​ទៀត ការ​សង្កត់ធ្ងន់​លើ​កម្មវិធី​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​បាន​កំពុង​តែ​បំពាក់បំប៉ន​យុវជន​ជំនាន់​ក្រោយ​នូវ​ជំនាញ​ចាំបាច់​សម្រាប់​ទីផ្សារ​ការងារ​ប្រកួតប្រជែង ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច​រឹង​មាំ​ជា​ថ្មី​ម្តងទៀត ក្រោយ​ពេល​ដែល​ស្រុត​ចុះ​ដោយសារ​តែ​ការ​រីក​រាល​ដា​នៃ​មេរោគ​កូ​វី​ដ​១៩ និង​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ។

ចំណុច​ស្នូល​នៃ​ការ​អភិវឌ្ឍ​របស់​កម្ពុជា គឺ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ ដើម្បី​សន្តិភាព និង​ស្ថិរភាព​ទាំង​នយោបាយ និង​សេដ្ឋកិច្ច ។ ដោយ​បាន​កើត​ចេញពី​ប្រវត្តិសាស្ត្រ​ដ៏​ច្របូកច្របល់​នៃ​ភូមិសាស្ត្រ​នយោបាយ ដែល​បង្ក​ជា​សង្គ្រាមស៊ីវិល​ប្រមាណ​ជា​៣​ទស្សវត្សរ៍​កម្ពុជា​ទទួលស្គាល់​ថា សន្តិភាព​មិនមែន​គ្រាន់តែ​ជា​អវត្ដមាន​នៃ​ជម្លោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ដំណើរការ​នៃ​សកម្មភាព​ផ្សះផ្សា​ភាព​បែកបាក់​ឆ្ពោះទៅ​រក​ឯកភាព​ជាតិ ។

គំនិត​ផ្តួចផ្តើម ដើម្បី​លើកកម្ពស់​ការ​រួបរួម​ពី​គ្រប់​និន្នាការ​នៃ​សង្គម​បាន​ពង្រឹង​ភាព​ស្អិតរ​មួ​ត​ក្នុង​ប្រទេស ខណៈ​ដែល​ការ​យកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​លើ​ភាព​ជា​ដៃគូ​ក្នុង​តំបន់​កំពុង​តែ​បាន​ពង្រឹង​តួនាទី​របស់​កម្ពុជា នៅ​ក្នុង​អាស៊ាន និង​ឥទ្ធិពល​នៅ​ចរន្ត​អន្តរជាតិ​ស្រប​តាម​គោលនយោបាយ​ពហុភាគី​និយម ។

និរន្តរភាព​សេដ្ឋកិច្ច និង​សង្គម​ក៏​ដើរតួ​យ៉ាង​សំខាន់​ក្នុង​របៀបវារៈ​នៃ​ការ​អភិវឌ្ឍ របស់​កម្ពុជា ។ នៅ​ឆ្នាំ​២០២៥ ដែល​កំពុង​តែ​ចូល​មក​ដល់​នេះ កម្ពុជា​ទំនងជា​បន្ត​ពង្រីក​ឥទ្ធិពល​នៃ​ទ្រឹស្តី​សន្តិភាព និង​ខិតខំ​សម្រាល​បញ្ហា​ប្រឈម​បរិស្ថាន​ដោយ​ផ្តល់​អាទិភាព​ដល់​ថាមពល​ស្អាត កសិកម្ម​និរន្តរភាព និង​ការ​ការពារ​បេតិកភណ្ឌ​ធម្មជាតិ​ដ៏​សម្បូរ​បែប​របស់​ខ្លួន ។

កម្មវិធី​លើកទឹកចិត្ត និង​ជំរុញ​ការ​ទាក់ទាញ​អ្នក​វិនិយោគទុន ទេសចរណ៍ធម្មជាតិ និង​គម្រោង​អភិរក្ស​ដែល​ដឹកនាំ​ដោយ​សហគមន៍​ក៏​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​យល់​ដឹង​កាន់តែ​ច្រើន​ឡើង​អំពី​សារៈសំខាន់​នៃ​តុល្យភាព​កំណើនសេដ្ឋកិច្ច​ជាមួយនឹង​ការ​អភិរក្ស​បរិស្ថាន ។

នៅ​ពេល​យើង​ស្វាគមន៍​ឆ្នាំ​ថ្មី វា​ចាំបាច់​ណាស់ ក្នុង​ការ​ទទួលស្គាល់​តួនាទី​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប​ក្នុង​ការ​កសាង​អនាគត​របស់​ប្រទេស​ជាតិ​រួម​គ្នា ។ រដ្ឋាភិបាល វិស័យ​ឯកជន និង​សង្គម​ស៊ី​វិល ត្រូវ​តែ​បន្ត​ធ្វើការ​រួម​គ្នា ដើម្បី​ធានា​ថា វឌ្ឍនភាព និង​សមធម៌​សម្រាប់​ពលរដ្ឋ​ទាំងអស់​ដោយ​ស្មើភាព ។ ការ​ទទួលខុសត្រូវ​នេះ​ជា​គន្លឹះ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សំខាន់​ៗ​ដូច​ជា ភាព​ក្រីក្រ លទ្ធភាព​ទទួល​បានការ​អប់រំ និង​ភាព​ធន់​នឹង​បម្រែបម្រួល​អាកាសធាតុ ។

ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៥ មិន​ត្រឹមតែ​ព្រឹត្តិការណ៍​នៃ​ការ​ឆ្លង​ឆ្នាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​អំពាវនាវ​ឱ្យ​យើង​ទាំងអស់​គ្នា ធ្វើ​សកម្មភាព​ឲ្យ​កាន់តែ​សកម្ម​បន្ថែម​ទៀត លើ​ការ​លើកកម្ពស់​ជំនាញ ពង្រីក​ជំហរ​សេដ្ឋកិច្ច​គ្រួសារ ពង្រឹង​ការ​អភិ​វ​ឌ្ឈ​សហគមន៍ និង​ធានា​និរន្តរភាព​នៃ​គ្រប់​ច​លករ​នៃ​សង្គម​ទាំងមូល ។

ព្រឹត្តិការណ៍​នេះ ជា​ការ​រំលឹក​ថា ដំណើរ​របស់​ប្រទេស​កម្ពុជា​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ជាតិ និង​សន្តិភាព​កំពុង​បន្ត​ទាមទារ​ការ​តស៊ូ ការ​បង្កើត​ថ្មី និង​ការ​រួបរួម ។ នៅ​ពេល​យើង​កំពុង​តែ​បោះ​ជំហាន​ចូល​ឆ្នាំ​ថ្មី​នេះ​សូម​ឲ្យ​យើង​គោរព​នូវ​សមិទ្ធិ​ផល​ពី​អតីតកាល ហើយ​យើង​ក៏​គួរតែ​បន្ត​ប្រកាន់ខ្ជាប់​នូវ​ចក្ខុវិស័យ​របស់​យើង​ចំពោះ​ប្រទេស​កម្ពុជា ដែល​មាន​សន្តិភាព​វិបុលភាព និង​និរន្តរភាព ។

ក្រោយ​ទទួល​សន្តិភាព​ជាង​២​ទស្សវត្សរ៍​ក្រៅពី​យកចិត្តទុកដាក់​នៅ​ក្នុង​ការពារ​សន្តិភាព និង​សេ្ថ​រ​ភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​សកម្ម​ដែល​នៅ​ក្នុង​ការ​ខិតខំ​ព​ង្រឹ​ក និង​យក​បទ​ពិសោធន៍​នៃ​កិច្ចការ​ស្វែងរ​សន្តិភាព នៅ​ក្នុង​ប្រទេស​ទៅ​សាបព្រោះ​នៅ​សហគមន៍​អន្តរជាតិ ។

កម្ពុជា​បាន​កំពុង​តែ​ប្រែក្លាយ​មេរៀន នៅ​ក្នុងស្រុក​ឲ្យ​ទៅ​ជា​ទ្រឹស្តី​នៃ​ការ​ស្វែងរក​សន្តិភាព​មួយ​សម្រាប់​តំបន់ និង​ពិភពលោក ។ សព្វ​ថ្ងៃនេះ ឲ្យ​តែ​និយាយ​អំពី​ការ​អភិវឌ្ឍ និង​សន្តិភាព គឺ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ចលនា​រស់​រវើក​មួយ នៅ​ក្នុង​តំបន់ និង​ឆាក​អន្តរជាតិ ។

នៅ​ក្នុង​ពេល​ដែល​សង្គ្រាម និង​អំពើ​ហិ​.​ង្សា​នៅ​តែ​ជា​អ​ម្រែ​កមួយ​របស់​ពិភពលោក ដោយសារ​តែ​សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ា​នៅ​អ៊ុយ​ក្រែ​ន មី​យ៉ា​ន់​ម៉ា ហៃ​ទី ស៊ី​រី និង​ប្រទេស​ផ្សេង​ៗ​ទៀត​នៅ​អាហ្វ្រិក កម្ពុជា គឺ​ពិតជា​ចង់​ចែករំលែក​អ្វី​ដែល​ជា​បទ​ពិសោធន៍​របស់​កម្ពុជា ទៅ​ចែករំលែក ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​របស់​កម្ពុជា​ចំពោះ​សន្តិភាព ។

ស​រុម​មក​វិញ សូម​អោយ​ឆ្នាំ​នេះ​នាំ​មក​នូវ​ក្តី​សង្ឃឹម និង​ឱកាស​ជា​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​ជំរុញ​យើង​ឱ្យ​កសាង​អនាគត​ដែល​ឆ្លុះ​បញ្ចាំង​ពី​សក្តានុពល​ពិតប្រាកដ​របស់​ប្រទេស​ជាតិ​ជាទី​ស្រឡាញ់​របស់​យើង​ទាំងអស់​គ្នា ។ សួស្តី​ឆ្នាំ​ថ្មី ២០២៥ ! សូម​ឲ្យ​សេដ្ឋកិច្ច និង​វិបុលភាព​វិល​មក​រក​ប្រក្រតី​ភាព ហើយ​ឧត្តមភាព​ជាតិ​កាន់តែ​លេចធ្លោរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ