រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន៣នាក់ នៅក្នុងផ្ទះជួលមួយកន្លែង ក្រោយពីបានរកឃើញថា មានជាប់ពាក់ព័ន្ធទៅនឹងការរក្សាទុក ព្រមទាំងប្រើប្រាស់គ្រឿងញៀន ។
ការបង្ក្រាប និងឃាត់ខ្លួននោះ ធ្វើឡើងនៅក្នុងពេល ដែលកម្លាំងនគរបាលខាងលើ រួមជាមួយនគរបាលប៉ុស្តិ៍ចោមចៅទី៣ និងលោកមេភូមិព្រៃទា១ ចុះធ្វើរដ្ឋបាល នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ។
នគរបាលបានប្រាប់ឲ្យដឹងថា តំបន់ផ្ទះជួលអាចចាត់ទុកថា ជាតំបន់ស្មុគស្មាញមួយ ដែលមានមនុស្សគ្រប់សមាសភាពចេញចូលទៅស្នាក់នៅ ជាពិសេសសម្បុកលាក់ខ្លួនរបស់ក្រុមក្មេងទំនើង បងតូចបងធំ មុខសញ្ញាចោរកម្ម និងគ្រឿងញៀនជាដើម។ ដើម្បីអនុវត្តគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព កម្លាំងនគរបាលប៉ុស្តិ៍ នីមួយៗ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានយកចិត្តទុកដាក់ផ្ដោតលើបញ្ហានោះយ៉ាងខ្លាំង ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
នគរបាលដដែលបានប្រាប់ឲ្យដឹងបន្តថា នៅវេលាព្រឹកថ្ងៃទី០៨ ខែមករា កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលប៉ុស្តិ៍ចោមចៅទី៣ ដោយមានការចូលរួមពីលោកមេភូមិព្រៃទា១ផង បានចុះធ្វើរដ្ឋបាលនៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣។ ពេលចុះទៅដល់ កម្លាំងបានសុំការអនុញ្ញាតពីម្ចាស់ផ្ទះ ដើម្បីធ្វើការត្រួតពិនិត្យនៅគ្រប់បន្ទប់ ហើយនៅបន្ទប់ជាន់ផ្ទាល់ដីបានរកឃើញបុរស និងស្ត្រី២នាក់ បុរសគួរឲ្យមានការសង្ស័យថា ប្រើប្រាស់គ្រឿងញៀន ។
នគរបាលខាងលើបានបញ្ជាក់ឲ្យដឹងថា បុរសនោះឈ្មោះ សឹង្ហ ឌី អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង ពេលនោះ នគរបាល បានសុំគាត់ ដើម្បីធ្វើតេស្តទឹកនោម រកសារធាតុញៀន។ ស្រាប់តែបុរសនោះ បានសារភាពថា «មិនបាច់ធ្វើតេស្តនោះទេ ខ្ញុំបានប្រើប្រាស់គ្រឿងញៀន» ទើបនគរបាលឃាត់ខ្លួន និងដកហូតម៉ូតូធំ ១គ្រឿង ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ 1HG-5143 ផងដែរ ។
នគរបាលប្រាប់បន្ថែមទៀតថា បន្ទាប់មកកម្លាំងនគរបាល ក៏បានបន្តទៅឆែកឆេរនៅលើជាន់ទី២ ផ្ទះជួលនោះទៀត ហើយពេលឡើងទៅដល់បន្ទប់លេខ៨ បានរកឃើញក្មេងស្រី ២នាក់ កំពុងស្នាក់នៅក្នុងនោះ។ ពួកនាងបានរក្សាទុកថ្នាំញៀន ២កញ្ចប់ រួមនិងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួនផងដែរ ហើយពេលធ្វើតេស្តទឹកនោមជាលទ្ធផល មានសារធាតុញៀន កម្លាំងក៏ឃាត់ខ្លួនតែម្ដង ហើយក្មេងស្រី២នាក់នោះ ទី១.ឈ្មោះ កែវ សុវណ្ណស្រីពេជ្រ អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ និង២.ឈ្មោះ ទឹប ផានិត អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់នោះបានហើយ នគរបាលក៏បាននាំយកទៅកាន់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ